នារីម្នាក់នេះ លួចរួមស្នេហ៍ ជាមួយប្តីគេបានកូនមួយ ទើប បែកធ្លាយដល់ប្រពន្ធដើម មក កម្ចាយកាត់ផ្តាច់ចំណងស្នេហ៍។ ក្រោយមក នាងបានរៀបការ ជាមួយប្រុសចំណាស់យ់កធ្វើប្តី តែនាងនៅតែអាល័យប្តីគេ ដែលសង្សារចាស់ដដែល តែងលួចស្កាត់ ជួបគ្នាបំពក់ភ្លើងស្នេហ៍ឱ្យក្តៅងំ លុះ ប្តីតាដឹងការពិត ក៏ប្រចណ្ឌហួងហែង ធ្វើឱ្យនាងឃ្នើសចិត្តសុំលែងលះ គ្នាទៅយកសង្សារចាស់…។
នាងឡុង ភាព អាយុ៣០ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោម បងប្អូនស្រី៣នាក់ មានម្តាយឈ្មោះគង់ សុន អាយុ៦៤ឆ្នាំ ឪពុកឈ្មោះ ឡុង ងីម អាយុ៧០ឆ្នាំ។ កាលពីក្មេង នាងមិនបានរៀនសូត្រនឹងគេទេ ហើយក្នុងមួយជាតិនេះ នាងធ្លាប់មានប្តី២នាក់រួចមកហើយ។ ពេល ធំពេញក្រមុំអាយុ២០ឆ្នាំ នាងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ឈ្មោះធឿន ដែលមានប្រពន្ធកូនរួចទៅហើយ តែការរួមស្នេហ៍ជាមួយ គ្នាក្នុងនាមនាងជាប្រពន្ធលួចលាក់ ពីភ្នែកច្រមុះរបស់ប្រពន្ធដើម លោកធឿន ប៉ុណ្ណោះ។
នាងបញ្ជាក់ថា ទំនាក់ទំនងស្នេហាឆក់កន្តៀត ជាមួយប្តីគេនេះ ទោះជាសង្គមមិនឱ្យតម្លៃ និងមាន ឈ្មោះជាស្រីមិនល្អ ប៉ុន្តែមានរសជាតិផ្អែមឆ្ងាញ់ ណាស់ ដោយពួកនាងរួមស្នេហ៍លួចលាក់នេះ អស់រយៈពេល៣ឆ្នាំឯណោះ ដោយបង្កើតបាន កូនស្រីម្នាក់ ជាចំណងស្នេហ៍ទៀតផង ទើបប្រពន្ធ ដើមលោកធឿន ដឹងរឿងនិងតាមរករឿងអុកឡុក នាងដល់ផ្ទះ ហាមឃាត់នាងមិនឱ្យទៅដណ្តើមប្តីគេ ទៀត ជាច្រើនលើកច្រើនសា ធ្វើឱ្យផ្ទុះរឿងអាស្រូវ របស់នាង សាយភាយពេញភូមិ ទើបនាងផ្តាច់ ទំនាក់ទំនងស្នេហាជាមួយប្តីគេនេះទៅ។
នាងឡុង ភាព បន្តទៀតថា លុះរំលងបាន២ឆ្នាំ នាងបានជួបស្នេហ៍ជាមួយបុរសពោះម៉ាយវ័យ ចំណាស់ម្នាក់ឈ្មោះស៊ីម អាយុច្រើនជាងនាងឆ្ងាយណាស់ អាចយកធ្វើជាជីតាបាន ប៉ុន្តែតាស៊ីម ស្រលាញ់នាងស្ម័គ្រស្មោះណាស់ បានពឹងអ្នកស្រុក ឱ្យមកចូលចែចូវស្តីដណ្តឹងនាងដល់មេបា រៀបការ យ៉ាងអ៊ឹកអធឹក តាមប្រពៃណីមានខាន់ស្លាត្រឹមត្រូវ រួមរស់ជាមួយគ្នាបង្កើតបានកូនស្រីមួយ ជាចំណងអាពាហ៍ពិពាហ៍។ តាមពិតទៅ នាងប្រថុយ យកតាស៊ីម ធ្វើប្តីសង្ឃឹមថាជីវិតរស់នៅមានសេចក្តីសុខសុភមង្គល និងមានលុយចាយពេញៗដៃ ព្រោះនាងឃើញនារីដែលយកប្តីចាស់ សុទ្ធតែមាន សំណាង។ តែសម្រាប់នាងវិញយកប្រុសចាស់ធ្វើ ប្តីនឹងគេដែរ មិនដែលរស់នៅទទួលបានភាពកក់ក្តៅពីប្តីឡើយ ផ្ទុយទៅវិញត្រូវប្តីហួងហែងបំបិទសិទ្ធិសេរីភាពមិនឱ្យដើរហើរឡើយ ដោយប្តីកើតភ្លើងប្រចណ្ឌនាងជាមួយលោកធឿន (ប្តីដើម) របស់នាងនោះឯង រករឿងបង្កជម្លោះ ជាមួយប្រពន្ធឥតឈប់ឈរ។ ដោយគ្មានសង្ឃឹមប្តីតានេះ អាចផ្លាស់ប្តូរព្យាបាលរោគប្រចណ្ឌនេះបាន នាងក៏សុំលែងលះ គ្នាតែម្តងទៅ។
