Sunday, November 24, 2024
Homeបរិយាយធម៌ប្រទាក់ស្មាព្រហ្ម

ធម៌ប្រទាក់ស្មាព្រហ្ម

កុំថាឡើយតែយុវវ័យសម័យនេះ ដែលមិនធ្លាប់បួសរៀន ឬមិនសូវចូលវត្តវ៉ា សូម្បីតែព្រះសង្ឃក្មេងៗ ទើបនឹងសាងផ្នួស ប្រហែលជាមិនដែលឮ “ធម៌ប្រទាក់ស្មាព្រហ្ម” នោះឡើយ ព្រោះធម៌នេះ គ្មានចារទុកក្នុងគម្ពីរព្រះត្រៃបិដក។ តាមពិតធម៌ នេះ ត្រូវយកមកសូត្រសុំទឹកភ្លៀងជា “ធម៌ចម្រុះ” ពេលព្រះសង្ឃសូត្រម្តងៗ ឮទ្រហឹងអឺងអាប់ គ្មានស៊ីខ្សែចង្វាក់គ្នាទេ ដែលអាចយកមកប្រៀបនឹងរឿងនយោបាយបាន ខណៈដែលពួកប្រឆាំងកំពុងខ្វែងពាក្យសម្តីគ្នា ដែល “នគរធំ” សូមលើក “ធម៌ប្រទាក់ស្មាព្រហ្ម” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅតាមតំបន់ខ្លះ ដូចជាខេត្តតាកែវ និងខេត្តកំពត ជាដើម កាលណាស្រុកភូមិជួប គ្រោះរាំងស្ងួត រហូតដល់ងាប់សំណាប សន្ទូង សូម្បីតែក្របីរកទឹកត្រពាំងត្រាំមិនបាននោះ ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ តែងស្រុះស្រួលគ្នា រៀបចំ “ពិធីសុំទឹកភ្លៀង”។ ជាទូទៅ កាលបើដល់ខែជេស្ឋ អាសាឍ ជារដូវដកស្ទូង នៅតែគ្មានភ្លៀង ១គ្រាប់នោះ ពិធីបុណ្យសុំទឹកភ្លៀង ត្រូវតែរៀបចំធ្វើដោយខានមិនបាន ដោយស្រុះស្រួលគ្នាធ្វើនៅក្នុងវត្តតែម្តង បន្ទាប់ពី “បន់ស្រន់សុំអ្នកតារួចហើយ នៅតែមិនព្រមភ្លៀង”។ នៅកណ្តាលទីធ្លាវត្ត គេសង់រោងបុណ្យ តាំងរានទេវតា ៨ទិស មាន រាជវ័ត និងតម្កល់ស្លាធម៌ បាយសី ទៀនធូប ភ្ញីផ្កា គ្រប់រានទេវតា។ នៅវេលាយប់ បានរៀបចំនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនាតាមលំដាប់លំដោយ លុះថ្ងៃស្អែក បន្ទាប់ពីព្រះសង្ឃឆាន់ចង្ហាន់ត្រង់រួចរាល់ ខណៈដែលព្រះអាទិត្យនៅចំពីលើក្បាល ក្តៅហែងនោះ តាអាចារ្យត្រូវនិមន្តព្រះសង្ឃក្នុងវត្តទាំងអស់ ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្ត ទៅ “សូត្រធម៌ ប្រទាក់ស្មាព្រហ្ម” ចំនួន១០០ចប់ ក្នុង១អង្គៗ។ ឧបមាថា ១វត្តនោះ មានព្រះសង្ឃ ២០អង្គ ត្រូវគង់ឈរកណ្តាលថ្ងៃក្តៅ ព័ទ្ធជុំវិញអន្លង់មួយដែលដាក់ត្រីរ៉ស់ ត្រីក្រាញ់ ពីរបីក្បាល ឱ្យវាហែលទឹកប៉ឹកៗ លាយភក់ រួចតាអាចារ្យក៏សូត្រអារាធនា ព្រះសង្ឃសូត្រធម៌។ ព្រះសង្ឃ១អង្គៗ ត្រូវកាន់ធូប១០០ដើម កាលបើសូត្រធម៌ចប់១បទ ត្រូវយកធូប១ដើមចេញ ជាសម្គាល់ និងចេះតែសូត្ររហូតគ្រប់១០០ចប់ ទើបឈប់។ ធម៌ដែលភិក្ខុ សាមណេរ យកមកសូត្រនោះ គ្មានឯកភាពទេ បើភិក្ខុណា ចង់សូត្រ “ជយន្តោ” ក៏សូត្រទៅ បើសាមណេរអង្គណាសូត្រ “ធម៌អជ្ជៈ”, “ធម៌ពាហុំ” ក៏ស្រេចតែព្រះអង្គ។ លោកអង្គខ្លះ ក៏សូត្រ “ធម៌គិរីមានន្ទ” ខ្លះក៏សូត្រ “បទបរា” គ្មានត្រូវខ្យល់គ្នាទេ ហើយពេលសូត្រនោះ មិនចាំបាច់ដាក់មីក្រូទេ ព្រោះ ឮសូរទ្រហឹងអឺងអាប់ ង៉ោកង៉ាក រម្ញាំងរម៉ោក រដាក់រដុប បណ្តាលឱ្យពុទ្ធបរិស័ទទ្រាំមិនបានក៏នាំគ្នាសើច។ ពេលសូត្រធម៌ នោះ ប្រហែល១ម៉ោងទើបចប់ ជាហេតុនាំឱ្យព្រះសង្ឃ ដែលប្រឹងសូត្របែកញើសហូរជោកស្បង់ចីវរ សូម្បីតែតាអាចារ្យ និងឧបាសក ឧបាសិកា ដែលឈរស្តាប់ ក៏បែកញើសជោកអាវគ្រប់គ្នា។ បន្ទាប់ពី “សូត្រធម៌ប្រទាក់ស្មាព្រហ្ម” ចប់ ជួនកាល ភ្លៀងធ្លាក់ប្រាវ ក៏មានដែរ ជួនកាលទៀតរហូតដល់យប់ទើបមានភ្លៀងបង្អុរ។

