ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងបន្តនិរទេស ខ្លួននៅក្រៅប្រទេស បានបញ្ជាក់ថា ក្នុងឋានៈ លោកជាបិតាស្ថាបនិកនៃអតីតគណបក្សសង្គ្រោះជាតិ ដាច់ខាតត្រូវតែបង្កើតចលនាសង្គ្រោះជាតិ ដើម្បីយកឈ្នះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ថា “អ្នកខ្លះអះអាងថា លោកកឹម សុខា នៅពេលនេះ មានសេរីភាពពេញលេញ ក្នុងការសម្តែងមតិ និងការធ្វើសេចក្តីសម្រេច។ ចំពោះខ្ញុំវិញ ខ្ញុំមានទស្សនៈប្រាកដនិយមជាងនេះ ដោយសារតែការវាយតម្លៃរបស់ខ្ញុំ ចំពោះស្ថានការណ៍បច្ចុប្បន្ន មិនល្អដូចយើងចង់បាននោះទេ។
ក្នុងឋានៈខ្ញុំជាបិតាស្ថាបនិកគណបក្សសង្គ្រោះជាតិ ខ្ញុំត្រូវតែការពារគណបក្សនេះ មិនឱ្យស្លាប់បន្តិចម្តងៗ ដោយសារតែថ្នាក់ដឹកនាំ បច្ចុប្បន្នជាប់គាំង មិនអាចធ្វើអីបាន ពីព្រោះ បិតាស្ថាបនិកមួយរូបទៀត គឺលោកប្រធាន កឹម សុខា ត្រូវបានលោកហ៊ុន សែន ចាប់យកទៅ ឃុំឃាំងឱ្យធ្វើជាចំណាប់ខ្មាំងរបស់គាត់។
ដូច្នេះយើងដាច់ខាតត្រូវតែបង្កើតចលនា សង្គ្រោះជាតិ ដើម្បីឱ្យគណបក្សសង្គ្រោះជាតិ មានសន្ទុះឡើងវិញ ហើយយើងត្រូវត្រួសត្រាយ ផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ដណ្តើមយកជ័យជម្នះផ្តាច់ព្រ័ត្រលើអំណាចផ្តាច់ការក្នុងគោលបំណងសង្គ្រោះជាតិយើង”។
គួរបញ្ជាក់ថា លោកសម រង្ស៊ី អតីតប្រធាន គណបក្សសង្គ្រោះជាតិ បានអះអាងខាងលើនេះ បន្ទាប់ពីមុននេះ លោកបានលើកឡើងថា លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្ស សង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារពីបទ ក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” ដែល ប្រកាសមិនគាំទ្រ និងមិនចូលរួមជាមួយចលនា សង្គ្រោះជាតិ ដោយសារបារម្ភខ្លាចពីសុវត្ថិភាព ហើយភ្លាមៗនោះ កូនស្រីលោកកឹម សុខា បាន ប្រតិកម្មច្រានចោលភ្លាមៗថា ឪពុករបស់នាង (លោកកឹម សុខា) មានស្មារតីរឹងមាំ និងឧត្តមគតិដែលពុំមាននរណាម្នាក់អាចឃុំបានឡើយ ហើយឪពុកនាងពុំដែលសម្រេចចិត្តអ្វីមួយដែល ផ្ទុយពីឆន្ទៈលោក ដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ បើឪពុកនាងចេះក្បត់ឆន្ទៈខ្លួនឯង ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួននោះ លោក មិនមែននៅតស៊ូក្នុងស្រុកទាំងដែលដឹងថា គេ មានបំណងចាប់ខ្លួនរូបលោកនោះទេ។
