Wednesday, January 15, 2025
Homeព័ត៌មានជាតិតូចចិត្តប្រពន្ធរត់ចោល អារកដៃសម្លាប់ខ្លួន

តូចចិត្តប្រពន្ធរត់ចោល អារកដៃសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ បានកើតមានជំលោះពាក្យសម្តីជាមួយប្រពន្ធយ៉ាងខ្លាំង រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏វេចបង្វេចចុះចោល ចេញទៅរស់នៅខេត្តសៀមរាបបាត់ លុះតាមអង្វរប្រពន្ធឱ្យវិលត្រឡប់មករួមរស់ជុំគ្នាវិញ ប្រពន្ធមិនព្រម ស្រាប់តែឈឺចិត្តស្អិតទ្រូង ធ្វើសកម្មភាពវាយបំបែកកញ្ចក់បង្អួច រួចយកបំណែកកញ្ចក់មកអារកដៃរបស់ខ្លួន បំណងសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១០៩ ចំណុចផ្ទះជួលគ្មានលេខ ជាន់ទី៣ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

បុរសដែលអារដៃខ្លួនឯងប៉ងធ្វើអត្តឃាតនេះ មានឈ្មោះពិសិដ្ឋ ហៅយ៉ា អាយុ២២ឆ្នាំ មុខរបរបុគ្គលិកនៅណាហ្គាវើល ស្នាក់នៅ ផ្ទះជួលកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍មនោរម្យ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានសេចក្តីរាយការណ៍ពីបងប្អូនរបស់ជនរងគ្រោះថា ជនរងគ្រោះឈ្មោះពិសិដ្ឋ ស្នាក់នៅផ្ទះជាន់ទី៣ ម្តុំផ្សារឌុយមិច តូចចិត្តឈ្លោះគ្នាជាមួយប្រពន្ធកំពុងតែអារដៃបម្រុងសម្លាប់ខ្លួន លុះពេលសមត្ថកិច្ច ឡើងទៅដល់បើកទ្វារបន្ទប់ចូលទៅក៏ប្រទះឃើញឥវ៉ាន់ និងខោអាវរាយប៉ាយពេញក្នុងផ្ទះ ចំណែកជនរងគ្រោះកំពុងដេកសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម និងមានឈាមប្រឡាក់ពេញផ្ទះ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មូលហេតុដែលធ្វើឱ្យរូបគេដាច់ចិត្តវាយបំបែកកញ្ចក់បង្អួចយកមកអារកដៃខ្លួនឯង បំណងសម្លាប់ខ្លួននេះ គឺដោយសារតែតូចចិត្តនឹងរឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយប្រពន្ធរត់ចោលបាត់។

បុរសរងគ្រោះ បានបន្តថា នៅមុនពេលកើតហេតុ រូបគេបានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រពន្ធយ៉ាងខ្លាំង លុះក្រោយមកប្រពន្ធរបស់គេមួម៉ៅក្តៅចិត្តពេក ក៏វេចបង្វេចចុះចោលផ្ទះ ចេញទៅរស់ខេត្តសៀមរាបបាត់ទៅហើយ លុះពេលរូបគេព្យាយាមចង់សម្របសម្រួល តាមអង្វរកឱ្យប្រពន្ធវិលត្រឡប់មករួមរស់ជុំគ្នាវិញ បែរជាប្រពន្ធប្រកែកមិនព្រមត្រឡប់មកវិញសោះ ទើបធ្វើឱ្យរូបគេអស់សង្ឃឹមក្នុងជីវិត ក៏ប៉ងសម្លាប់ខ្លួនដោយអារកដៃខ្លួនឯងបែបនេះតែម្តង។

ចំណែកម្តាយរបស់ជនរងគ្រោះដែលរស់នៅខេត្តព្រះសីហនុ ពេលដែលឃើញកូនខ្លួនឯងផុសរូបតាមប្រព័ន្ធហ្វេសប៊ុក ក៏បានទូរស័ព្ទមក ប្រាប់សាច់ញាតិដែលរស់នៅភ្នំពេញឱ្យជួយទៅមើលភ្លាមៗ ហើយពេលសាច់ញាតិទៅដល់ឃើញសភាពដែលជនរងគ្រោះប៉ងសម្លាប់ខ្លួន ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទូរស័ព្ទទៅហៅរថយន្តសង្គ្រោះ ដើម្បីដឹកយកជនរងគ្រោះទៅព្យាបាលរបួស ប៉ុន្តែជនរងគ្រោះ មិនព្រមទៅពេទ្យព្យាបាលទេ រួចក៏បានបិទទ្វារចាក់សោរ ចូលដេកបាត់ទៅ រង់ចាំម្តាយធ្វើដំណើរត្រឡប់មកពីខេត្តព្រះសីហនុសិន ទើបព្រមទៅ ព្យាបាល៕

RELATED ARTICLES