ខេត្តឧត្តរមានជ័យ ៖ យុវជនឈាមរាវម្នាក់ បានទាក់ទងស្នេហាជាមួយនឹងក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់មួយរយៈមកហើយ រហូតដល់ទំហំស្នេហ៍ពេញប្រៀបបេះដូងពេក ទ្រាំលែងបានក៏លួងលោមដឹកដៃគ្នា ឡើងផ្ទះសំណាក់រួមរ័កជាមួយគ្នាបានម្តង លុះ៣ថ្ងៃក្រោយមក រឿងរ៉ាវបែកធ្លាយដឹងដល់ម្តាយខាងស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនយុវជនជាប្រុសស្នេហ៍យកមកចាត់ការតាមច្បាប់។
ករណីប្រុសស្ទាវល្បួងក្មេងស្រីរួមរ័កលើផ្ទះសំណាក់នេះ បានកើតឡើងតាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ឧត្តមរដ្ឋា ស្ថិតក្នុងក្រុងសំរោង។ លុះរឿងរ៉ាវបែកធ្លាយក៏ត្រូវម្តាយខាងស្រីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនខាងប្រុសបាន កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ជនសង្ស័យដែលល្បួងក្មេងស្រីរួមរ័ក និងត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះប៉ីន ស៊ីវីន អាយុ២១ឆ្នាំ រស់នៅភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើយុវជនឈ្មោះប៉ីន ស៊ីវីន ថាបានលួងលោមកូនស្រីរបស់គាត់ដែលស្ថិតក្នុងវ័យជាអនីតិជន ទៅរួមរ័កនៅលើផ្ទះ សំណាក់បានសម្រេចម្តង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងផ្ទះសំណាក់ឧត្តមរដ្ឋា ស្ថិតក្នុងក្រុងសំរោង។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលី សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ និងបាននាំខ្លួនមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាល ក្រុងសំរោង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់បានរួមរ័កជាមួយនឹងក្មេងស្រីរងគ្រោះខាងលើ រហូតដល់បានសម្រេចប្រាកដមែន គឺធ្វើឡើងដោយស្ម័គ្រចិត្តទាំងសងខាង គ្មានការបង្ខិតបង្ខំពីភាគីណាទេ។
ជនសង្ស័យបានសារភាពទៀតថា តាមពិតរវាងរូបគេ និងក្មេងស្រីរងគ្រោះ ត្រូវជាសង្សារនឹងគ្នា ដែលបានស្រលាញ់ ទាក់ទងគ្នាមួយរយៈមកហើយ រហូតដល់ត្រូវរ៉ូវនាំគ្នាឡើងផ្ទះសំណាក់រួមរ័ក លុះ៣ថ្ងៃក្រោយ ស្រាប់តែម្តាយខាងស្រីដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះមកចាប់ខ្លួនគេតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