ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ដោយសារតែជីវភាពគ្រួសារទីទ័លក្រផង ណាមួយម្តាយជំពាក់បំណុលគេផង ទើបឡើងមករកការងារធ្វើនៅភ្នំពេញ និងត្រូវបានម្ចាស់ហាងកាហ្វេចិត្តធម៌ម្នាក់ ទទួលឱ្យចូលធ្វើការ ព្រមទាំងឱ្យខ្ចីប្រាក់ចំនួន១០០០ដុល្លារ យកទៅឱ្យម្តាយសងបំណុលគេនៅឯស្រុកកំណើតទៀតផង ដោយធ្វើការបើកប្រាក់ខែកាត់បំណុលបណ្តើរៗ លុះធ្វើការជិត២ឆ្នាំ សងបំណុលមិនទាន់អស់ផង នឹករលឹកឪពុកម្តាយចង់វិលទៅរស់នៅជុំគ្នាផង ស្រាប់តែបែកគំនិតគិតខ្លីចងកសម្លាប់ខ្លួន ដោយបន្សល់ទុកលិខិតបណ្តាំមួយសន្លឹក រៀបរាប់ពីទុក្ខលំបាករឿងជំពាក់បំណុលគេ។
ហេតុការណ៍ក្មេងស្រីតូចចិត្តរឿងជំពាក់បំណុលគេច្រើនពេក អត់លុយសងបែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលក់កាហ្វេ លេខ៩៥៤ តាមផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ក្មេងស្រីគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះឆន ស្រីរត្ន័ អាយុ១៥ឆ្នាំ មុខរបររត់តុនៅហាងកាហ្វេ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
តាមសម្តីស្ត្រីជាម្ចាស់ហាងកាហ្វេកើតហេតុខាងលើ និងជាថៅកែរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ រួមនឹងក្មេងៗប៉ុន្មាននាក់ទៀត ដែលធ្វើការនៅក្នុងហាងកាហ្វេជាមួយគ្នា បានធ្វើការលក់ដូរជាធម្មតា។
លុះដល់ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្រាប់តែទូរស័ព្ទរបស់ក្មេងស្រីរងគ្រោះមានអ្នកខលចូល បន្ទាប់មកក្មេងស្រីរងគ្រោះក៏បានយកទូរស័ព្ទ រត់ឡើងទៅនិយាយនៅខាងលើផ្ទះជាន់ទីមួយបាត់ទៅ។ រហូតដល់វេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃដដែល ដោយបាត់ក្មេងស្រីរងគ្រោះយូរ ពេក មិនឃើញចុះមកវិញ ទើបគាត់ជាម្ចាស់ហាង បានឡើងតាមទៅមើល ថាហេតុអ្វីបានជាក្មេងស្រីរងគ្រោះនិយាយទូរស័ព្ទយូរម៉្លេះ ស្រាប់តែពេលបើកទ្វារចូលទៅក្នុងបន្ទប់ដែលក្មេងស្រីរងគ្រោះស្នាក់នៅ ក៏ប្រទះឃើញក្មេងស្រីរងគ្រោះរូបនោះ បានយកកន្សែងពោះគោចងកជាប់នឹង ចម្រឹងបង្អួចសម្លាប់ខ្លួនបាត់ទៅហើយ ហើយភ្លាមៗនោះ គាត់ក៏បានស្រែកឆោឡោឡើង ផ្អើលដល់បុគ្គលិកក្នុងហាងឡើងមកជួយស្រាយចំណង និងប្រញាប់ប្រញាល់ដឹកក្មេងស្រីរងគ្រោះតាមរ៉ឺម៉កម៉ូតូ យកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រកុសុមៈ តែជាអកុសលខណៈពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ក្មេងស្រីរងគ្រោះបានដាច់ខ្យលស្លាប់បាត់ទៅហើយ។
ស្ត្រីជាម្ចាស់ហាងកាហ្វេខាងលើ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះដែលចងកសម្លាប់ខ្លួននេះ បានមកធ្វើការជាអ្នករត់តុ និងស្នាក់នៅក្នុងហាងកាហ្វេរបស់គាត់អស់រយៈជិត២ឆ្នាំមកហើយ។ នៅក្នុងអំឡុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ នាងបានខ្ចីលុយពីគាត់ចំនួន១០០០ដុល្លារ ដើម្បីយកទៅឱ្យម្តាយសងបំណុលគេនៅឯស្រុកកំណើត ហើយរហូតមកដល់បច្ចុប្បន្នក្មេងស្រីរងគ្រោះ បើកប្រាក់ខែកាត់កងសងគាត់ខ្លះបានចំនួន ៨៥ម៉ឺនរៀលទៅហើយ ពោលគឺនៅសល់តែ៣លាន១៥ម៉ឺនរៀលទៀតប៉ុណ្ណោះ។ កន្លងមកក្មេងស្រីរងគ្រោះមិនដែលពិបាកចិត្ត ឬមានរឿងអ្វីជាមួយអ្នកណានោះទេ គ្រាន់តែកន្លងមកនាងធ្លាប់បានសុំគាត់ជាម្ចាស់ហាងទៅនៅផ្ទះវិញ ដោយប្រាប់ថា ចាំនាងឱ្យម្តាយខ្ចីលុយអង្គការយកមកសងគាត់វិញ ប៉ុន្តែគាត់បានប្រាប់ទៅក្មេងស្រីរងគ្រោះវិញថា ស្នាក់នៅនឹងសិនហើយ ទៅខ្ចីលុយគេនាំតែគេគិតការប្រាក់លំបាកលើសដើមនោះទេ។
តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះខាងលើ បានរៀបប្រាប់ថា ដោយសារតែជីវភាពក្រីក្រ ទើបគាត់បានជាប់ជំពាក់បំណុលគេនៅក្នុងភូមិជាច្រើន ក្រោយមកគាត់ក៏បានឱ្យកូនស្រីទៅរស់នៅ និងធ្វើការជាមួយគេនៅឯផ្ទះកើតហេតុខាងលើ។ បន្ទាប់មកគាត់ ក៏បានឱ្យកូនស្រីខ្ចីលុយពីម្ចាស់ហាងចំនួន១០០០ដុល្លារ ដើម្បីយកទៅសងគេ ចំណែកម្ចាស់ហាងចិត្តធម៌ ក៏ព្រមឱ្យខ្ចីដែរ និងមិនគិតការប្រាក់អ្វីឡើយ ដោយឱ្យបើកប្រាក់ខែកាត់កងសងគាត់ខ្លះប៉ុណ្ណោះ ហើយមកដល់ពេលនេះ កូនស្រីសងប្រាក់ទៅថៅកែរបស់នាងបានជិត១លានរៀលទៅហើយ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បន្តថា កន្លងមកកូនស្រីរបស់គាត់តែងតែប្រាប់គាត់ថា នាងចង់ទៅនៅផ្ទះវិញ ហើយគាត់អាណិតកូន ក៏បានទៅខ្ចីលុយគេ បំណងយកទៅសងម្ចាស់ហាងខាងលើ ដើម្បីទទួលយកកូនស្រីត្រលប់មកផ្ទះវិញនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ លុះដល់ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្រាប់តែកូនស្រីរបស់គាត់បានទូរស័ព្ទមកជួបគាត់ ហើយបាននិយាយគ្នាលេងសើចសប្បាយរីករាយជាធម្មតា ដោយកូនស្រីបានសួរគាត់ថា “ម៉ែកាលមកយកខ្ញុំ?” ទើបគាត់បានឆ្លើយថា “ម៉ែខ្ចីលុយគេបានហើយ ស្អែកថ្ងៃទី២៦ មករា ម៉ែនឹងទៅយកឯង ហើយ” បន្ទាប់មកក៏ស្ងាត់មិនឮសំឡេងកូនស្រីនិយាយទៀតសោះ ទើបគាត់បានបិទទូរស័ព្ទទៅ។ ស្រាប់តែមិនបានប៉ុន្មានផង ក៏ថៅកែហាងកាហ្វេ ដែលកូនស្រីរបស់គាត់ធ្វើការជាមួយ បានទូរស័ព្ទមកប្រាប់គាត់ថា កូនស្រីរបស់គាត់បានចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើកន្សែងពោះគេ ចងកភ្ជាប់នឹងចម្រឹងដែកបង្អួច។ ជាមួយនេះ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញលិខិតបណ្តាំមួយ ដែលក្មេងស្រីរងគ្រោះ បានបន្សល់ទុក និងបានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ពីរឿងជំពាក់បំណុលរបស់គេ និងចង់វិលទៅរស់នៅជួបជុំឪពុកម្តាយរបស់ខ្លួនវិញ។
លិខិតបណ្តាំរបស់ក្មេងស្រីរងគ្រោះ បានសរសេររៀបរាប់ថា “ម៉ែពុក តើម៉ែពុកនឹកកូនទេ កូននឹកម៉ែពុកនិងបង ក្មួយខ្ញុំម៉េចដែរ? តើវា លែងឈឺនៅ? ខ្ញុំនឹកក្មួយខ្លាំងណាស់ តើថ្ងៃណាខ្ញុំសងលុយគេរួចទៅ ខ្ញុំពិបាកចិត្តណាស់ សូមត្រឹមតែបានជួបជុំគ្រួសារតែប៉ុណ្ណោះ សុំប៉ុណ្ណឹងបានអត់ បើមិនបានទេ ខ្ញុំលែងនៅទីនេះ។ នៅទីនេះកំពុងតែមានមនុស្សខូចចិត្តមនុស្សធ្លាប់តែរីករាយ មនុស្សចូលចិត្តភាពក្អាកក្អាយ ឥឡូវប្រែក្លាយ យប់ចប់នៅមានម៉ែពុក កូននឹកម៉ែពុកខ្លាំងណាស់ តើពុកម៉ែមានដឹងទេ ថាកូនពុកម៉ែខ្លាំងណាស់…”។
សាសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