លោកតារីច ស៊ីម អាយុ៧៥ឆ្នាំ ជាប្តីទី២ របស់នាងឡុង ភាព បានឱ្យដឹងថា ក្នុងមួយជាតិនេះ គាត់មានប្រពន្ធទៅដល់៤នាក់ ឯណោះ ដោយប្រពន្ធទី១ ឈ្មោះសិត សៀង រៀបការតាំងពីនៅកំលោះក្រមុំដូចគ្នា ប៉ុន្តែគួរឱ្យស្តាយ តាំងពីចាប់ដៃ សាងស្នេហ៍ជាមួយគ្នា អស់រយៈពេលជិត២០ឆ្នាំ និងបង្កើតបាន កូន៦នាក់ (ប្រុស៣ ស្រី៣) ប្រពន្ធធ្លាក់ខ្លួនឈឺធ្ងន់ ក៏បានចែកឋានពី លោកនេះគ្មានថ្ងៃវិលត្រឡប់។ លុះមួយរយៈក្រោយ គាត់បានជួបស្នេហ៍ជាមួយប្រពន្ធទី២ ឈ្មោះវឿន ជាស្រីមេម៉ាយ កូន២ រួមរស់ជាមួយគ្នាបាន១ឆ្នាំ មិនទាន់មានកូន១គ្រាប់ភ្ជាប់និស្ស័យ ផង ក៏បែកបាក់គ្នាទៅ។ ចំណែកប្រពន្ធទី៣ ឈ្មោះអ៊ុយ ជាស្រីមេម៉ាយកូន ២ និងរួមរស់ជាមួយគ្នាក៏គ្មានកូនដែរ។
បុរសវ័យចំណាស់រូបនេះ បញ្ជាក់ថា ក្រោយពីក្លាយខ្លួនជាបុរសពោះម៉ាយ៣ភ្លើង គាត់បានបង្កាត់ភ្លើងស្នេហ៍ជាមួយ
នាងឡុង ភាព ជាស្រីមេម៉ាយកូន១ ដោយបានពឹងពាក់ញាតិជិតខាងឱ្យ ចូលស្តីដណ្តឹងតាមប្រពៃណី រៀបការយកធ្វើជា ប្រពន្ធពេញច្បាប់ ក្រាបក្បាលដល់កន្ទេល ក្នុងនាម ជាគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែរួមរស់ជាមួយគ្នាប្រពន្ធ មិនមានចិត្តស្មោះស្ម័គ្រជាមួយប្តីសោះ តែងលួចទៅ បំពក់ភ្លើងស្នេហ៍ជាមួយប្តីទី១ (លោកធឿន) របស់នាង ដដែលជាច្រើនលើកច្រើនសា ទោះជាគាត់មិនឃើញ ពួកគេនៅលើគ្រែជាមួយគ្នាផ្ទាល់ភ្នែកមែន ប៉ុន្តែមិន អាចលាក់បាំងពីភ្នែកញាតិជិតខាងបានឡើយ។ ហើយ អ្នកស្រុកតែងយករឿងរ៉ាវផិតក្បត់របស់ប្រពន្ធមក ខ្សឹបប្រាប់គាត់ជាបន្តបន្ទាប់ ទើបគាត់ប្រចណ្ឌហួង ហែង មិនចង់ឱ្យនាងប្រព្រឹត្តខុសសីលធម៌សង្គម ជាមួយប្រុសឈ្មោលតទៅទៀត ប៉ុន្តែនាងមិនយល់ ពីអារម្មណ៍របស់ប្តីទេ ថែមទាំងចែកផ្លូវគ្នាដើរទៀត ដូច្នេះគាត់ក៏គ្មានអ្វីត្រូវស្តាយស្រណោះប្រពន្ធមានចិត្ត មិនស្មោះ ជាមួយប្តីទៀតដែរ។
លោកតាកុយ នឹម អាយុ៧៤ឆ្នាំ និងលោកអ៊ុំ ណន អាយុ៤៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា នាងឡុង ភាព ដ្បិតតែកំពុងរួមរស់ជាមួយតាស៊ីម ពិតមែន ប៉ុន្តែបេះដូងរបស់នាង ហាក់បីដូចជានៅ ជាមួយប្តីដើម ឯណោះ។ លុះអ្នកស្រុកឃើញពី សកម្មភាពរបស់នាងមិនសមរម្យ ក៏យករឿងនេះ មកប្រាប់ប្តី ទើបតាស៊ីម ប្រចណ្ឌហួងហែងប្រពន្ធក្មេង ធ្វើឱ្យនាងអាក់អន់ស្រពន់ចិត្ត ក៏សុំលែងលះជាមួយ ប្តីចាស់នេះទៅ។
គួរបញ្ជាក់ថា នារី ដែលយកប្រុសចាស់ធ្វើប្តី មួយចំនួនធំ គឺសម្លឹងឃើញតែទ្រព្យសម្បត្តិប៉ុណ្ណោះ សំខាន់ឱ្យតែប្តីចាស់អាចផ្តល់សេចក្តីសុខឱ្យនាងរស់នៅ លើគំនរទ្រព្យបាន នាងច្បាស់ជាស្រលាញ់បម្រើប្តីមិនឱ្យទាស់ចិត្តឡើយ ប៉ុន្តែបើប្តីចាស់ស្បែកជ្រួញដើរញើរញ័រ គ្មានប្រាក់ផ្តល់ឱ្យនាងស៊ីចាយគ្រប់គ្រាន់ទេ ព្រមទាំងគ្មានលទ្ធភាពផ្តល់ក្តីសុខក្នុងផ្លូវកាមគុណ ឱ្យនាងគ្រប់គ្រាន់ទេ គឺមិនអាចធ្វើឱ្យ ចំណងស្នេហ៍ខុសវ័យមួយនេះ ជាប់បានយូរឡើយ ព្រោះនារីសម័យនេះត្រូវការលុយ ឡាន វីឡាស្កឹមស្កៃ តែក៏មិនអាចខ្វះបាននូវចំណីកាមគុណបានដែរ…”៕