ខេត្តតាកែវ ៖ បុរសម្នាក់ជួបជុំមិត្តភក្តិផឹកស៊ីអស់សាច់ក្លែម ក៏ដើរទៅសុំសត្វទារបស់ឪពុក១ក្បាលយកមកកាប់ក្លែមស្រាបន្ត លុះសុំមិនបាន ក៏ផ្ទុះកំហឹងស្ទុះទៅដាល់ឪពុក១ដៃបណ្តាលឱ្យហើមប៉ោងភ្នែក រួចទាញចម្ពាមកៅស៊ូបាញ់បន្ថែម២គ្រាប់ទៀត តែសំណាងល្អមិនត្រូវ ជាហេតុធ្វើឱ្យបុរសរងគ្រោះជាឪពុកទ្រាំមិនបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចាប់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។
ករណីកូនប្រុសប្រមឹក ខឹងសុំទាឪកាប់ក្លែមស្រាមិនបាន ផ្ទុះកំហឹងដាល់ឪហើមភ្នែកនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះបុរសរងគ្រោះជាឪពុកស្ថិតក្នុងភូមិត្រពាំងក្តី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។
កូនប្រុសរមិលគុណដែលដាល់ឪពុកប៉ោងភ្នែក មានឈ្មោះអ៊ូច អូក អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះអ៊ូច អេន អាយុ៦៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។
តាមសម្តីបុរសរងគ្រោះជាឪពុក បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ គឺជាមនុស្សមានចរិតកោងកាច មិនសូវស្តាប់ដំបូន្មាន ឪពុកម្តាយ ឬចាស់ទុំប៉ុន្មានទេ និងជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយឱ្យតែស្រវឹងស្រាម្តងៗ ឧស្សាហ៍រករឿងក្រុមគ្រួសារខ្លាំងណាស់។
បុរសរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កូនប្រុសកំណាចរបស់គាត់ម្នាក់នេះ បានវាតវង់ផឹកស៊ីជាមួយមិត្តភក្តិតាំងពីព្រលឹម រហូតដល់ថ្ងៃរសៀល ក្រោយពីស្រវឹងជោកជាំអស់សាច់ក្លែម ក៏បានដើរមកសុំទាគាត់១ក្បាល ដើម្បីយកទៅកាប់ ធ្វើគ្រឿងក្លែមផឹកស៊ីបន្តទៀត ប៉ុន្តែគាត់បានប្រាប់ទៅកូនប្រុសនេះវិញថា ទានេះសម្រាប់ទុកលក់មិនអាចកាប់ក្លែមស្រាបានទេ។ គ្រាន់តែគាត់ និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែកូនប្រុសអកតញ្ញូរូបនេះ បានស្ទុះមកដាល់គាត់១ដៃចំភ្នែក បណ្តាលឱ្យប៉ោងភ្នែកតែម្តង។
បុរសរងគ្រោះ បានឱ្យដឹងទៀតថា បន្ទាប់ពីដាល់គាត់ប៉ោងភ្នែកហើយ កូនប្រុសនេះនៅមិនទាន់រំសាយកំហឹងអស់នៅឡើយ ដោយបានទាញចម្ពាមកៅស៊ូ បាញ់គាត់ចំនួន២គ្រាប់ទៀត តែសំណាងល្អមិនចំ ហើយភ្លាមនោះ គាត់ក៏បានរត់គេចចេញ ព្រោះខ្លាចកូនប្រុសនេះដេញវាយ សម្លាប់។ បន្ទាប់មក ដោយសារតែគាត់ជាឪពុកទ្រាំនឹងទង្វើឃោរឃៅរបស់កូនប្រុសនេះលែងបាន ទើបសម្រេចទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ក្រោយទទួលបានពាក្យបណ្តឹងពីបុរសរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាកូនអកតញូ បានកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ និងបាននាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានឆ្លើយសារភាពថា រូបគេពិតជាបានដាល់ឪពុកប៉ោងភ្នែកមែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងឪពុកចិត្តអាក្រក់ គ្រាន់តែកូនសុំកាប់ទា១ក្បាលក្លែមស្រាក៏មិនបាន ទើបធ្វើឱ្យរូបគេផ្ទុះកំហឹងស្ទុះទៅដាល់ឪតែម្តង។
ជនដៃដល់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធិី៕