Sunday, December 22, 2024
Homeព័ត៌មានជាតិកូនក្រមុំរត់ឡើងផ្ទះសង្សារ ខ្មោចមេបាកាច់ម្តាយ

កូនក្រមុំរត់ឡើងផ្ទះសង្សារ ខ្មោចមេបាកាច់ម្តាយ

ជំនឿអរូបីទៅលើព្រលឹងខ្មោចបេបា ប្រកានខឹងតាមធ្វើបាប សាច់ញាតិ ក្នុងករណីកូនក្រមុំដើរយកប្តីគ្មានខាន់ស្លា នៅតែដឹក មុខនៅក្នុងសង្គមខ្មែរ ស្រុកស្រែចម្ការ។ ជាក់ស្តែង នារីម្នាក់នេះ កាលធំពេញវ័យក្រមុំបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុស តាមរយៈ ច្រឡំលេខទូរស័ព្ទ រួចឱបបង្វេចរត់ឡើងផ្ទះសង្សារ រួមរស់ជាប្តីប្រពន្ធ ឥតខាន់ស្លា ធ្វើឱ្យព្រលឹងខ្មោចមេបាប្រកាន់ខឹងកាច់ម្តាយនាង បណ្តាល ឱ្យឈឺស្លាប់យ៉ាងទាន់ហន់…។

នាងឃួន ទៀង អាយុ២១ឆ្នាំ រស់នៅភូមិ ដំណាក់អម្ពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បាន រៀបរាប់ឱ្យដឹងថា នាងជាកូនទី៣ ក្នុងចំណោមបង ប្អូន៥នាក់ (ប្រុស៣ ស្រី២) ដែលឪពុកម្តាយស្លាប់ ចោលអស់ និងមានស្រុកកំណើតនៅភូមិដងតាឯក ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាលពីក្មេង នាងរៀនសូត្របានត្រឹមថ្នាក់ទី៣ ក៏ឈប់ទៅ ព្រោះតែក្រុមគ្រួសារមានជីវភាពក្រីក្រពេក នៅផ្ទះជួយធ្វើការងារស្រែចម្ការឪពុកម្តាយ។ លុះចូលដល់វ័យជំទង់ នាងធ្វើចំណាកស្រុកទៅប្រទេសថៃ ធ្វើការរកប្រាក់នៅទីនោះ អស់រយៈពេល៣ឆ្នាំ ទើបត្រឡប់មក ស្រុកវិញ ខណៈដែលនាងពេញក្រមុំល្មម។

លោកអុន ខុង

នាងបន្តថា មានថ្ងៃមួយ នាងធ្វើដំណើរមក លេងទីក្រុងភ្នំពេញ ជាមួយបងប្អូន ហើយបានទូរស័ព្ទ ទៅប្រាប់ម្តាយថា នាងមកដល់គោលដៅហើយ មានសុវត្តិភាពតាមផ្លូវទេ តែចៃដន្យអី បានច្រឡំលេខ ចូលទូរស័ព្ទកំលោះម្នាក់ឈ្មោះអុន ខុង អាយុប្អូន នាង៣ឆ្នាំ មានទីលំនៅកន្លែងរស់នៅសព្វថ្ងៃនេះ។ ចាប់ពីថ្ងៃនោះមក លោកអុន ខុង តែងចុចទូរស័ព្ទមក សួរសុខទុក្ខនាងជាញឹកញាប់ ប៉ុន្តែដំបូងឡើយពួកនាង គ្រាន់តែរាប់អានគ្នា ជាមិត្តភក្តិធម្មតាប៉ុណ្ណោះ។
នាងឃួន ទៀង ឱ្យដឹងទៀតថា លុះពេលបាន សាសងសម្តីជាមួយគ្នាយូរៗទៅ ចំណងមិត្តភាព ពួកនាងក្លាយទៅជាសេចក្តីស្នេហាតាមរលកធាតុ អាកាស ហៅគ្នាអូន ! បង ! យ៉ាងផ្អែមល្ហែម ដោយ មិនដឹងមុខមាត់ប្រវត្តិគ្នាយ៉ាងដូចម្តេចផង។ ហើយ ឱ្យតែល្ងាចឡើងសឹងមិនទាន់ទេ គូស្នេហ៍នាងតែងចុច ទូរស័ព្ទសាសងនឹងនាងជាប្រចាំ ដើម្បីរឹតចំណង ស្នេហ៍ឱ្យកាន់តែរឹងមាំ អស់រយៈពេល១ឆ្នាំ។ កាល នោះ ដោយនាងបាក់ចិត្តលង់ស្នេហ៍ប្រុសសំណព្វចិត្ត មិនអាចទ្រាំបាន ក៏ឡើងឡានឈ្នួល ស្កាត់ទៅជួបគូសង្សារដល់ផ្ទះ តែត្រឡប់មកវិញជាធម្មតា លុះក្រោយមក នាងធ្វើដំណើរទៅផ្ទះសង្សារ ជាលើកទី២ ក៏ត្រូវដងត្រូវផ្លែ ដឹកដៃគ្នាផ្សំដំណេកខុសគន្លងប្រពៃណី តែម្តង ដោយទទួលស្គាល់ស្នេហាគ្រាដំបូងពិតជា មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន និងព្រមព្រៀងរួមរស់ជាមួយគ្នា ក្នុងនាមជាប្តីប្រពន្ធ ឥតខាន់ស្លាតែម្តង។

