ភ្នំពេញ ៖ ការតភ្ជាប់ខ្សែរថភ្លើងពីប្រទេសថៃ មកកាន់ក្រុងមង្គលបុរី ខេត្តបន្ទាយមានជ័យនឹងអាចដំណើរការនៅឆ្នាំ២០១៧ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
លោកវ៉ា ស៊ីមសូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៨ សីហានេះថា ការស្ថាបនាផ្លូវរថភ្លើងតភ្ជាប់ជាមួយប្រទេសថៃ ចេញពីតំបន់ស្ទឹងបត់ប្រវែង៦.៥គីឡូម៉ែត្រទៅកាន់ក្រុងប៉ោយប៉ែត ព្រំប្រទល់ប្រទេសថៃ និងចេញពីកំណាត់ផ្លូវដែលផ្តល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានប្រវែង១០គីឡូម៉ែត្រមកកាន់ស្រុកមង្គលបុរីអាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ដូច្នេះការដាក់ឲ្យដំណើរការខ្សែរថភ្លើងពីប្រទេសថៃ មកកាន់គោលដៅនេះអាចនឹងដំណើរការនៅឆ្នាំ២០១៧ខាងមុខ ប្រសិនជាការចចារវាងប្រទេសទាំងពីរបានបញ្ចប់។
លោកបន្តថា “ក្រុមការងារចចារវាងប្រទេសទាំងពីរ បានជួបចចាគ្នាម្តងហើយ ប៉ុន្តែមិនទាន់បានឯកភាពគ្នានៅឡើយ ព្រោះពេលដំណើរការខ្សែរថភ្លើងនេះ ប្រទេសថៃនឹងដំណើរការខ្សែរថភ្លើងមកដល់ស្រុកមង្គលបុរី”។លោកបន្តថា “ការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ មានសារៈសំខាន់ណាស់ ព្រោះវាកាត់បន្ថយថ្លៃដឹក ជញ្ជូន ដោយសារការដឹកជញ្ជូនតាមរថភ្លើងមានតំលៃថោក ធៀបជាមួយការដឹកទំនិញតាមរថយន្ត”។
លោកវ៉ា ស៊ីមសូរិយ៉ាបានបន្តថា ចំណែកការតភ្ជាប់ផ្លូវរថភ្លើងពីស្រុកមង្គលបុរី មកកាន់ខេត្តបាត់ដំបងដែលមានប្រវែងប្រមាណ៦០គីឡូម៉ែត្រ និងគ្រោងចំណាយថវិកាជាតិប្រមាណ៣០លានដុល្លារ អាចនឹងដំណើរការស្ថាបនានៅពេលខាងមុខនេះផងដែរ។រីឯការតភ្ជាប់ខ្សែរថភ្លើងពីខេត្តបាត់ដំបង មកកាន់រាជធានីភ្នំពេញគ្រោងចំណាយថវិកាប្រមាណ១៥០លានដុល្លារអាមេរិកបន្ថែមទៀត។
លោកង៉ោ ម៉េងជ្រួនអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានថ្លែងថា ការស្ថាបនាផ្លូវរទេះភ្លើងពីតំបន់ស្ទឹងបត់ មកកាន់ក្រុងប៉ោយប៉ែតព្រំប្រទល់ប្រទេសថៃបាននិងកំពុងដំណើរការរៀងរាល់ថ្ងៃ ដែលគំរោងសាងសង់ផ្លូវរថភ្លើងនេះនឹងបញ្ចប់នៅចុងឆ្នាំនេះ។លោកបន្តថា នៅពេលការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃដំណើរការ វានឹងជួយសម្រួលដល់ពាណិជ្ជករ អាជីវករឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត លើការដឹកជញ្ជូន ហើយវានឹងជួយធ្វើឲ្យតំលៃដឹកជញ្ជូនមានតំលៃទាប។
លោកបន្តថា “នៅពេលហេដ្ឋារចនាសម្ព័ន្ឋនេះតភ្ជាប់ ការដឹកជញ្ជូនមានភាពងាយស្រួល ក្រុងប៉ោយប៉ែតនឹងអាចទាក់ទាញវិនិយោគកាន់តែច្រើនថែមទៀត។ពេលមានអ្នកវិនិយោគមកច្រើន នឹងផ្តល់ការងារដល់ប្រជាពលរដ្ឋកាន់តែច្រើន”។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា នៅក្នុងតំបន់អាស៊ាន ប្រទេសថៃ ម៉ាឡេស៊ី និងសាំងហ្កាពួរបានតភ្ជាប់ ខ្សែរថភ្លើងជាមួយគ្នារួចហើយ នៅសល់តែបណ្តាប្រទេសក្រីក្រប៉ុណ្ណោះ ដោយសារប្រទេសទាំងនេះមិនសូវមានប្រាក់ ទើបការតភ្ជាប់របស់យើងយឺតជាងគេ។លោកបន្តថា អ្នកខ្លះបារម្ភថាពេលមានខ្សែរថភ្លើង អត់មានទំនិញដឹក ប៉ុន្តែជួនកាលដល់តែមានការផ្គត់ផ្គង់ទើបមានតម្រូវការ។
លោកបន្តថា“គោលនយោបាយថៃបូកមួយ ជាដង្ហើមសេដ្ឋកិច្ចរបស់យើង ដោយអាចទាក់ទាញអ្នកវិនិយោគជប៉ុន ដែលមានក្រុមហ៊ុនរាប់ពាន់នៅប្រទេសថៃ មកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាមានតំលៃពលកម្មថោកធៀបជាមួយប្រទេសថៃ”៕
ដោយ ៖ គង់ លាងហួរ