Friday, May 3, 2024
Homeព័ត៌មានជាតិប្តីឈឺធ្ងន់ ភ័យប្រពន្ធគ្មានអ្នកចិញ្ចឹម

ប្តីឈឺធ្ងន់ ភ័យប្រពន្ធគ្មានអ្នកចិញ្ចឹម

បុរសដែលមានទំនួលខុសត្រូវចំពោះគ្រួសារ ទោះទៅដល់ទីណា ឬខ្លួនកំពុងមានជំងឺប្រចាំកាយ តែងគិតដល់ប្រពន្ធកូនជានិច្ច។ យ៉ាងណាមិញមន្ត្រីនគរបាលម្នាក់នេះ ត្រូវអំពើអំព័ន្ធ គេឈឺធ្ងន់ទន់សរសៃដេកដួលលើគ្រែ តែក្នុងចិត្តនៅតែបារម្ភពីប្រពន្ធក្មេង បើខ្លួនស្លាប់ទៅតើបានអ្នកណារកស៊ីចិញ្ចឹម…។

លោកជ័យ ដារ៉ា អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាល មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលឃុំតាសាញ និងមានទីលំនៅក្នុងភូមិអូរស្ងួត ឃុំតាសាញ ស្រុក សំឡូត ខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងថា លោក ជាកូនច្បង ក្នុងចំណោមបងប្អូនប្រុស៣ ស្រី៣ ដែលឪពុកឈ្មោះកុល ខេន អាយុ៦២ឆ្នាំ ម្តាយឈ្មោះហិន លួន អាយុ៥៩ឆ្នាំ ជាកសិករ។ ហើយកាលពីក្មេង លោកមានវាសនារៀនសូត្រ បានត្រឹមថ្នាក់ទី៨ ក៏បោះបង់ចោលការសិក្សាទៅ ពេលធំពេញវ័យក្នុងឆ្នាំ១៩៩៦ លោកបានចូលបម្រើការជាមន្ត្រីនគរបាលនៅក្នុងមូលដ្ឋានខាងលើ ដោយខំប្រឹងបំពេញ តួនាទីការពារប្រជាជនបានយ៉ាងប្រសើរ រហូតត្រូវបានមន្ត្រីថ្នាក់លើមើលឃើញដំឡើង បុណ្យស័ក្តិជានាយរងប៉ុស្តិ៍

លោកទូច វ៉ាន់នឿន ស្រោចទឹកដល់លោកជ័យ ដារ៉ា

មកទល់សព្វថ្ងៃ។ ក្រោយមកលោកបានរៀបការជាមួយប្រពន្ធ ស្រស់ស្អាតម្នាក់ឈ្មោះជឹម សុនឿន អាយុប្អូនលោក៨ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា រួមរស់បង្កើតបានកូនប្រុស១ ស្រី២ ជាចំណងអាពាហ៍ពិពាហ៍។ លោកបញ្ជាក់ថា តាំងពី ចាប់ដៃជាមួយប្រពន្ធរហូតមានកូន៣នាក់ លោកមានសុខភាពរឹងមាំល្អណាស់ មិនដែលឈឺ ថ្កាត់យប់ព្រលប់ម្តងណាឡើយ។ លុះចូលដល់ខែមិថុនា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ លោកចេះតែមានអាការព្រឺក្បាលខ្ញាកៗ ចុកស្រពន់ពេញរាងកាយ ហើយក៏ចាប់ផ្តើមទន់ សរសៃដៃជើងដើរហើរលែងកើត ដេកដួលតែនៅលើកន្ទេលមួយកន្លែង ពេលបន្ទោបង់ តូចធំ ឬបញ្ចុកបាយទឹកប្រពន្ធជាអ្នកបម្រើ គ្រប់ពេលវេលា។

