ភ្នំពេញ ៖ បុរសម្នាក់ដោយខ្លាចគេថា មនុស្សអន់ប្រាជ្ញា ពិសេសម៉ែប្រពន្ធស្តីបន្ទោសរឿងលេងបុកប៊ីយែរចាញ់អស់ម៉ូតូមួយគ្រឿង ក៏កុហកក្រុមក្រួសារថា ត្រូវថ្នាំសណ្តំហើយទៅដាក់ពាក្យបណ្តឹង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្នុងខណ្ឌសែនសុខ តែមិនច្បាស់កន្លែងឱ្យប្រាកដ ហើយដើរប្តឹងប៉ូលិស តាំងពីគោកឃ្លាង ខណ្ឌសែនសុខ រហូត មកដល់ប៉ុស្តិ៍ចោមចៅ៣ ចោមចៅ១។
បុរសដែលចាញ់ល្បែងបុកប៊ីយែរអស់ម៉ូតូ ឈ្មោះទួន ភានី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូដែលគេគាបស៊ីយកទៅបាត់ម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1I-3943។
តាមសម្តីបុរសខាងលើ បាននិយាយប្រាប់ប៉ូលិស ២កន្លែងខុសគ្នា ដោយប្រាប់ប៉ូលិសនៅប៉ុស្តិ៍គោកឃ្លាង ខណ្ឌសែនសុខ ថា គាត់ត្រូវថ្នាំសណ្តំរបស់គេលួចយកម៉ូតូទៅបាត់ តែក្រោយពីប៉ូលិសសាកសួរនៅត្រង់ចំណុចណា បុរសខាងលើប្រាប់ថា ចាញ់ល្បិចបុរសម្នាក់ផ្សេងទៀត មកលួងលោមធានារកការងារធ្វើប្រាក់ខែបាន ច្រើនជាងការងាររោងចក្រ លុះឌុបគ្នាចេញពីភូមិទួលពង្រ រហូតដល់ចំណុចមួយខាងជើង ស្តុបណតប្រីដ ក្នុងខណ្ឌសែនសុខ មិនច្បាស់ទីតាំងឱ្យប្រាកដ ក៏នាំគ្នាចូលលេងល្បែងបុកប៊ីយែរ មុនដំបូងឈ្នះបានលុយ៨០ដុល្លារ ក៏លេងបន្តរហូតអស់ម៉ូតូមួយគ្រឿង។ តែដោយសារចំណុចគោលដៅ ដែលជនរងគ្រោះខាងលើទៅនោះ រកកន្លែងច្បាស់ប្រាកដមិនឃើញ ទើបវិលមកប្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ បុរសខាងលើ បានកុហករៀបរាប់ប្រាប់ប៉ូលិសថា មុនកើតហេតុ ជនសង្ស័យមកលួងលោមបញ្ចុះ បញ្ចូលគាត់ សន្យារកការងារល្អៗ ឱ្យធ្វើប្រាក់ខែបានច្រើន លុះត្រូវរ៉ូវគ្នា ជឿទុកចិត្តគ្នាហើយឌុបគ្នាចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ឆ្ពោះទៅផ្លូវមួយខាងជើងស្តុបណតប្រីដ ក្នុងខណ្ឌសែនសុខ ចូលទៅទីតាំងមួយមានតាបប៊ីយែរ ហើយជនសង្ស័យប្រើល្បិចដាក់ថ្នាំយកម៉ូតូទៅបាត់ ទើបគាត់រត់មកដាក់ពាក្យបណ្តឹងឱ្យប៉ូលិសជួយអន្តរាគមន៍។
ប្រភពពីប៉ូលិស បានឱ្យដឹងថា បុរសខាងលើ និយាយរៀរាប់រកឱ្យច្បាស់ប្រាកដមិនឃើញ តែបើស្តាប់ទៅរឿងអង្គហេតុ កើតឡើងមានតែក្នុងសង្កាត់ចោមចៅ១ ឬក្នុងខណ្ឌសែនសុខ ទើបនគរបាលប៉ុស្តិ៍ចោមចៅ៣ ប្រាប់ឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ១វិញ តែតាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ច បុរសរូបនេះទំនងជាចាញ់ល្បិចគេលេងបុកប៊ីយែរអស់ម៉ូតូច្រើនជាង ទើបមកដាក់ពាក្យបណ្តឹងប្រាប់ប៉ូលិសថា ត្រូវថ្នាំសណ្តំ ដើម្បីកុំឱ្យក្រុមគ្រួសារឬប្រពន្ធស្តីបន្ទោស៕