ខេត្ដបាត់ដំបង៖ ផ្អើលទាំងកណ្ដាលយប់ ខណៈរថយន្ដក្រុងដឹកអ្នកដំណើរក្រុមហ៊ុន រិទ្ធមុន្នី ប្រភេទ២ជាន់ កំពុងបើកបរសុខៗ ស្រាប់តែមានអគ្គិភ័យឆាបឆេះ ដោយពុំដឹងមូលហេតុ និងបណ្តាលឲ្យស្ត្រីជាអ្នកដំណើរម្នាក់ បានស្លាប់យ៉ាងវេទនា នៅក្នុងភ្នក់ភ្លើងនោះ ។
ហេតុការណ៌ខាងលើនេះបានកើតឡើងនាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចហួស រង្វង់មូលរំសាយសក់ ស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញឡានក្រុងរបស់ក្រុមហ៊ុន រិទ្ធមុន្នី ដែលឆេះខាងលើបានបើកចេញពីក្រុង បាត់ដំបង ឆ្ពោះទៅទីក្រុងភ្នំពេញ ស្រាប់តែកំពុងបើកសុខៗគេបានឃើញផ្សែងហ៊ុយចេញពីរថយន្តក្រុងនោ ហើយបង្កជាអណ្តាលភ្លើងភ្លាមៗឃើញដូចនោះអ្នកបើកបរ ក៏បានឈប់រថយន្តឲ្យអ្នកដំណើរដែលជិះនៅក្នុងនោះនាំគ្នារត់ចុះចេញពីរថយន្តទាំងភ័យស្លន់ស្លោរ ដោយអ្នកខ្លះពុំបានយករបស់របរចេញទាន់ឡើយ ។
ប្រភពពីនគរបាលពន្លត់អគ្គិភ័យ១រូប បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីករណីនេះ ក្រុមពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង បានចេញទៅជួយអន្ដរាគមន៍បាញ់ពន្លត់ផងដែរ តែជួយមិនបាននោះទេធ្វើឲ្យរថយន្តក្រុង នោះនៅតែឆេះទាំងស្រុងដដែល ។
បន្ទាប់ពីឆេះអស់ហើយ អ្វីដែលគួរឲ្យរន្ធត់នោះគឺសមត្ថកិច្ចបានឡើងទៅមើលលើរថយន្តក៏ប្រទះឃើញស្ត្រីជាអ្នកដំណើរម្នាក់ បានឆេះស្លាប់ នៅក្នុងភ្នក់ភ្លើងតែម្ដង ។ ចំណែកមូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យខាងលើនេះ ក៏មិនទាន់ដឹងនៅឡើយ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញចុះមកស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៌ ក្រុងបាត់ដំបង ដើម្បីរងចាំខាងតំណាងក្រុមហ៊ុន ចូលមកដោះស្រាយគ្នានៅពេលក្រោយ ៕
ផានិត