លោកជ័យ ដារ៉ា បង្ហាញថ្នាំ

មន្ត្រីនគរបាលរូបនេះបញ្ជាក់ថា ពេលធ្លាក់ខ្លួនឈឺភ្លាមក្រុមគ្រួសារបាននាំលោកទៅ មន្ទីរពេទ្យទំនើបៗជាច្រើនកន្លែង នៅទូទាំងខេត្តបាត់ដំបង ដើម្បីពិនិត្យព្យាបាលជំងឺ ប៉ុន្តែ ក្រុមគ្រូពេទ្យជំនាញទាំងនោះជោះឈាមយកទៅវិភាគផង ឆ្លុះអេកូផង រកមិនឃើញរោគ សញ្ញាក្នុងខ្លួនលោកមានជំងឺអ្វីឱ្យពិតប្រាកដឡើយ រកវ៉ៃថ្នាំមិនត្រូវ ធ្វើឱ្យអាការជំងឺរបស់ លោកកាន់តែធ្ងន់ធ្ងរទៅៗជារៀងរាល់ថ្ងៃ។ លុះក្រុមគ្រួសារទៅពឹងពាក់គ្រូមន្តអាគមបញ្ជាន់ រូបមើល ទើបដឹងថា លោកត្រូវអំពើអំព័ន្ធរបស់ជនជាតិព្នង (ខ្មែរលើ) ព្រោះនៅតំបន់លោក រស់នៅមានជនជាតិដើមភាគតិចរស់នៅច្រើនណាស់។ តែយ៉ាងណាគ្រូមន្តអាគមជាច្រើន នាក់ មកហើយមិនមានសមត្ថភាពបន្សាបអំពើអំព័ន្ធ ឬព្យាបាលជំងឺលោកឱ្យជាសះស្បើយឡើងវិញបានសោះ ធ្វើឱ្យលោកពិបាក ចិត្តជាខ្លាំងដេកអាណិតប្រពន្ធកូន ពេលលោកស្លាប់ទៅមិនដឹងជា មានអ្នក ណារកស៊ីចិញ្ចឹម ឬអនាគតទៅជាយ៉ាងណាឡើយ ប៉ុន្តែជាភ័ព្វសំណាងដែរ ក្រោយពីអ្នកជិតខាងណែនាំឱ្យមកព្យាបាលជាមួយគ្រូមន្តអាគមនៅស្រុកឈូក បានរយៈពេល១ខែ ឃើញថាអាការជំងឺលោកធូរស្រាលបានច្រើន អាចដើរដោយខ្លួនឯងបានខ្លះ និងមានសង្ឃឹមរស់រានមានជីវិតឡើងវិញ មិនស្លាប់ចោលប្រពន្ធក្មេងខ្ចីទេ  លោកសប្បាយចិត្តដូចរើសបានមាសប៉ុនដូងទុំ។

លោកជ័យ ដារ៉ា និងនាងជឹម សុនឿន ជាមួយកូន

នាងជឹម សុនឿន អាយុ៣០ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា តាំងពីបានគ្នា ជាប្រពន្ធប្តីមក ប្តីនាងមានសុខភាពរឹងមាំល្អណាស់ មិនដែលឈឺថ្កាត់យប់ ព្រលប់ហៅគ្រូពេទ្យចាក់ថ្នាំអស់មួយម្ជុលឡើយ ទើបតែចូលដល់ខែមិថុនា ឆ្នាំនេះ មានថ្ងៃមួយពេល ប្តីត្រឡប់មកពីធ្វើការវិញ ត្អូញត្អែរឈឺក្បាលក្តៅខ្លួន ហើយក៏ចាប់ផ្តើមស្ពឹកសរសៃស្វិតដៃជើង ដើរហើរ លែងរួចតែម្តង។ ចំណែកនាងវិញមិនទុកប្តីចោលឱ្យ ដេកឈឺឡើយ ក៏បាននាំទៅមន្ទីរពេទ្យទំនើបៗជាច្រើន កន្លែងនៅទូទាំងខេត្តបាត់ដំបង ប៉ុន្តែក្រុមគ្រូពេទ្យទាំង នោះពិនិត្យមិនឃើញរោគសញ្ញាប្តីនាងមានជំងឺអ្វីនៅ ក្នុងខ្លួនឡើយ។ ដោយមិនអស់ចិត្ត នាងបានមកពឹងពាក់ គ្រូមន្តអាគមម្តងវិញ គ្រូប្រាប់ថាប្តីនាងត្រូវមន្តអាគម របស់ជនជាតិដើមភាគតិច (ព្នង) តែការព្យាបាល នៅតែមិនទទួលផលវិជ្ជមានដដែល។