ជាមួយគ្នានេះ កូនស្រីលោកកឹម សុខា បានសំណូមពរឱ្យសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ គោរពនូវសិទ្ធិបុគ្គល (លោកកឹម សុខា) ក្នុងការសម្រេចចិត្តបញ្ចោញយោបល់គាំទ្រ ឬមិនគាំទ្រចលនាសង្គ្រោះជាតិ ដែលបង្កើត ដោយលោកសម រង្ស៊ី និងធ្វើសកម្មភាពសង្គម និងនយោបាយ តាមសុច្ឆន្ទៈរៀងៗខ្លួន ដោយ ពុំមានការចោទប្រកាន់ លាបពណ៌ ឬបៀតបៀន គ្នា ជាពិសេសពេលមានទុក្ខលំបាក។
កញ្ញាកឹម សម្មាធីតា កូនស្រីទីពីររបស់ លោកកឹម សុខា បានបញ្ជាក់តាមគណនីហ្វេសប៊ុករបស់នាង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ថា “ក្នុងនាមក្រុមគ្រួសាររបស់លោកកឹម សុខា នាងខ្ញុំសូមបញ្ជាក់ថា រាល់ការសម្រេចចិត្តរបស់ ឪពុកនាងខ្ញុំ គឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយ ពីឆន្ទៈលោក ដោយហេតុថា ខ្លាចពីសុវត្ថិភាព ឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារ សុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុក ទាំងដែលដឹងថា គេមានបំណងចាប់ខ្លួនរូបលោក ដែរ។
នាងខ្ញុំសូមសំណូមពរ ឱ្យបញ្ឈប់នូវការ បរិហារកេរ្តិ៍មកលើឪពុកនាងខ្ញុំដោយការប្រើពាក្យថា ការសម្រេចចិត្តរបស់លោក គឺដោយសារលោកខ្លាចពីសុវត្ថិភាពរបស់ខ្លួន។ នាងខ្ញុំចាត់ ទុកថា ពាក្យទាំងនេះបានប្រើមកដោយពុំមាន ចេតនាអាក្រក់អ្វីឡើយ គឺជាកំហុសអចេតនា។
ទោះយ៉ាងណាក៏ដោយ នាងខ្ញុំសូមបញ្ជាក់ ជាសាធារណៈក្នុងពេលនេះ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំបន្តទៀត។ ឪពុករបស់ នាងខ្ញុំមានស្មារតីរឹងមាំ និងឧត្តមគតិដែលពុំ មាននរណាម្នាក់អាចឃុំបានឡើយ”។
កញ្ញាកឹម សម្មាធីតា បានបន្តថា “ជាចុង ក្រោយនេះ ក្នុងស្មារតីសាមគ្គីភាព នាងខ្ញុំសូម សំណូមពរឱ្យសមាជិកគណបក្សសង្គ្រោះជាតិ គោរពនូវសិទ្ធិបុគ្គលក្នុងការសម្រេចចិត្តចូលរួម បញ្ចោញយោបល់ គាំទ្រ ឬមិនគាំទ្រអ្វីមួយ និង ធ្វើសកម្មភាពសង្គម និងនយោបាយតាមសុច្ឆន្ទៈ រៀងៗខ្លួនដោយពុំមានការចោទប្រកាន់ ឬលាប ពណ៌គ្នា។ សាមគ្គីភាព ពុំមែនមានន័យថា យើង ត្រូវគិតដូចគ្នានោះទេ តែមានន័យថា យើងមិន បៀតបៀនគ្នា ជាពិសេសពេលមានទុក្ខលំបាក។ សូមឱ្យសកម្មភាព និងលទ្ធផលការងាររបស់ យើងជាកត្តាទាក់ទាញការគាំទ្រ មិនមែនធ្វើ ឡើងដោយការដាក់សម្ពាធគ្នា”។
