ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋម្នាក់ បានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែម្ចាស់មានបង្កប់កាមេរ៉ាសុវត្ថិភាព ឃើញមុខជនសង្ស័យច្បាស់ចែស ក៏ប្តឹងប៉ូលិសឱ្យចាប់ខ្លួន កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិដក់ពរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលកម្លាំងជំនាញព្រហ្មទណ្ឌ ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍វល្លិស ឃាត់ខ្លួនបាននោះ មានឈ្មោះម៉ៅ សុផា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដក់ព ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះមានឈ្មោះប៉ោ លីណា ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិដក់ពរ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមបភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលឃាត់ខ្លួននោះ គឺកម្លាំងបានទទួលពាក្យ បណ្តឹងពីស្ត្រីរងគ្រោះ មានចោរចូលលួចទ្រព្យសម្បត្តិអស់ខ្សែដៃមាស១ខ្សែ ទម្ងន់៣ជី ខ្សែដៃប្លាក១ខ្សែ ទម្ងន់១,៣០ (មួយជីបីហ៊ុន) ខ្សែជើងប្លាកទីន ទម្ងន់១ជីកន្លះ ចិញ្ជៀនប្លាកទីន១វង់ ទម្ងន់១ជី ខ្សែកថា ប្រាក់១ខ្សែ ទូរស័ព្ទដៃចំនួន៣គ្រឿង អាយហ្វូនហ្វាយ១គ្រឿង និងម៉ាក ហូវៃ១គ្រឿង លុយខ្មែរចំនួន១០ម៉ឺនរៀល លុយ ដុល្លារ១២០ដុល្លារ និងឯកសារមួយចំនួនទៀត ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាល ពីវេលាម៉ោង២ និង៤០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ភ្លាមនោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់ចំណុចផ្ទះស្ត្រីរងគ្រោះខាងលើ ដោយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យនៅក្នុងកាមេរ៉ា និងស្គាល់អត្តសញ្ញាណច្បាស់ ក៏បើកប្រតិបត្តិការចុះចាប់ខ្លួនជនសង្ស័យតែម្តង ដោយដកហូតវត្ថុតាងមួយចំនួនជារបស់នារីរងគ្រោះមកវិញផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិជនរងគ្រោះពិតប្រាកដមែន។ ក្រោយពីនគរបាលឃាត់ខ្លួនប្រមូលយកបានសម្ភារៈទាំង អស់ ប្រគល់ទៅឱ្យម្ចាស់ដើមវិញ។
បន្ទាប់មកកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសំរោងទង បានកសាងសំណុំរឿង បញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធី៕