នាងឃួន ទៀង និងកូន

នាងឃួន ទៀង រៀបរាប់បន្តឱ្យដឹងទាំងក្រៀមក្រំថា ក្រោយពីរួមរស់ជាមួយប្តីឥតខាន់ស្លា បានរយៈពេល១ខែ ម្តាយរបស់នាងទូរស័ព្ទមកពីស្រុក កំណើតប្រាប់នាងត្រឡប់ទៅផ្ទះវិញភ្លាម ព្រោះពេលនោះ គាត់ឈឺធ្ងន់ណាស់ ទៅមន្ទីរពេទ្យព្យាបាលមិន ជល់ទេ ផ្ទុយទៅវិញ អាការជំងឺកាន់តែធ្ងន់ទៅៗ ប្រហែលជាខុសចាស់ទុំ ប្រញាប់ឱ្យនាង និងគូសង្សារ ទៅសែនព្រេនបង្គ្រប់កិច្ច។ ប៉ុន្តែដោយសារក្រុមគ្រួសារ ខាងប្តីទីទ័លក្រគ្មានប្រាក់សម្រាប់ធ្វើសោហ៊ុយ ទើប នាងមានការយឺតយ៉ាវទៅមិនទាន់ពេលវេលា ទម្រាំ២-៣ថ្ងៃ ក្រោយមកទើបបាននាងទៅដល់ស្រុកកំណើត តែគួរឱ្យអនិច្ចា ម្តាយនាងបានលាចាកលោកទៅ ហើយ បានត្រឹមតែចូលរួមធ្វើពិធីបុណ្យសពជូន ម្តាយ ទាំងក្តីសោកសង្រេងស្តាយក្រោយប៉ុណ្ណោះ។ លុះក្រោយពីធ្វើបុណ្យគម្រប់៧ថ្ងៃ ជូនខ្មោចម្តាយរួចរាល់ ក្រុមគ្រួសារបានចាប់គូសង្សារពួកនាងរៀបចំ ពិធីសែនព្រេនមួយព្រឹកផ្តាច់ខ្មោចមេបា ក្លាយជាប្រពន្ធប្តី តាមប្រពៃណីត្រឹមត្រូវ រួមរស់ជាមួយគ្នា មកទល់សព្វថ្ងៃ ដោយបង្កើតបានកូនស្រីទើបតែមាន អាយុបាន៣ខែ ជាចំណងដៃនិស្ស័យស្នេហ៍។