ជាមួយគ្នានេះដែរ លោកមុត ចន្ថា អតីត នាយកខុទ្ទកាល័យ និងជាអតីតជំនួយការលោក កឹម សុខា ក៏បានបញ្ជាក់ថា លោកកឹម សុខា សម្រេចចិត្តដោយស្មារតីរឹងប៉ឹង មោះមុត មិន តក់ស្លុត មិនខ្លាច មិនភ័យពីសុវត្ថិភាពអ្វីឡើយ គឺលោកប្រកាសមិនចូលរួម និងមិនគាំទ្រចលនា ថ្មី (ចលនាសង្គ្រោះជាតិ) ដែលបង្កើតដោយ លោកសម រង្ស៊ី នេះទេ ដោយលោកបន្តនៅ ជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ជាង៣លាន ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។
លោកមុត ចន្ថា បានសរសេរក្នុងគណនី ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ថា “ឯកឧត្តម កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិ សម្រេចចិត្តដោយកាយ សម្បទាពេញលេញ ស្មារតីរឹងប៉ឹង មោះមុត មិនតក់ស្លុត មិនខ្លាច មិនភ័យពីសុវត្ថិភាព ៖
-មិនចូលរួមជាមួយចលនាបង្កើតថ្មី និង មិនគាំទ្រចលនាថ្មីនេះ
-បន្តនៅជាមួយឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ជាង០៣លាន ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។
សូមកុំធ្វើសេចក្តីសន្និដ្ឋានអ្វីផ្ទុយពីឆន្ទៈ របស់លោក!”។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ លោកកឹម សុខា អតីតប្រធាននៃអតីត គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” បានប្រកាសពីជំហររបស់ លោកថា លោកមិនគាំទ្រ និងមិនចូលរួមជាមួយ ចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយ លោកសម រង្ស៊ី និងអតីតថ្នាក់ដឹកនាំនៃអតីត គណបក្សសង្គ្រោះជាតិមួយចំនួនតូចនោះទេ។ បន្ទាប់ពីលោកកឹម សុខា បានបញ្ជាក់ជំហរបែបនេះ លោកសម រង្ស៊ី បានលើកឡើងថា លោក កឹម សុខា ប្រកាសមិនគាំទ្រចលនាសង្គ្រោះជាតិ ដោយសារបារម្ភខ្លាចពីសុវត្ថិភាពនោះ ព្រោះបើ លោកកឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជានឹងរងការធ្វើបាបរឹតតែខ្លាំងថែម ទៀត។ ជាមួយគ្នានេះ លោកសម រង្ស៊ី ក៏បាន អំពាវនាវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សំខាន់ៗ ធ្វើដូចលោកកឹម សុខា គឺកុំប្រកាស ពីការគាំទ្រចលនាសង្គ្រោះជាតិ ដើម្បីធានា សុវត្ថិភាព ហើយក៏ធានាប្រសិទ្ធភាពការងារ របស់ចលនាសង្គ្រោះជាតិ ដែលត្រូវរៀបចំបណ្តាញ សម្ងាត់របស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ដោយ ប្រុងប្រយ័ត្ន ហើយលាក់ការណ៍មិនចាំបាច់បញ្ចោញ មុខ និងឈ្មោះជាសាធារណៈ រហូតការតស៊ូនៅ ជួរមុខបានជោគជ័យ។