ពាក្យថា “ប្រទាក់ស្មាព្រហ្ម” មានន័យថា “ព្រះព្រហ្ម ហោះប្រទាក់គ្នា” ដើម្បីជួយមនុស្សលោកដែលកំពុងក្រហល់ក្រហាយ ដោយការរាំងស្ងួត ដោយហោះទៅប្រាប់ព្រះឥន្ទ្រាធិរាជ ឱ្យចេញបញ្ជាទៅស្តេចតុលោកបាល ឱ្យបង្គាប់ជាបន្តទៅស្តេចភុជង្គនាគ ដែលជាម្ចាស់ទឹកភ្លៀង ជាពិសេស “ស្តេចវរុណនាគរាជ” ឱ្យបង្អុរភ្លៀងកុំខាន ព្រោះអាណិតព្រះសង្ឃ ដែលគង់ឈរកណ្តាលថ្ងៃត្រង់ សូត្រធម៌ង៉ោកង៉ាកមិនត្រូវគ្នា ដោយសារព្រះអង្គក្តៅពេក។ ប្រពៃណីនេះ បានធ្វើតាំងពីបុរាណកាលរៀងមក ប៉ុន្តែសព្វថ្ងៃមិន សូវធ្វើពិធីនេះទៀតទេ ព្រោះវិទ្យាសាស្ត្រជឿនលឿន អាងលើប្រព័ន្ធធារាសាស្ត្រ មានទំនប់ប្រឡាយ ម៉ាស៊ីនបូមទឹក ជាដើម។