អ្នកស្រីជ្រៃ កាន់

លោកអុន ខុង អាយុ១៨ឆ្នាំ ជាប្តីបានឱ្យដឹងតាមទូរស័ព្ទថា លោកជាកូនអ្នកស្រែ រៀនសូត្រមិន បានជ្រៅជ្រះទេ ស្គាល់តែការងារស្រែចម្ការ ស៊ីឈ្នួល ជួលព័ទ្ធគេគ្មានទំនេរដៃ។ លុះពេលធំពេញកំលោះ មានថ្ងៃមួយ ស្រាប់តែប្រពន្ធសព្វថ្ងៃនេះបានទូរស័ព្ទ ច្រឡំលេខចូលក្នុងទូរស័ព្ទដៃរបស់លោក ហើយចាប់ពីពេលនោះមក ពួកលោកទាក់ទងសួរសុខទុក្ខគ្នាជាបន្តបន្ទាប់ រហូតមានចិត្តប្រតិព័ទ្ធជំពប់ស្នេហ៍លើគ្នា ទៅវិញទៅមកតាមរលកធាតុអាកាស។ បន្ទាប់មក ប្រពន្ធបានឱបបង្វេចឡើងមកផ្ទះលោក លុះពេល បានជួបមុខមាត់គ្នាពិតក៏ស្រលាញ់ពេញចិត្តគ្នាស្តូក ប្តូរសាច់ប្តូរឈាមពេលនោះទៅ។ ក្រោយពីរួមរស់ ជាប្តីប្រពន្ធគ្មានខាន់ស្លាបានរយៈពេល១ខែ ស្រាប់តែ ខ្មោចមេបាខាងប្រពន្ធប្រកាន់ខឹង តាមកាច់ម្តាយក្មេក ឱ្យធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយគាត់បានហៅគូសង្សារ របស់លោកឱ្យទៅសែនព្រេនជាបន្ទាន់ តែគួរឱ្យសោកស្តាយ ដោយសារការធ្វើដំណើរយឺតយ៉ាវស៊ីពេល អស់២-៣ថ្ងៃ ទៅមិនទាន់ ម្តាយក្មេកក៏ស្លាប់បាត់ទៅ ធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួនជាខ្លាំង ប៉ុន្តែ ពេលនេះ ប្តីប្រពន្ធពួកលោកសែនព្រេនមានខាន់ស្លា ត្រឹមត្រូវហើយ មិនធ្វើឱ្យបងប្អូនមានគ្រោះថ្នាក់ឈឺ មិនដឹងមុខស្លាប់ទៀតឡើយ។

អ្នកស្រីបួយ អៀវ

អ្នកស្រីជ្រៃ កាន់ អាយុ៥៧ឆ្នាំ ជាម្តាយលោកអុន ខុង បានឱ្យដឹងថា មុនដំបូង ប្តីប្រពន្ធកូនប្រុសស្រី រូបនេះពិតជាបានរួមរស់ខុសគន្លងប្រពៃណីមុនមែន រហូតធ្វើឱ្យខ្មោចចាស់ទុំខាងកូនប្រសាប្រកាន់ខឹ់ង តាមកាច់យកជីវិតដន្លងស្រីស្លាប់យ៉ាងឆាប់ទាន់ហន់ រក តែប្តីប្រពន្ធពួកគេធ្វើដំណើរទៅសែនព្រេនមិនទាន់។ តែពេលនេះ ប្តីប្រពន្ធពួកគេមានខាន់ស្លាត្រឹមត្រូវហើយ មិនបង្កការលំបាកដល់បងប្អូនទៀតទេ។
អ្នកស្រីបួយ អៀវ អាយុ៥៥ឆ្នាំ និងនាងប៉ោ ចាន់ អាយុ២៤ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ដោយសារតែអំណាចភ្លើងស្នេហ៍បានដុតរោល បេះដូងនាងឃួន ទៀង ឱ្យវេចបង្វេចរត់មករួមរស់ ជាមួយគូសង្សារដល់ផ្ទះ មិនខ្វល់ពីមុខមាត់ក្រុ់មគ្រួសារ ឬទំនៀមទម្លាប់អ្វីឡើយ ដូច្នេះហើយ ទើប ខ្មោចចាស់ទុំប្រកាន់ខឹង ធ្វើឱ្យម្តាយរបស់នាងធ្លាក់ខ្លួន ឈឺព្យាបាលមិនជល់ ម៉្យាងទៀតប្តីប្រពន្ធពួកគេទៅ សែនព្រេនមិនទាន់ ម្តាយក៏ឈឺស្លាប់ទៅ។ តែយ៉ាងណា ពេលនេះប្តីប្រពន្ធពួកគេមានខាន់ស្លាត្រឹមត្រូវ ហើយ និងរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ ដ្បិតតែជីវភាពមិនធូរធារក្តី។

នាងប៉ោ ចាន់

គួរបញ្ជាក់ថា តាំងពីបរមបុរាណមក ព្រលឹង ខ្មោចចាស់ទុំប្រកាន់ណាស់ ពិសេសកូនក្រមុំ បើយក ប្តីដោយចិត្តឯងគ្មានខាន់ស្លា រៀបការ ឬសែនព្រេន ឱ្យខ្មោចមេបា ដឹងឮទេ នឹងធ្វើបាប ឬតាមកាច់សាច់ សាលោហិតឱ្យធ្លាក់ខ្លួនឈឺមិនដឹងមុខ បើរកមុខ កូនស្រី ដែលខូចខិលមិនឃើញ ហៅមកសែនព្រេន មិនទាន់ពេល អ្នកជំងឺស្លាប់ជាមិនខាន…”៕

RELATED ARTICLES