លោកសម រង្ស៊ី បានបញ្ជាក់តាមទំព័រ ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ថា “ជំហរពិតប្រាកដរបស់លោក កឹម សុខា ចំពោះចលនាសង្គ្រោះជាតិ។ ដោយសារតែលោកប្រធាន កឹម សុខា ស្ថិតក្នុងកណ្តាប់ ដៃលោកហ៊ុន សែន លោកកឹម សុខា មិនអាច ប្រកាសថា លោកគាំទ្រចលនាសង្គ្រោះជាតិ បានទេ ពីព្រោះចលនានេះ មានគោលដៅបើក ផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការ បោះឆ្នោត ឆ្នាំ២០១៨នេះ ហើយដណ្តើមយក ជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា ដឹកនាំ ដោយលោក ហ៊ុន សែន។ បើលោកកឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជា លោកហ៊ុន សែន នឹងធ្វើបាបលោកកឹម សុខា រឹតតែខ្លាំងថែមទៀត។ ខ្ញុំ សម រង្ស៊ី ក៏បានអំពាវនាវ សូមកុំឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សំខាន់ៗ ប្រកាសការគាំទ្ររបស់ខ្លួនចំពោះចលនា សង្គ្រោះជាតិ ដើម្បីធានាសុវត្ថិភាព ថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ទាំងនោះ ហើយក៏ធានា ប្រសិទ្ធភាពការងាររបស់ចលនាសង្គ្រោះជាតិ ដែលត្រូវរៀបចំបណ្តាញរបស់ខ្លួននៅទូទាំង ប្រទេសកម្ពុជា ដោយមិនចាំបាច់បញ្ចោញមុខ និងបញ្ចោញឈ្មោះជាសាធារណៈ។ ក្នុងប្រវត្តិសាស្ត្រ ចលនាតស៊ូទាំងអស់ក្នុងពិភពលោក គេតែងតែប្រុងប្រយ័ត្ន ហើយលាក់ការណ៍បែប នេះ ដើម្បីធានាទាំងសុវត្ថិភាព ទាំងប្រសិទ្ធភាព ការងាររបស់អ្នកតស៊ូនៅជួរមុខ”។
ដោយឡែក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ ក្នុងកិច្ចប្រជុំមួយជាមួយអតីតថ្នាក់ដឹកនាំ និងសកម្មជន អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានរបស់លោក ក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង លោកសម រង្ស៊ី បានធ្វើការ ពន្យល់អំពីភាពខុសគ្នារវាងគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ដោយលោកបានបញ្ជាក់ នៅពេលនោះថា “ចង់បញ្ជាក់ថា ចលនាវាខុសពី គណបក្សយ៉ាងម៉េច? ចលនាហ្នឹង គឺទូលំទូលាយ ណាស់ ចលនាហ្នឹងអត់មានស្អីមកចងក្រងឱ្យត្រូវ ធ្វើនេះ ត្រូវធ្វើនោះ ក្នុងក្របខ័ណ្ឌអីណាមួយដែល យើងថាចង្អៀតក៏បាន អ៊ីចឹងយើងអត់ចងខ្លួន យើងទេ គណបក្សមានលក្ខន្តិកៈអី ចុះអី សមាជិកអីហ្នឹង ត្រូវមានវិន័យច្បាស់លាស់តាមបញ្ជា ពីលើណែនាំអី អាហ្នឹងគណបក្ស អ៊ីចឹងបាន គណបក្ស អ្នកចូលរួមត្រូវបំពេញលក្ខខណ្ឌមួយចំនួន អ្នកក្រៅដែលសព្វដង គេមិនចូលជាគណបក្ស គេមិនអាចចូលបានទេ ដូចជាសង្គមស៊ីវិល អង្គការការពារសិទ្ធិមនុស្ស អង្គការការពារដីធ្លី អង្គការការពារបរិស្ថាន អ្នកសារព័ត៌មាន សូម្បី តែព្រះសង្ឃ គឺរឿងកិច្ចការ សាសនាអី គឺរឿង ជាតិ វាធំជាងកិច្ចការគណបក្ស។ ចលនាហ្នឹង គឺបំណងធំ ហើយរួម ទាល់តែធំបានរួមបានច្រើន អ៊ីចឹងក្នុងចលនាសង្គ្រោះជាតិ នេះ ច្បាស់ហើយ មានអ្នកមកពីគណបក្សសង្គ្រោះជាតិ ប៉ុន្តែមាន អ្នកក្រៅច្រើន ដូចខ្ញុំនិយាយមិញ កាលខ្ញុំទៅ អាមេរិក ចាប់ផ្តើមជួបខ្លះហើយអ្នកសារព័ត៌មាន ពួកអង្គការក្រៅរដ្ឋាភិបាល រឿងគេធ្វើសង្គម រឿងព័ត៌មាន រឿងសង្គមកិច្ចអីផ្សេងៗ គេពីមុន គេអត់ចូលក្នុងគណបក្សណាទាំងអស់ ទោះទឹកចិត្តគេយ៉ាងម៉េច គេគាំទ្រដោយស្ងាត់ស្ងៀម ប៉ុន្តែដល់បង្កើតជាចលនា គេចូលជាចលនា ព្រោះវាទូលំទូលាយមិនមែនឃោសនាឱ្យគណបក្សនេះទេ បើឃោសនាឱ្យគណបក្សនេះ វា សម្រាប់តែគណបក្សហ្នឹង ប៉ុន្តែចលនា បំណងគេ គោលដៅគេធំណាស់ ដូចខ្ញុំនិយាយមិញ ចលនា សង្គ្រោះជាតិនេះ គឺចង់ឱ្យមានការបោះឆ្នោត ត្រឹមត្រូវ បោះឆ្នោតពិតប្រាកដ តាមបែបបទ ប្រជាធិបតេយ្យ។ យើងដឹងហើយក្នុងចិត្តយើង បើបោះឆ្នោតត្រឹមត្រូវ គឺគណបក្សសង្គ្រោះជាតិ នឹងឈ្នះហើយ តែដល់យើងនិយាយថា សុំតែ ឱ្យមានការបោះឆ្នោត ត្រឹមត្រូវ ដល់បោះឆ្នោត ត្រឹមត្រូវ អាហ្នឹងយើង បើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលគណបក្សសង្គ្រោះជាតិឈ្នះ ដល់យើងគ្រាន់តែទាមទារថា ឱ្យមានការបោះឆ្នោតត្រឹមត្រូវ ឱ្យដោះលែងអ្នកទោស ខ្ញុំមានថា ដោះលែងលោកកឹម សុខា ណាច្បាស់ហើយ លោកកឹម សុខា ត្រូវដោះលែងមុនគេ ប៉ុន្តែ អ្នកទោសនយោបាយ អ្នកទោសមនសិការ ទេព វន្នី អី យុវជនបរិស្ថានអី យើងឱ្យដោះលែង ទាំងអស់ ជាសិទ្ធិសេរីភាព លើកតម្កើងការពារ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទាំងមូល។ ដូច្នេះ អ្នកដែលពីមុន គេអត់ចូលគណបក្សសង្គ្រោះជាតិទេ ប៉ុន្តែឥឡូវដល់ចលនា បំណងវាទូលំទូលាយ គឺខ្មែរណាក៏គាំទ្របានដែរ គាំទ្រឱ្យមាន ការបោះឆ្នោតឱ្យដោះលែងអ្នកទោសនយោបាយ ឱ្យមានសិទ្ធិសេរីភាពពេញលេញ សម្រាប់ប្រជាពលរដ្ឋទូទៅ ហើយគណបក្សណាមានប្រជាប្រិយភាពប្រជាពលរដ្ឋស្រលាញ់គណបក្សណា គឺគណបក្សហ្នឹង មានសិទ្ធិដឹកនាំប្រទេស គណបក្សណាក៏ដោយ ដែលគេមកចូលរួមៗជាគោលការណ៍ធំៗ អ៊ីចឹង វាទូលាយ បានចលនាត្រូវមាន សមាសភាពច្រើនហើយទូលាយជាងគណបក្ស”។
