ភ្លើងតណ្ហា បានដុតរោលមនុស្ស ហ៊ានប្រព្រឹត្តខុសច្បាប់ ខុសសីលធម៌ ផិតក្បត់ប្តីប្រពន្ធ មិនខ្វាយខ្វល់ ឬ ខ្មាសអៀនអ្នករស់នៅជុំវិញខ្លួនឡើយ។ តួយ៉ាងនារីម្នាក់នេះ ពេល ប្តីទៅធ្វើការរកប្រាក់នៅស្រុកឆ្ងាយបាត់ ក៏លួចទាក់ទងប្រុសឈ្មោល រហូតប្តី តាមទាន់ជាន់កែង នៅលើគ្រែជាមួយប្រុសសហាយទៀតផង តែដោយសារ និយាយស្តីប្រដៅប្រពន្ធលែងស្តាប់ ក៏ឈឺចិត្តស្អិតទ្រូងរត់ទៅចងក ធ្វើ អត្តឃាតខ្លួនតែម្តង…។
នាងសូត្រ មុំ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស៤ ស្រី២) មានម្តាយឈ្មោះអ៊ូច ទូច អាយុ៥២ឆ្នាំ ឪពុកឈ្មោះសូត្រ សង អាយុ៧៧ឆ្នាំ។ នាង រៀនសូត្រមិនបានវែងឆ្ងាយទេ ស្គាល់តែការងារស្រែ ចម្ការគ្មានទំនេរដៃ លុះពេលធំពេញក្រមុំអាយុ១៩ឆ្នាំ ម្តាយទុកឪពុកដាក់ឱ្យរៀបការជាមួយប្តីឈ្មោះជិន ញ៉ឹល អាយុបងនាងដល់ទៅ១២ឆ្នាំ ជាបុរសពោះម៉ាយ មានប្រពន្ធ២នាក់រួចទៅហើយ និងរួមរស់ ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណង អាពាហ៍ពិពាហ៍។ ចាប់តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធ នាង ស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ មិនដែលអាក់អន់ស្រពន់ចិត្តឈ្លោះប្រកែកគ្នា ឮដល់ត្រចៀកអ្នកជិត ខាងម្តងណាឡើយ។
នាងសូត្រ មុំ រៀបរាប់បន្តថា ចំណែកប្តីនាងវិញមិនចេះសង្ស័យ ប្រចណ្ឌប្រពន្ធ ជាមួយប្រុសឈ្មោលណាឡើយ ពោលគឺដឹងតែខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ តែមួយមុខប៉ុណ្ណោះ ទើបតែ១ឆ្នាំចុងក្រោយនេះ ស្រាប់តែប្តីមានចរិតខុសប្លែកពីមុន លែងជឿទុកចិត្តប្រពន្ធ ចោទប្រកាន់ប្រពន្ធក្បត់ចិត្ត ប្តីលួចមានទំនាក់ទំនងស្នេហាជាមួយ ប្រុសឈ្មោលខាងក្រៅឯណាឆ្កុយ។ ទោះជានាងព្យាយាមបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន យ៉ាងណា ក៏ប្តីតែងរករឿងបង្កជម្លោះក្នុងគ្រួសារជាបន្តបន្ទាប់ រហូតប្តីចង់ផ្តាច់ចំណង ស្នេហ៍ជាមួយប្រពន្ធ ប្តឹងឡើងសាលាឃុំលែងលះគ្នាទៀតផង ប៉ុន្តែមន្ទីរឃុំមិនហ៊ាន អារកាត់ ព្រោះពួកនាងបានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ទាល់តែតុលាការទើបមានសិទ្ធិសម្រេច ប៉ុន្តែមិនទាន់លែងលះគ្នាតាមផ្លូវច្បាប់ដាច់ស្រេចផង ប្តីកើត ទុក្ខមិនសុខចិត្តឈឺចាប់តែម្នាក់ឯងខ្លាំងពេក ក៏រត់ទៅចងកធ្វើអត្តឃាត ស្លាប់បាត់ទៅ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦។
លោកយាយគង់ យេន អាយុ៧១ឆ្នាំ និងលោកតាជិន កុច អាយុ៧៥ឆ្នាំ ជាឪពុកម្តាយបង្កើតលោកជិន ញ៉ឹល និងជាឪពុក ម្តាយក្មេកនាងសូត្រ មុំ បានឱ្យដឹងស្របគ្នាថា កូនប្រុសរបស់ គាត់ដែលចងកស្លាប់ទៅនេះ មានប្រពន្ធទាំងអស់ចំនួន ៣នាក់ ដោយប្រពន្ធទី១ ឈ្មោះអ៊ូញ ប្រពន្ធទី២ ឈ្មោះ មាស មុំ និងប្រពន្ធទី៣ នាងសូត្រ មុំ នេះឯង ដែលសុទ្ធសឹងជាស្រីក្រមុំទាំងអស់។ កូនប្រុសគាត់រូបនេះ ដាច់ ចិត្តចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តគេហៅជាប្រុស អាវែក ដែលប្រពន្ធក្បត់ចិត្តលួចមានទំនាក់ទំនងស្នេហា ជាមួយប្រុសឈ្មោល ពីក្រោយខ្នងប្តី ដែលប្រុស សហាយរបស់កូនប្រសាស្រីជើងល្អនេះ មានឈ្មោះ សើ ឆេន ជាអ្នករស់នៅភូមិជាមួយគ្នា ហើយក៏ជា មនុស្សដែលមានប្រពន្ធកូនរួចទៅហើយដែរ។
