ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ៣ភ្លើងរួចមកហើយ លុះក្រោយមក ក៏សម្រេចយកប្តីទី៤ ជាកម្មករសំណង់ក្រីក្រ ដោយចិត្តឯង និងព្យាយាមលាក់បាំងមិនឱ្យម្តាយដឹងឡើយ តែលាក់មិនជិត ក៏ត្រូវម្តាយតាមមករារាំងបំបែកស្នេហ៍ បង្ខំឱ្យយកប្តីជាជនជាតិចិន មានលុយមានទ្រព្យ ទើបកូនស្រីបង្ខំចិត្តបំពេញបំណងម្តាយ ដោយស្ម័គ្ររែកអំរែក២ ចែកវេនគ្នា ពេលយប់នៅជាមួយប្តីខ្មែរ ឯពេលថ្ងៃនៅជាមួយប្តីចិន តែធ្វើប៉ុណ្ណឹងហើយនៅតែម្តាយមិនសុខចិត្ត នៅតែតាមពង្រាត់កូនស្រីឱ្យដាច់ដោចជាមួយប្តីជាកម្មករសំណង់ រហូតកូនស្រីទ្រាំលែងបានផ្ទុះជំលោះ ផ្អើលដល់សមត្ថកិច្ច នាំទាំងម្តាយនិងកូនស្រី ព្រមទាំងប្តីចិន-ខ្មែរ ទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលកាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។
ភាគីកូនស្រីឈ្មោះទាវ ស៊ាងហៃ អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិបុស្សស្បែង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកភាគីបុរសជាប្តីខ្មែរ មានឈ្មោះអ៊ួន រតនា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅពេលយប់ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ដោយឡែកភាគីខាងប្តីចិន ជាជនជាតិចិន មិនស្គាល់ឈ្មោះ អាយុជាង៤០ឆ្នាំ មិនចេះភាសារខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិប៉ប៉្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ស្នាក់នៅជាមួយគ្នាតែពេលថ្ងៃ។ ដោយឡែកស្ត្រីជាម្តាយ មានឈ្មោះដូង ច្រឹប អាយុ៥២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិប៉ប៉្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាប់បន្ទប់កូនប្រសាជនជាតិចិន។
តាមសម្តីស្ត្រីស្មាមួយអំរែក២ (មានប្តីខ្មែរផង ចិនផង ឆ្លាស់វេនគ្នារស់នៅ) បានរៀបរាប់ប្រាប់ថា នាងធ្លាប់មានប្តីរហូតដល់ទៅ៣ដងរួចមកហើយ តែដោយរស់នៅមិនចេះចុះសម្រុងគ្នា ទើបបែកបាក់គ្នាវិញអស់ទៅ រហូតមកដល់លើកទី៤នេះ នាងសម្រេចចិត្តដោយខ្លួនឯង ជ្រើសរើសយកប្តីជាកម្មករសំណង់ នឹកថាទោះអត់ស៊ីមានស៊ី ឱ្យតែចេះយល់ចិត្តគ្នា កុំឱ្យវេទនាក្រំចិត្តទៀតគឺប្រសើរហើយ និងបានចាប់ដៃគ្នារួមរស់ដោយគ្មានខាន់ស្លាអស់រយៈពេលច្រើនខែមកហើយ ដោយបានព្យាយាមលាក់បាំងមិនឱ្យម្តាយរបស់នាងដឹងឡើយ។
ស្ត្រីខាងលើបន្តថា លុះមួយរយៈចុងក្រោយនេះ រឿងរ៉ាវនាងរួមរស់ជាមួយប្តីអ្នកក្រ ជាកម្មករសំណង់ ក៏បានបែកធ្លាយដឹងដល់ម្តាយ ធ្វើឱ្យម្តាយមួម៉ៅក្តៅចិត្ត តាមរារាំងបំបែកប្តីប្រពន្ធនាង ព្រមទាំងបញ្ចុះបញ្ចូលឱ្យនាងទៅយកប្តីជាជនជាតិចិន ប៉ិនប្រសព្វថ្នាក់ថ្នម យកចិត្ត និងមានទ្រព្យធន។ ចំណែកនាងដើម្បីបំពេញបំណងម្តាយ ទើបស៊ូទ្រាំកាត់កេរ្តិ៍ខ្មាស់ តម្រូវចិត្តម្តាយ ពេលថ្ងៃរួមរស់នៅកៀកកើយជាមួយប្តីខ្មែរ ឯពេលយប់ទៅរួមរស់នៅជាមួយប្តីចិន។