លោកសម រង្ស៊ី បានថ្លែងបន្តថា “ប៉ុន្តែឥឡូវ សួរថា យើងដែលមកពីគណបក្សសង្គ្រោះជាតិ តើយើងត្រូវធ្វើចលនាដោយឡែកពីគណបក្ស ឬយ៉ាងម៉េច? អត់ទេ ចលនាទទួលសមាជិក គណបក្សសង្គ្រោះជាតិ ប៉ុន្តែទទួលអ្នកមិនមែន សង្គ្រោះជាតិ ដូចខ្ញុំនិយាយមិញ ទូលំទូលាយ ជាង តែអ្នកដែលចេញមកពីគណបក្សសង្គ្រោះជាតិ នៅតែក្នុងជួរគណបក្សសង្គ្រោះជាតិ ដដែល ខ្ញុំជាសមាជិកគណបក្សសង្គ្រោះជាតិ ហើយខ្ញុំ ប្រកាសថា ខ្ញុំលាលែងហ្នឹង ដើម្បីកុំឱ្យគេរំលាយ គណបក្សសង្គ្រោះជាតិ តែដល់គេរំលាយហើយ ចូលមកវិញហើយ ច្បាស់ហើយ អ៊ីចឹងខ្ញុំជាសមាជិកគណបក្សសង្គ្រោះជាតិ ខ្ញុំនៅតែជាសមាជិក គណបក្សសង្គ្រោះជាតិ ទោះខ្ញុំទៅធ្វើអ្វីជាមួយ ចលនា ក៏ខ្ញុំនៅតែជាមួយគណបក្សសង្គ្រោះជាតិ ពីព្រោះវាអត់មានអីផ្ទុយគ្នា គណបក្សសង្គ្រោះជាតិ ចង់ឈ្នះ ចង់ដឹកនាំប្រទេសខ្លួនឯង ចលនា គ្រាន់ចង់បើកផ្លូវ បើកផ្លូវឱ្យគណបក្សទាំងអស់ គ្រាន់តែក្នុងចិត្តខ្ញុំជាសមាជិកគណបក្សសង្គ្រោះ- ជាតិ ខ្ញុំបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ព្រោះ អីខ្ញុំដឹងថា បើកផ្លូវឱ្យមានការបោះឆ្នោតត្រឹមត្រូវ ពិតប្រាកដពេលណា គណបក្សសង្គ្រោះជាតិ នឹង ឈ្នះ ពេលនោះ អ៊ីចឹងខ្ញុំជាសមាជិកគណបក្ស សង្គ្រោះជាតិ ខ្ញុំចង់ឱ្យសង្គ្រោះជាតិ ឈ្នះហើយ ដល់បើកផ្លូវ ហើយចូលរួមក្នុងការបោះឆ្នោត ហើយ ខ្ញុំចេញមុខឃោសនាឱ្យគណបក្សសង្គ្រោះជាតិ ពេលនោះអស់មានចលនាហើយ មិនបាច់ ទេ ព្រោះចលនាបានបំពេញការងាររបស់ខ្លួន ចប់សព្វគ្រប់អស់ហើយតើ? បើកផ្លូវចូលរួមក្នុង ការបោះឆ្នោតអាហ្នឹង រឿងគណបក្សសង្គ្រោះជាតិ ចេញមុខផ្ទាល់ឡើងវិញ គណបក្សសង្គ្រោះជាតិឈ្នះ គណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេស ទៅ។ ប៉ុន្តែឥឡូវវាមិនទាន់ដល់ហ្នឹង អ៊ីចឹងគណបក្សសង្គ្រោះជាតិ តាមខ្ញុំយល់ មិនអាចធ្វើការ តាមអ្វីដែលយើងមានសព្វថ្ងៃតែប៉ុណ្ណឹងទេ ទៅ មិនរួចទេ ត្រូវមានចលនាជួយអូស យើងវាគាំង ត្រូវមានអីថ្មីជួយអូស បើកិផ្លូវឱ្យ។ អ៊ីចឹងខ្ញុំនៅ តែសង្គ្រោះជាតិ អ៊ីចឹងខ្ញុំមកក្បែរហ្នឹង ជាចលនា ដើម្បីបើកផ្លូវ ហើយតែបើកផ្លូវហើយ សង្គ្រោះ ជាតិទៅមុខទៀត ហើយអ៊ីចឹងបានមួកខ្ញុំ ខ្ញុំមាន មួកមួយគណបក្សសង្គ្រោះជាតិ ខ្ញុំនៅតែពាក់ មួកគណបក្សសង្គ្រោះជាតិហ្នឹង ទោះជាខ្ញុំធ្វើអី មិនបានក្រោមមួកគណបក្សសង្គ្រោះជាតិ ប៉ុន្តែ ក្រោមមួកមួយទៀត ចលនាហ្នឹងខ្ញុំធ្វើអីបាន ច្រើនណាស់ ហើយធ្វើហ្នឹង ដើម្បីមកជួយគណបក្សសង្គ្រោះជាតិ ទេ ដល់គណបក្សសង្គ្រោះ- ជាតិ ចូលរួមក្នុងការបោះឆ្នោត ពេលដែលយើង ឃោសនា ឆ្ពោះទៅដឹកនាំប្រទេស ខ្ញុំដោះមួក ចលនាចេញ ហើយខ្ញុំនៅសល់តែមួកគណបក្ស សង្គ្រោះជាតិ មួយគត់ អ៊ីចឹងយើងនៅតែជាគណបក្ស