Wednesday, January 15, 2025
Homeសង្គម និងជីវិតភ្លើងស្នេហ៍ភេទដូចគ្នា សម្រេចដឹកដៃគ្នាចូលរោងការ

ភ្លើងស្នេហ៍ភេទដូចគ្នា សម្រេចដឹកដៃគ្នាចូលរោងការ

ខេត្តសៀមរាប ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលយុវជន២នាក់ដែលជាគូស្នេហ៍ភេទដូចគ្នា បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ សាងសុភមង្គលគ្រួសារប្រាថ្នារួមរស់ជាមួយគ្នារហូតតរៀងទៅ ដោយមិនទទួលយកស្នេហាភេទផ្ទុយគ្នា (មនុស្សស្រី) ចូលមកក្នុងប្រអប់បេះដូងរបស់ពួកខ្លួនឡើយ។

គូស្នេហ៍ភេទដូចគ្នាខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគម្នាក់ៗ មានវ័យប្រមាណ២០ឆ្នាំប៉ុណ្ណោះ និងមានរូបរាង មុខមាត់ស្រស់សង្ហា មិនចាញ់តារាភាពយន្តប៉ុន្មានឡើយ។

ត្បិតថាធម្មជាតិបង្កើតមនុស្សលោកមក តម្រូវឱ្យមនុស្សប្រុសជាគូនឹងស្រី បុរសត្រូវមានប្រពន្ធនារី ត្រូវមានប្តីយ៉ាងណាក្តី ប៉ុន្តែច្បាប់ធម្មជាតិនេះ មិនអាចហាមឃាត់ ឬរារាំងដំណើរជីវិតរបស់គូស្នេហ៍ភេទដូចគ្នាខាងលើនេះបានទេ ដោយអ្នកទាំងពីរបានសម្រេចចិត្តដឹកដៃគ្នា ចូលរោងការសាងគ្រួសារ ដោយមានរៀបចំពិធីយ៉ាងអធិកអធមទៀតផង។

យោងតាមគណនីហ្វេសប៊ុកភាគីគូស្នេហ៍ភេទដូចគ្នា ឈ្មោះ SU San កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ បានបង្ហោះរូបថតចំនួន៤សន្លឹក បង្ហាញពីពិធីរៀបការរបស់ពួកគេទាំង២នាក់ (ប្រុសស្រលាញ់ប្រុស) ដោយមានពិធីសំពះផ្ទឹម សែនព្រេន ព្រមទាំងមានការចូលរួមដឹងឮពីចាស់ទុំ និងមិត្តភក្តិមួយចំនួនទៀតផង។ ស្ថិតនៅចំពោះមុខគ្រឿងរណ្តាប់ក្នុងពិធីចងដៃ គេឃើញគូស្នេហ៍ភេទដូចគ្នា ដែលមើលមួយភ្លែត ហាក់ដូចជាកូនភ្លោះ ព្រោះតែមានមុខមាត់ស្រដៀងគ្នា និងស្លៀកពាក់ដូចគ្នាផងនោះ បានបង្ហាញនូវទឹកមុខរីករាយ និងអារម្មណ៍រំភើបយ៉ាងខ្លាំង ខណៈដែលចំណងស្នេហ៍របស់ខ្លួនឈានដល់ការសម្រេចគោលដៅ។

ម្ចាស់គណនីហ្វេសប៊ុក SU San បានបង្ហោះសារយ៉ាងខ្លីភ្ជាប់ជាមួយនោះផងដែរថា “Nothing to say. Help share phong. Love all pic mg…”។ ដែលមានន័យជាភាសាខ្មែរថា “គ្មានអ្វីត្រូវនិយាយ ជួយចែករំលែកផង ស្រលាញ់គ្រប់រូបភាពម៉ង…”។

ក្រោយពីគូស្នេហ៍ប្រុសស្អាតទាំង២ ដឹកដៃគ្នាចូលរោងការដោយបានផុសរូបភាពក្នុងបណ្តញសង្គមហ្វេសប៊ុករួចមក ឃើញមានអ្នកចាប់អារម្មណ៍ និងចែករំលែកតៗគ្នាជាច្រើនពេញក្នុងបណ្តញសង្គមហ្វេសប៊ុក ហើយក្នុងនោះ មានអ្នកលើកឡើងថា ស្នេហាសម័យនេះ មិនប្រកាន់ភេទ ពណ៌សម្បុរ ទ្រព្យសម្បត្តិ អាយុអ្វីនោះទេ សំខាន់ឱ្យតែអ្នកទាំងពីរមានក្តីសុខក្នុងជីវិតគ្រួសារ គឺគ្រប់គ្រាន់ណាស់ទៅហើយ៕

RELATED ARTICLES