ជម្លោះក្នុងគ្រួសារកើតឡើង ដោយសារភាគី ប្តីប្រពន្ធមិនចេះអត់ ឱនអធ្យាស្រ័យឱ្យគ្នា រហូតទប់ចិត្តមិនបាន បើប្តីអាងវ៉ៃ ប្រពន្ធអាងមិនឱ្យរួមដំណេក ដែលជំងឺនេះពិបាករកថ្នាំដាក់ត្រូវណាស់។ ជាក់ស្តែង ប្តីប្រពន្ធមួយគូនេះតែងជួប រឿងរ៉ាវឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតឈានដល់ប្តីប្រើអំពើហិង្សាវាយដំប្រពន្ធ ធ្វើឱ្យប្រពន្ធខឹងផ្តាច់ការរួមដំណេក…។
នាងធឿន ហឿន អាយុ៣២ឆ្នាំ រស់នៅភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ ឱ្យដឹងថា នាងមានឪពុកឈ្មោះផាត់ ធឿន ម្តាយ ឈ្មោះស៊ុម យើន រូបនាងជាកូនទី៣ ក្នុងចំណោមបង ប្អូន៨នាក់។ នៅពេលធំពេញក្រមុំ ម្តាយទុកឪពុកដាក់ ឱ្យនាងរៀបកាជាមួយប្តីឈ្មោះថុល គង់ សព្វថ្ងៃអាយុ៣៨ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតកូនប្រុសស្រី២ នាក់សម្រាប់ តពូជពង្សវង្សត្រកូលទៅថ្ងៃមុខ បើគិតមកដល់ពេលនេះ ប្តីប្រពន្ធនាង ចាប់ដៃគ្នារយៈពេល១២ឆ្នាំមកហើយ។ តាមពិតទៅ ប្តីរបស់នាងមិន សូវចេះនិយាយច្រើនទេ សូម្បីតែជាមួយប្រពន្ធកូន ក៏មិនសូវលេង សើចជាមួយដែរ ប៉ុន្តែឱ្យតែមានទឹកប្តូរនិស្ស័យ (ស្រា) ចូលខ្លួនប្តី នាងហាក់ដូចជាមនុស្សផ្សេងអ៊ីចឹង ពោលគឺនិយាយច្រើនចូលចិត្ត រអ៊ូរទាំរំករឿងឈ្លោះ។ ប្រពន្ធកូនហ៊ានតែធ្វើឱ្យឃ្នើសចិត្ត ច្បាស់ជាមានរឿងធំ ត្រូវកណ្តាប់ដៃ ឬកំផ្លៀង របស់ប្តីជាមិនខាន។
ស្ត្រីជាប្រពន្ធរូបនេះបន្តទាំងទឹកមុខស្រពាប់ស្រពោនថា កន្លងមក នាងត្រូវប្តីប្រើកម្លាំងបាយវាយតប់ជាំមុខ ខៀវភ្នែកជាញឹកញាប់ ធ្វើឱ្យនាងរស់នៅក្នុងរណ្តៅកម្ម សមុទ្រទឹកភ្នែកស្ទើរទ្រាំមិនបាន ចង់ចែកផ្លូវ គ្នាដើរទៀតផង ប៉ុន្តែត្រូវបានចាស់ទុំទាំងសងខាង និយាយសម្របសម្រួលត្រូវរ៉ូវគ្នាវិញ។ កាលពីមានរឿងរ៉ាវលើកចុងក្រោយ នាងបាន ស្តីឱ្យប្តី២-៣ម៉ាត់ ព្រោះតែផឹកស្រាស្រវឹងពេក ស្រាប់តែប្តីផ្ទុះភ្លើងកំហឹង ទះកំផ្លៀងប្រពន្ធចំនួន៣ដៃ ឡើងវិល មុខ ស្ទើរដួលសន្លប់នៅនឹងកន្លែង ទើបនាងសម្រេចចិត្តផ្តាច់របបពេលយប់ចោលតែម្តង ដោយដេកបែកបន្ទប់គ្នា បង្អត់ចំណីប្តីអស់រយៈពេល១អាទិត្យឯណោះ។ ទោះជាប្តីលូនមកចាប់បង្ខំរួមភេទទាំងកណ្តាលយប់ ក៏នាងរើបម្រះមិនឱ្យនែបនិត្យដែរ លុះប្តីផ្តិតមេដៃធ្វើកិច្ចសន្យា កែខ្លួនឈប់រករឿង ឈ្លោះប្រើអំពើហិង្សាលើប្រពន្ធ នៅចំពោះមុខអាជ្ញាធរ ទើបនាងបើក ឱ្យប៉ះពាល់ខ្លួនប្រាណវិញ។ តាមពិតទៅ នាងក៏មិនចង់ធ្វើបែបនេះ ដែរ ប៉ុន្តែបើមិនធ្វើធម៌ក្តៅ ដើម្បីបំបាំក់ធ្មង់ប្តី ក៏ប្តីមិនកែ ខ្លួនឡើយ។ តែបើប្តីមិនព្រមចោលគំនិតចាស់ទេ ទៅ ថ្ងៃមុខច្បាស់ជាបែកគ្នាមិនខាន ព្រោះនាងមិន អាចទ្រាំរស់នៅជាមួយប្តីប្រមឹក ចូលចិត្តប្រើ អំពើហិង្សាវាយដំលើប្រពន្ធបានទៀតឡើយ។