បើយករឿង “ធម៌ប្រទាក់ស្មាព្រហ្ម” មកប្រៀបធៀបនឹងនយោបាយ យើងឃើញថា បន្ទាប់ពីតុលាការកំពូលរំលាយ គណបក្សសង្គ្រោះជាតិ បានធ្វើឱ្យអតីតតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក ខេត្ត របស់អតីតបក្សប្រឆាំង បែក សម្បុកខ្ចាត់ខ្ចាយ ខ្លះរស់នៅក្នុងប្រទេស ខ្លះរត់ទៅក្រៅប្រទេស បន្តសកម្មភាពប្រឆាំងមិនឈប់ឈរ។ បន្ទាប់ពីលោកសម រង្ស៊ី និងសហការីប៉ុន្មាននាក់ បង្កើត “ចលនាសង្គ្រោះជាតិ” មក ស្រាប់តែពួកប្រឆាំងខ្វែងគំនិតគ្នា គ្មានឯកភាព ខ្លះធ្វើយ៉ាង នេះ ក៏និយាយយ៉ាងនេះទៅ ឯអ្នកខ្លះទៀតធ្វើយ៉ាងនោះ ក៏និយាយយ៉ាងនោះទៅ តាមតែការយល់ឃើញរៀងៗខ្លួន។ “នគរធំ” ក៏ធ្លាប់បរិយាយតាមសុភាសិតបារាំងថា “បើតាមក្បួនលេខគណិត មួយបូកនិងមួយ ត្រូវជាពីរ ប៉ុន្តែ តាមលក្ខណៈមិត្តភាព មួយបូកនិងមួយ ត្រូវជាមួយ” មានន័យថា ទោះជាពួកប្រឆាំងចែកខ្សែសម រង្ស៊ី កឹម សុខា ក៏តែមួយទេ។ ឥឡូវអ្វីៗបាន បង្ហាញការពិតនៅត្រង់លោកសម រង្ស៊ី បានថ្លែងថា “ឥឡូវនេះចលនាសង្គ្រោះជាតិ កុំឱ្យចេញមុខ ឱ្យនិយាយខុសគ្នាអ៊ីចឹងទៅ ដើម្បីឱ្យគូបដិបក្ខវង្វេង។ យើងចែកការងារធ្វើ យើងចេះបំបែកខ្លួនយើង តែគោលដៅរបស់យើងតែមួយទេ គឺដោះលែងលោក ប្រធានកឹម សុខា ជំរុញ ឬក៏បើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត។ ចលនាសង្គ្រោះជាតិ គ្រាន់តែជា ឧបករណ៍ ដើម្បីជំរុញឱ្យគណបក្សសង្គ្រោះជាតិ មានសកម្មភាពឡើងវិញ…”។

ដោយឡែកលោកអ៊ូ ច័ន្ទរ័ត្ន ជាខ្សែកឹម សុខា បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកថា “ពេលខ្ញុំនិយាយ គេសង្ស័យ ថា ខ្ញុំក្បត់ ពេលខ្ញុំនិយាយទៅមិនស្របនូវគំនិតដែលគេចង់បាន គេថាខ្ញុំប្រឆាំងផ្ទៃក្នុង ឬបម្រើគេ ពេលខ្ញុំនិយាយស្រប គេថា ខ្ញុំទ្រពង អ៊ីចឹងហើយបាននៅតែប៉ុណ្ណឹង ពិតជាអច្ឆរិយមែន”។ រីឯលោកមុត ចន្ថា ជាខ្សែកឹម សុខា ដែរនោះ បានសរសេរថា “កុំភ្លេចកំណើតខ្លួនថា កើតមកពីណា និងឈប់ដើរបំផ្លើស”។