ទើបតែពេលនេះ នាងបាននាំប្តីមកព្យាបាលជាមួយគ្រូមន្ត អាគមពូកែស័ក្តិសិទ្ធិនៅក្នុងស្រុកឈូកនេះបាន១ខែ ដោយគ្រូបានសូត្របាលីស្រោចទឹកប្រោះព្រំ និងឱ្យ ផឹកថ្នាំខ្មែរខ្លះ ឃើញថា អាការជំងឺប្តីរបស់នាងបានធូរស្បើយ ច្រើនអាចដើរដោយខ្លួនឯងបានឡើងវិញ និង មិនយូរមិនឆាប់ទេប្តីនឹងបានជាសះស្បើយ១០០ភាគ រយត្រឡប់ទៅផ្ទះវិញ បម្រើការងារការពារសេចក្តីសុខ ជូនប្រជាជនបានជាធម្មតា។
លោកតាកុល ខេន ជាឪពុកបានឱ្យដឹងថា នៅតំបន់ ដែលកូនប្រុសគាត់រស់នៅមានជនជាតិភាគ តិចព្នង ព័រ ជាខ្មែរលើរស់នៅច្រើនណាស់ ហើយ គាត់ ក៏ដូចកូនចៅមិនដែលជឿលើអរូបី អារក្សអ្នកតា ខ្មោចព្រាយបិសាច អំពើអំព័ន្ធរបស់គេដែរ ទើបតែ ពេលនេះ កូនប្រុសបានជាជំងឺពីលោកគ្រូមន្តអាគមខ្មែរ ទើបលោកតាភ្លឺភ្នែក ជឿថា ជំនឿអរូបីពិតជាមានមែន។

លោកតាកុល ខេន

លោកទូច វ៉ាន់នឿន អាយុ៤១ឆ្នាំ ជាគ្រូមន្តអាគម ខ្លាំងពូកែខាងដោះអំពើអំព័ន្ធបង្ក្រាបខ្មោច ព្រាយបិសាចឱ្យបានដឹងថា ចំពោះអ្នកត្រូវអំពើរបស់គេ សម្រាប់លោកងាយស្រួល ព្យាបាលដូចបកចេកទុំ គ្រាន់តែឱ្យអ្នកជំងឺផឹកថ្នាំ និងសូត្របាលីស្រោចទឹក ស្តោះផ្លុំតែបន្តិចនឹងបានជាសះស្បើយជាមិនខាន ព្រោះអ្នកត្រូវអំពើរបស់គេ លោកបានជួយសង្គ្រាះជីវិត ឱ្យរួចផុតពីការស្លាប់ជាច្រើនរាប់មិនអស់។
សូមបញ្ជាក់ តាំងពីដើមមក ជំនឿអរូបី លើអារក្សអ្នកតា ព្រលឹងខ្មោចព្រាយបិសាច អំពើអំព័ន្ធ បានចាក់ឬសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជន ខ្មែរ ដែលវាតែងយាយីរំខានជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទៀតផង ប៉ុន្តែសម្រាប់អ្នកវិទ្យាសាស្ត្រ និយមវិញមិនជឿលើរឿងគ្មានហេតុផល ឬ ភ័ស្តុតាងច្បាស់លាស់នោះឡើយ…”៕

RELATED ARTICLES