ប៉ុន្តែដោយសារគណបក្សអត់អាចធ្វើការងារមួយចំនួន អត់បាន យើងត្រូវតែធ្វើការងារ ក្នុងចលនា ហើយឈ្មោះដូចគ្នាហ្នឹង មិនមែន ចៃដន្យទេ គ្រួសារតែមួយ បានឈ្មោះដូចគ្នា ប៉ុន្តែ ជួនណាយើងត្រូវចេះបំបែកខ្លួន យើងទុកឋានៈ យើងជាសមាជិក ទុកមួយអន្លើទៅ កុំប៉ះពាល់ ដូចថា គណបក្ស គេធ្វើអី ក្នុងនាមគណបក្ស អត់មានជំទាស់ទេ ផ្ទុយទៅវិញ បើចង់ជួយអី បាន ជួយទៅ ក្នុងនាមគណបក្ស។ បើខ្ញុំយល់ឃើញ ថា ក្នុងក្របខ័ណ្ឌចលនាធ្វើអីបានច្រើនជាង ហើយមានប្រសិទ្ធភាពជាង យើងមានស្លាក គណបក្ស យើងនៅរក្សាស្លាកគណបក្ស ប៉ុន្តែ យើងចេញទៅធ្វើការងារដែលគណបក្សមិន អាចធ្វើបាន យើងចេញមុខក្នុងនាមចលនា ធ្វើការ ជាក់ស្តែង។ អ៊ីចឹងអ្នកដែលនៅក្នុងជួរគណបក្ស កុំទៅណា នៅហ្នឹងហើយ ហើយបើអាចទៅធ្វើការងារក្នុងជួរចលនា ធ្វើការងារបន្ថែម ប៉ុន្តែ ក្នុងពីរហ្នឹងទន្ទឹមគ្នា ហើយក្នុងចិត្តពីរហ្នឹងតែមួយ ទេ ហើយចលនានេះ អត់មានអ្នកណារំលាយ បានទេ ចលនា និងគណបក្ស ខុសគ្នា គណបក្ស ទាល់តែសុំច្បាប់ ទាល់តែចុះឈ្មោះ គេអាចដក សិទ្ធិពីយើង គេអាចលុបឈ្មោះយើង ប៉ុន្តែ ចលនា អត់ទេ ចលនាគឺអត់មានអ្នកណាប៉ះពាល់ បាន យើងអត់មានអីទៅចុះឈ្មោះ ទៅសុំច្បាប់ ណា គឺចាប់ផ្តើមពីទឹកចិត្តយើង ហើយបំណង យើង យើងមានទឹកចិត្តដូចគ្នា ជាខ្មែរស្រលាញ់ ជាតិ ចង់រំដោះប្រទេសជាតិយើងពីក្រញាំហ៊ុន សែន បំផ្លាញជាតិ បម្រើយួន ហើយយើងធ្វើអី ក៏ដោយ នៅទីណាក៏ដោយ យើងមានទឹកចិត្ត បែបហ្នឹង គោលដៅបែបហ្នឹង យើងចាត់ទុកខ្លួន យើងទៅ មិនចាំបាច់ខ្ញុំប្រកាសទេ យើងចាត់ទុកខ្លួនយើង យើងជាចលនាសង្គ្រោះជាតិ…”។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោកបណ្ឌិតឈឹម ផលវរុណ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៨ ថា ការប្រកាសរបស់លោក សម រង្ស៊ី មិនមានអីគួរឱ្យចាប់អារម្មណ៍ទេ ឬគ្មាន ចំណុចវិជ្ជមានណាមួយដែលថា អាចយកឈ្នះ គណបក្សប្រជាជនកម្ពុជា និងយកឈ្នះសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាននោះឡើយ។ ពោលគឺរឿងមហិច្ឆតាដែលលោកសម រង្ស៊ី ប៉ុនប៉ងយកឈ្នះគណបក្សប្រជាជនកម្ពុជា និងសម្តេច ហ៊ុន សែន មានតាំងពីយូរមកហើយ ឯការពិត នៅពេលដែលលោកសម រង្ស៊ី ប្រកួតប្រជែង នៅពេលបោះឆ្នោតម្តងៗ លោកសម រង្ស៊ី មិន ដែលឈ្នះម្តងណាផង ហើយឥឡូវនេះ រហូតដល់ លោកសម រង្ស៊ី ក្លាយទៅជាទណ្ឌិត បាត់បង់ សិទ្ធិនយោបាយ ហើយគណបក្សរបស់គាត់ត្រូវ បានរំលាយចោល តើមានឱកាសឯណាទៅឈ្នះ ទៀត?
លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “រឿងការបង្កើតចលនាសង្គ្រោះជាតិ ឬក៏ និន្នាការក្រុមគណបក្សនយោបាយរបៀបអ្វី វា ជារឿងរបស់លោកសម រង្ស៊ី យើងមិនចាប់អារម្មណ៍ទេ ពីព្រោះចរិតរបស់គាត់នៅតែជា ចរិតរបស់អាយ៉ងបរទេសដដែលទេ។ ឧទាហរណ៍ គណបក្សសង្គ្រោះជាតិ រលាយ ដោយសារតែអាយ៉ងបរទេស ហើយឥឡូវគាត់ចង់ បង្កើតចលនាសង្គ្រោះជាតិ ជំនួសគណបក្ស សង្គ្រោះជាតិ ក៏នៅតែជាចរិតអាយ៉ងបរទេស ដដែលហ្នឹង! ដូច្នេះវាសំខាន់ យើងចង់ដឹងអំពី គំនិតរបស់ចៅហ្វាយនាយរបស់លោកសម រង្ស៊ី ដែលជាបរទេសទៅវិញទេ ឯរឿងលោកសម រង្ស៊ី ដែលជាអាយ៉ងបរទេស វាលែងជាសំខាន់ របស់កម្ពុជាហើយ ពីព្រោះកម្ពុជា កំពុងធ្វើដំណើរ ប្រជាធិបតេយ្យរបស់ខ្លួន ដោយឯករាជ្យ អធិបតេយ្យ។ ដូច្នេះ យើងមិនចាប់អារម្មណ៍ទៅលើ ពួកអាយ៉ងទេ ផ្ទុយទៅវិញ យើងផ្តោតសំខាន់ គឺការពារមិនឱ្យបរទេសមកលូកលាន់កិច្ចការ ផ្ទៃក្នុងកម្ពុជា។ គណបក្សសង្គ្រោះជាតិ ងាប់បាត់ ទៅហើយ អាចខ្មោចគណបក្សសង្គ្រោះជាតិ ទៅប្រកួតប្រជែងបោះឆ្នោតនៅពិភពខ្មោច អារុក្ខអារក្សអ្នកតាណា យើងមិនដឹងទេ ប៉ុន្តែ នៅក្នុងពិភពនៃសង្គមមនុស្សនៅឯកម្ពុជា គឺពុំ អាចទទួលចុះបញ្ជីខ្មោចគណបក្សទេ យើងចុះ បញ្ជីតែគណបក្សណាដែលមានជីវិតពិតប្រាកដ ហើយត្រឹមត្រូវស្របច្បាប់”។
លោកឈឹម ផលវរុណ បន្តថា “សម្រាប់ អ្វីដែលលោកសម រង្ស៊ី ក៏ដូចជាពួកឧទ្ទាមក្រៅ ច្បាប់ដែលកំពុងស្រែកពីក្រៅប្រទេសនេះ វា គ្រាន់តែជាការស្រែកឱ្យមកក្នុងកម្ពុជាទេ ប៉ុន្តែ សម្រែករបស់ពួកគាត់ វាគ្មានសក្តានុពល និង មានឥទ្ធិពលទេ ពីព្រោះគាត់ធ្លាប់ស្រែកនៅលើ ទឹកដីកម្ពុជា ស្រែកស្របច្បាប់ ប្រកួតប្រជែង ស្របច្បាប់ គាត់អត់ទទួលជោគជ័យផង ចុះ ទម្រាំគាត់ស្រែកក្រៅច្បាប់ ហើយក្រៅប្រទេស ទៀត ដូច្នេះវាគ្មានបានប្រយោជន៍អីទេ”៕
កុលបុត្រ