ឪពុកម្តាយជនរងគ្រោះ រំលឹករឿងកូនប្រុសថា កាលពីនៅមានជីវិត កូនប្រុសបានប្រាប់ពួកគាត់ជាឪពុក ម្តាយថា ពេលដែលរូបគេទៅធ្វើសំណង់នៅក្រុងកំពង់សោម ឃ្លាតឆ្ងាយពីប្រពន្ធ បែរជានាងមានគំនិតបែកឆ្វេង លួចផិតក្បត់ មានទំនាក់ទំនងស្នេហាមួយបុរសឈ្មោះសើ ឆេង ព្រមទាំងបានប្រព្រឹត្តខុសសីលធម៌ជាមួយគ្នាញឹកញាប់ យ៉ាងត្រេកត្រអាលទៀតផង ដោយរូបគេផ្ទាល់ជាអ្នកតាមទាន់ ជាន់កែងឃើញផ្ទាល់ភ្នែក។ គេមិនចង់ប្រើអំពើហិង្សានាំឱ្យបែកធ្លាយ រឿងអាស្រូវទេ ដោយស្តីប្រដៅអប់រំប្រពន្ធតាមសន្តិវិធី ទុកឱ្យនាងកែ ខ្លួនតាមសម្រួល។ លុះប្រពន្ធមិនចេះភ្ញាក់រលឹកកែខ្លួនឡើងវិញ រូបគេក៏ ប្តឹងឡើងសាលាឃុំលែងលះគ្នា តែមិននឹកស្មានថា គ្រាន់តែរឿងប្រពន្ធផិតប៉ុណ្ណឹង រូបគេមិនគួរណាឈឺចាប់ខ្លាំងពេក រហូតគិតខ្លី ជ្រើសរើសផ្លូវដើរបញ្ចប់ជីវិតខ្លួនឯងបែបនេះសេះ។
នាងជិន ទូច អាយុ៣៨ឆ្នាំ និងអ្នកស្រីជិន នាង អាយុ៤០ឆ្នាំ ជាបងស្រីលោកជិន ញ៉ឹល បានឱ្យដឹង ស្របគ្នាថា ពួកគាត់មិនដែលឃើញ ឬតាមទាន់ជាន់ កែងឃើញប្អូនថ្លៃស្រីជើងល្អរូបនេះ ក្បត់ចិត្តប្តីទៅដេក រួមរ័កមេត្រីជាមួយប្រុសឈ្មោលណាទេ ប៉ុន្តែប្អូនប្រុស ធ្លាប់ប្រាប់ពួកគាត់ថា ប្រពន្ធរបស់គេបែកឆ្វេងហើយ ជាពិសេស ពេលដែលរូបគេទៅធ្វើការនៅទីក្រុង កំពង់សោម ឆ្ងាយពីផ្ទះសម្បែង ជាឱកាសល្អសម្រាប់ នាងលួចបង្កាត់ភ្លើងស្នេហ៍ផិតក្បត់ក្តៅរោលរាល ជាមួយប្រុសសហាយ ដែលគេមកទាន់ឃើញពួកគេ នៅក្នុងបន្ទប់ជាមួយគ្នាតែញឹក ទើបប្អូនប្រុសគាត់ ប្តឹងលែងលះជាមួយប្រពន្ធរូបនេះ តែគួរឱ្យអនិច្ចា ! មិន ទាន់លែងលះគ្នាដាច់ស្រឡះផង ប្អូនប្រុសគាត់គិតខ្លី ចងកស្លាប់ លាចាកពីលើលោកនេះគ្មានថ្ងៃត្រឡប់ ធ្វើឱ្យក្រុមគ្រួសារយំសោកសង្រេង ស្រណោះជីវិត ប្អូនប្រុសគ្រប់គ្នា។
អ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា រឿងផ្ទៃក្នុងរបស់ប្តីប្រពន្ធនាងសូត្រ មុំ ពួកគាត់មិន សូវដឹងច្បាស់ប៉ុន្មានឡើយ ព្រោះឃើញបុរសជាប្តី ចេញទៅធ្វើការសំណង់បាត់ពីផ្ទះ ហើយពេលត្រឡប់មក លេងផ្ទះម្តងៗឃើញតែជួបរឿងរ៉ាវឈ្លោះប្រកែកគ្នា ជាហូរហែ រហូតបុរសជាប្តីខឹងប្តឹងលែងលះទៀតផង ដោយចោទប្រពន្ធមានចិត្តមិនស្មោះ លួចមានប្រុស ឈ្មោល។ បន្ទាប់មកលោកជិន ញ៉ឹល ឈឺចាប់ និង ពេកខ្មាសគេចងកស្លាប់បាត់តែម្តង ដោយបន្សល់នូវ រឿងអាស្រូវដល់ប្រពន្ធជាច្រើន ខណៈដែលនាងចេញ មុខបដិសេធថា ខ្លួនស្អាតស្អំជាមួយប្តីណាស់ តែមកពី ប្តីកើតរោគប្រចណ្ឌខ្លាំងពេក ទើបកើតក្តីតូចចិត្តចងក ធ្វើអត្តឃាតខ្លួនបែបនេះ។
ដោយឡែក លោកសើ ឆេន ដែលរងការចោទ ប្រកាន់ជាសហាយស្មន់ជាមួយនាងសូត្រ មុំ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបានទេ តែយើងនឹងរង់ចាំលោកបំភ្លឺជានិច្ច…”៕