លោកថុល គង់ ជាប្តីបានឱ្យដឹងថា លោកផឹកស្រាពិតមែន តែមិនដែលរក រឿងប្រពន្ធមុនឡើយ មានតែនាងទេ ជាអ្នកផ្តើមបង្កាត់ភ្លើងមុន។ ពេលប្តី ចូលដល់ផ្ទះ នាងរអ៊ូរទាំដៀលត្មះប្តីដូច សត្វធាតុ ជាងនេះទៅទៀត យប់ឡើង ដេកត្បៀតមិនឱ្យប្តីប៉ះពាល់ខ្លួនប្រាណ ធ្វើដូចមិនមែនប្តីប្រពន្ធនឹងគ្នា។ ចាប់តាំងពីរួមរស់ជាមួយគ្នាមានរយៈពេល ជាង១០ឆ្នាំហើយ លោកមិនចង់សន្សំរឿង និងប្រើដៃជើងលើប្រពន្ធនាំឱ្យគ្រួសារជួប ភាពអាប់អួ ប៉ុន្តែប្រពន្ធមិនគិតដូចប្តីទេ យូរៗ ទៅកាន់តែខ្លាំងដៃទៅ លែងគោរពប្តី ប្រើពាក្យគំរោះគំរើយដាក់ប្តី។ លោកនិយាយតែ១ម៉ាត់ នាងតបមក វិញ១០-២០ម៉ាត់ និយាយធម៌ត្រជាក់ ស្តាប់គ្នាមិនបាន ក៏ប្រើ ដៃជើងព្រមាននាងខ្លះទៅ។ ចុងក្រោយនេះ គ្រាន់តែលោកទះ៣កំផ្លៀង នាងធ្វើងរង៉ក់ នាំកូនដេកបែកគ្រែ ផ្តាច់របបយប់ព្រលប់ប្តីទៀត។
លោកគង់ បន្តទៀតថា រាល់ថ្ងៃនេះ លោកស្រលាញ់ ប្រពន្ធកូនណាស់ ដោយខំប្រឹងធ្វើការរកប្រាក់ឡើង បែកញើសហូរដល់កែងជើង ក៏ដើម្បីគ្រួសារដែរ តែ បើនាងមិនចេះគោរពប្តី តើឱ្យលោកទទួលយកបាន ដែរឬទេ? បើប្រពន្ធកែប្រែចរិតក្រអើតក្រទម ប្រើ ពាក្យពីរោះពិសា ចេះគោរពប្តី លោកក៏កែប្រែឈប់ ប្រើអំពើហិង្សាដាក់នាងដែរ។ តែយ៉ាងណា លោក ទទួលស្គាល់ការប្រើកម្លាំងបាយវាយតប់លើប្រពន្ធ កន្លងមក មិនមែនជារឿងត្រឹមត្រូវដែរ តែលោកគ្មាន ជម្រើសឡើយ។
លោកគង់ ដៀង ជាមេភូមិរងបានឱ្យដឹងថា ប្តី ប្រពន្ធលោកថុល គង់ តែងជួបរឿងរ៉ាវឈ្លោះប្រកែក គ្នាជាញឹកញាប់។ បើតាមលោកសង្កេតឃើញជាក់ស្តែង ជម្លោះពួកគេ កើតឡើងដោយមិនចេះអធ្យាស្រ័យ ឱ្យគ្នា ការខ្វែងគំនិតគ្នា ទើបបណ្តាលឱ្យនាង ហឿន ក្តៅចិត្តខឹង ក៏បង្អត់ចំណីយប់ព្រលប់ប្តីចោលតែម្តង។ ចំណែកឯលោកថុល គង់ ជាប្តីវិញ ក៏ដូចគ្នាដែរ ឱ្យតែផឹកស្រាស្រវឹងធ្លាក់ភ្នែកចូលដល់ផ្ទះ តែង រករឿងឈ្លោះប្រើកម្លាំងបាយវាយតប់លើប្រពន្ធ ទើប ធ្វើឱ្យជម្លោះប្តីប្រពន្ធពួកគេ កើតឡើងជាបន្តបន្ទាប់ គ្មានគ្រូពេទ្យណាដាក់ថ្នាំព្យាបាលបានឡើយ សូម្បីតែ អាជ្ញាធរធ្វើការអប់រំ បានផលតែរយៈពេលខ្លីប៉ុណ្ណោះ ក្រោយមកដដែលឡើងវិញ។
ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងថា ជម្លោះប្រពន្ធប្តីមួយនេះ គឺខុសុមកពីបុរសជាប្តីច្រើន ជាង ដែលចូលចិត្តប្រើដៃជើងលើរូបរាងកាយប្រពន្ធ ព្រមទាំងចូលចិត្តចាប់បង្ខំប្រពន្ធរួមភេទទាំងកំរោល ទៀត តើស្រីណាទទួលយកបាននោះ? ហើយការផ្តាច់ របបយប់ព្រលប់ប្តីចោល ក៏ជារឿងសមហេតុផលដែរ ព្រោះស្ត្រីទូទៅត្រូវការប្តីថ្នាក់ថ្នមលួងលោម ច្រើន ជាងការប្រើកម្លាំងបាយ ហើយកុំតែអាជ្ញាធរ និងបងប្អូនជួយសម្របសម្រួលទាន់ពេលវេលា ប្រហែល ជាប្តីប្រពន្ធបែកបាក់គ្នាបាត់ទៅហើយ។
គួរបញ្ជាក់ថា ជីវិតប្តីប្រពន្ធរួមរស់ជាមួយគ្នា មានសេចក្តីសុខសុភមង្គលទៅបាន អាស្រ័យលើភាគី ទាំងពីរនាក់ចេះអធ្យាស្រ័យ ស្គាល់ទុក្ខធុរៈ មិនចេះមើល បំណាំគ្នា និងឱ្យតម្លៃគ្នាទៅវិញទៅមក ចៀសវាងប្រើ ពាក្យគំរោះគំរើយប្រមាថមើលងាយគ្នា និងមិនប្រើ កម្លាំងបាយដោះស្រាយបញ្ហា…”៕