ស្ត្រីខាងលើនេះ បានឱ្យដឹងទៀតថា នាងដឹងថាទង្វើរបស់នាងគឺមិនសមរម្យទេ ព្រោះខ្លួនមួយចែកជា២វេន យប់ទៅរួមរស់នឹងប្តីចិន ចំណែកថ្ងៃទៅរួមរស់នឹងប្តីខ្មែរ តែយ៉ាងណា នេះក៏ដោយសារនាងចង់បំពេញបំណងម្តាយ តែម្តាយមិនយល់ចិត្តនាងនៅតែព្យាយាមឱ្យនាងផ្តាច់ ស្នេហ៍ដកខ្លួនឱ្យផុតពីប្តីជាកម្មករសំណង់ ពោលគឺចង់ឱ្យនាងយកតែប្តីចិនម្នាក់គត់ ទើបធ្វើឱ្យកើតទៅរឿងចម្រូងចម្រាស់ផ្ទុះជាជំលោះផ្អើលដល់ សមត្ថកិច្ចនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ និងត្រូវសមត្ថកិច្ចចុះឃាត់នាំមកសាកសួរនៅប៉ុស្តិ៍។ យ៉ាងណានាងនៅតែប្រកាន់ជំហរមួយមិនយកប្តីចិនទេ ពោលគឺនាងចង់រួមរស់តែជាមួយប្តីខ្មែរដែលជាកម្មករសំណង់តែម្នាក់គត់។
ចំណែកភាគីខាងបុរសជាប្តីជនជាតិខ្មែរដែលជាកម្មករសំណង់វិញ បានឱ្យដឹងថា ខ្លួនមិនហាមឃាត់នាងទេ ព្រោះវាជាសិទ្ធិរបស់នាង ក្នុងការសម្រេចជ្រើសរើសគូអនាគត ទោះជានាងចង់ទៅយកប្តីចិន រួមរស់ជាមួយប្តីចិន ក៏ខ្លួនគោរពតាមការសម្រេចចិត្តរបស់នាង តែបើនាងសុខចិត្តដាក់ចិត្តដាក់កាយរួមរស់នៅជាមួយរូបគេលុះគ្រាអវសាន្ត ទោះមិនបានរៀបការត្រឹមត្រូវក៏ដោយ ក៏រូបគេព្រមទទួលយកនាងដែរ។
រីឯភាគីខាងស្ត្រីជាម្តាយវិញ ហាក់បីដូចជាដាក់គំនាបទៅលើកូនស្រី ដោយមានបំណងចង់ឱ្យកូនស្រីបានប្តីអ្នកមាន ហើយជាជនជាតិចិន ត្បិតអីកូនស្រីកន្លងមក បានប្តីខ្មែរ៣ដងរួចមកហើយឃើញថា មិនកាក់កប មិនចុះសម្រុងនឹងគ្នាសោះ ចុងក្រោយដាច់ដោចគ្នារហូត។
ដោយឡែក ភាគីខាងជនជាតិចិនវិញ មិនចេះនិយាយភាសារខ្មែរឡើយ តែតាមរយៈកាយវិការ ហាក់បញ្ជាក់ថា ចង់ឱ្យនាងទៅណា ក៏ទៅចុះ រូបគេសុខចិត្តឱ្យទាំងលុយចំនួន១១០ដុល្លារបន្ថែមទៀត ឈប់រវល់ហើយ មិនប្តឹងផ្តល់អ្វីឡើយ។
ក្រោយពីរារាំងចិត្តកូនស្រីមិនបាន ស្រាប់តែស្ត្រីជាម្តាយ បែរជាអះអាងថា គាត់លែងដឹងលែងឮចំពោះកូនស្រីម្នាក់នេះទៀតហើយ និងបានចោទកូនស្រី ថាជាកូនទំនើង និងចោទថាលួចលុយប្តីចិន១១០ដុល្លារ ព្រមទាំងអត្តសញ្ញាណប័ណ្ណ១ទៀតផង។ តែភ្លាមនោះស្ត្រីជាកូន បានបដិសេធចោលទាំងអស់ រីឯបុរសជនជាតិចិននោះក៏មិនបានប្តឹងផ្តល់អ្វីដែរ ពោលគឺថែមទាំងឱ្យលុយនាងចំនួន១១០ដុល្លារដើម្បីឱ្យចាកចេញ ផ្តាច់ការទំនាក់ទំនងគ្នាទៀតផង។
ក្រោយពីភាគីទាំង៤លើកឡើងផ្សេងគ្នា សមត្ថកិច្ចស្តាប់យល់ មិនមែនជារឿងព្រហ្មទណ្ឌ ឬបទល្មើសអ្វីឡើយ ហើយការសម្រេចចិត្តយកប្តីយ៉ាងណានោះ ជារឿងរបស់សាមីិុខ្លួន គ្មានអ្នកណាបង្ខំចិត្តអ្នកណាឡើយ ទើបសមត្ថកិច្ចឱ្យភាគីទាំងអស់វិលត្រឡប់ទៅវិញអស់ទៅ៕