ការឆ្លើយឆ្លងគ្នារវាងពួក “សម រង្ស៊ីនិយម” និង “កឹម សុខានិយម” គ្មានត្រូវខ្យល់ស៊ីខ្សែចង្វាក់គ្នាទេ ដោយរិះគន់គ្នា វាយប្រហារគ្នាឡើងរង្គើហ្វេសប៊ុក បង្ហាញភាពរញ៉េរញ៉ៃ មិនខុសពី “ព្រះសង្ឃសូត្រធម៌ប្រទាក់ស្មាព្រហ្ម សុំទឹកភ្លៀង”។ សព្វថ្ងៃ ពួកប្រឆាំងកំពុងមួម៉ៅក្តៅក្រហាយអន្ទះអន្ទែង លុះមិនអាចធ្វើអីបក្សកាន់អំណាចកើត ក៏ចេញយុទ្ធសាស្ត្រថ្មីដូចដែលលោក សម រង្ស៊ី លើកឡើងថា “ឱ្យនិយាយខុសគ្នាអ៊ីចឹងទៅ ដើម្បីឱ្យគូបដិបក្ខវង្វេង”។

តើជា “ការវង្វេងមែនឬ? ខណៈដែលអ្នកនាំពាក្យ ជភភ លើកឡើងថា ពួកប្រឆាំង កំពុងបែកបាក់គ្នា?” ធម្មតាយុទ្ធសាស្ត្រ នយោបាយ ជួនកាលគេត្រូវគ្នាសោះ ធ្វើជាទាស់ទែងខ្វែងគំនិតគ្នា បើមិនពិចារណាឱ្យស៊ីជម្រៅ ច្បាស់ជាយល់ថា គេបែកបាក់ គ្នា។ បើលោកសម រង្ស៊ី ប្រាប់គ្នីគ្នាឱ្យនិយាយខុសគ្នាយ៉ាងនេះ អាចនាំឱ្យមានមន្ទិលសង្ស័យចំពោះអ្នកចុះចូលបក្សកាន់អំណាច បើសិនជាពួកគាត់ “ជេរលោកសម រង្ស៊ី ឬចោទប្រកាន់ថា ក្បត់ជាតិ” នោះ តើអ្នកណាជឿ? ព្រោះមេចលនាសង្គ្រោះជាតិ នោះ បង្គាប់កូនចៅឱ្យនិយាយខុសគ្នា ដើម្បីឱ្យ ជភភ វង្វេង។ ទោះយ៉ាងណា មន្ត្រីរាជរដ្ឋាភិបាលក៏ឆ្លាតណាស់ដែរ បើត្រឹមតែ អ្នកចុះចូលនោះ ខំជេរបញ្ចោរ ឬរិះគន់លោកសម រង្ស៊ី យ៉ាងណា ក៏គេនៅតែតាមឃ្លាំមើលជានិច្ច។ ករណីពួកប្រឆាំង បែក សម្បុក ខ្លះទៅក្រៅ ខ្លះនៅក្នុងប្រទេស បើនិយាយស្របគ្នា ច្បាស់ជារងគ្រោះ ដូច្នេះចង់មិនចង់ ច្បាស់ជាអ្នកនៅក្នុងស្រុកមិន ហ៊ានស្របតាមលោកសម រង្ស៊ី ដើម្បីសុវត្ថិភាព ដែលមិនខុសពីព្រះសង្ឃសូត្រធម៌ប្រទាក់ស្មាព្រហ្ម ឱ្យព្រះព្រហ្មហោះប្រទាក់ គ្នាទៅគាបព្រះឥន្ទ ឯព្រះឥន្ទទៅគាបស្តេចចតុលោកបាល ចំណែកស្តេចចតុលោកបាល ទៅគាបស្តេចនាគឱ្យបង្អុរទឹកភ្លៀង។

សរុបទៅ “ធម៌ប្រទាក់ស្មាព្រហ្ម” ទោះបីជាមានរបៀបធ្វើតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏អាចយកមកប្រៀបធៀប នឹងសកម្មភាពពួកប្រឆាំង ដែលកំពុងនិយាយខុសគ្នា ដើម្បីសុំអន្តរាគមន៍ពីអន្តរជាតិ គាបសង្កត់បក្សទេវតាបាចផ្កា ឱ្យយល់ ព្រមតាមអ្វីដែលពួកគេចង់បាន ប៉ុន្តែ រឿងគាបបាន ឬមិនបាននោះ អាស្រ័យលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះទេ៕

ដោយ អាចារ្យថាំ

RELATED ARTICLES