Wednesday, January 15, 2025
Homeសង្គម និងជីវិតប្តីរត់ចោល ប្រពន្ធឈឺពោះសម្រាល ដើរចូលពេទ្យស្រែកហៅឆ្មបជួយ

ប្តីរត់ចោល ប្រពន្ធឈឺពោះសម្រាល ដើរចូលពេទ្យស្រែកហៅឆ្មបជួយ

ខេត្តព្រះសីហនុ ៖ ស្ត្រីអភ័ព្វម្នាក់កំពុងពពោះកូនក្នុងផ្ទៃ៤ខែ ស្រាប់តែត្រូវប្តីហេងស៊យចុះចោលបាត់ដោយគ្មានស្តាយស្រណោះអ្វីសោះ ទុកឱ្យស្ត្រីអភ័ព្វទ្រាំរស់នៅពពោះទាំងត្រដាបត្រដួស លុះគ្រប់ខែឈឺពោះអត់លុយជិះម៉ូតូឌុបទៅសម្រាល ក៏ប្រឹងដើរដោយថ្មើរជើងចូលមន្ទីរពេទ្យ ស្រែកហៅគ្រូពេទ្យ និងឆ្មបឱ្យជួយសម្រាលកូនឱ្យខ្លួនផង។

ហេតុការណ៍ស្ត្រីឈឺពោះសម្រាលដើរដោយថ្មើរជើងមកមន្ទីរពេទ្យ និងចូលស្រែកហៅពេទ្យឆ្មបឱ្យជួយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅមន្ទីរពេទ្យបង្អែក ចំការចេក។

ស្ត្រីអភ័ព្វខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំ សព្វថ្ងៃស្នាក់នៅម្តុំស្ថានីយរថភ្លើងខេត្តព្រះសីហនុ។

លោកសេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើដែលស្ថិតក្នុងសភាពស្លេកស្លាំងដោយសារខ្វះអាហារបំប៉ន ព្រមទាំងកំពុងឈឺពោះសម្រាលកូនផងនោះ បានធ្វើដំណើរដោយថ្មើរជើងពីកន្លែងស្នាក់នៅរបស់ខ្លួននៅម្តុំស្ថានីយរថភ្លើង ចូលមកកាន់មន្ទីរពេទ្យបង្អែកខេត្តតែម្នាក់ឯង ដោយគ្មានក្រុមគ្រួសារ ឬសាច់ញាតិសូម្បីតែម្នាក់ លុះពេលចូលមកដល់ក្នុងមន្ទីរពេទ្យ ស្ត្រីរូបនោះក៏បានស្រែកហៅសុំការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ និងឆ្មបជំនាញ ដោយនាងបានប្រាប់ថា នាងកំពុងឈឺពោះសម្រាលកូន។

លោកប្រធានមន្ទីរពេទ្យបានបន្ថែមថា លុះក្រោយពីសាកសួរ ទើបដឹងថា ស្ត្រីអភ័ព្វរូបនេះគ្មានសាច់ញាតិគ្រួសារទេ និងត្រូវប្តីរត់ចោល តាំងពីនាងទើបនឹងមានផ្ទៃពោះ៤ខែម៉្លេះ ហើយបច្ចុប្បន្ននាងរស់នៅក្នុងជីវភាពក្រីក្រ គ្មានប្រាក់ជាប់ខ្លួននោះទេ ហើយកុំថាឡើយប្រាក់សម្រាប់ សម្រាលកូន សូម្បីតែប្រាក់សម្រាប់ជិះម៉ូតូឌុបមកសម្រាលក៏មិនមានផង។

លោកប្រធានមន្ទីរពេទ្យ បានបញ្ជាក់ថា ក្រោយមកក្រុមគ្រូពេទ្យជំនាញបានប្រញាប់ជួយសង្គ្រោះ និងសម្រាលកូនឱ្យស្ត្រីអភ័ព្វខាងលើ ប្រកបដោយជោកជ័យ ដោយស្ត្រីរូបនេះ សម្រាលបានកូនស្រីម្នាក់ មានទម្ងន់២គីឡូក្រាម។ ជាមួយនេះ លោកក៏បានអំពាវនាវដល់សប្បុរសជននានា ជួយជួយឧបត្ថម្ភដល់ស្ត្រីជាម្តាយ និងកូនស្រីទើបសម្រាលនេះផងដែរ ព្រោះស្ថានភាពរបស់នាងពេលនេះពិតជាខ្វះខាត និងតែលតោលខ្លាំងណាស់ ស្នាក់នៅក្នុងមន្ទីរពេទ្យតែ២នាក់កូនតូចទើបនឹងសម្រាល ដោយគ្មានសាច់ញាតិណាម្នាក់កំដរសោះ៕

RELATED ARTICLES