ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បាននាំគ្នាទៅជូនដំណើរប្អូនជីដូនមួយ ឡើងយន្តហោះទៅប្រទេសកូរ៉េ លុះពេលត្រឡប់មកវិញមកដល់ជិតផ្ទះទៅហើយ ក៏ត្រូវរថយន្ត១គ្រឿង បើកបញ្ច្រាសទិសដៅចរាចរណ៍ ជ្រុលមកបុកបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ចំណែករថយន្តបង្ក បានបើករត់គេចបាត់ ដោយបន្សល់ទុកកាងមុខរថយន្តមានស្លាកលេខជាប់ជាមួយ និងត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង១០នឹង៤០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវ QMI ស្ថិតក្នុងភូមូជិម្ពូវ័ន សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកគា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2U-0871 បើកបរដោយបុរសស្ត្រី២នាក់ មិនស្គាល់អត្តសញ្ញាណ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-9649 ជិះពីរនាក់ប្តីប្រពន្ធ មិនស្គាល់អត្តសញ្ញាណដូចគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម ជិះគ្នា២នាក់ប្តីប្រពន្ធឌុបគ្នា មកពីជូនបងប្អូនជីដូនមួយឡើងយន្តហោះទៅប្រទេសកូរ៉េ បានបើកក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តបង្ក បើកបរក្នុងទិសដៅពីត្បូងទៅជើង ជិះខាងឆ្វេងដៃ បញ្ច្រាសទិសដៅចរាចរណ៍ ក៏បានជ្រុលចង្កូតមកម៉ូតូ បណ្តាលឱ្យដួលរងរបួសប្រពន្ធធ្ងន់ជាងប្តី ចំណែករថយន្តជ្រុះកាងផ្នែកខាងមុខជាប់ស្លាកលេខនៅកន្លែងកើតហេតុ ហើយរថយន្តបង្កមិនបានឈប់ដោះស្រាយគ្នាទេ តែបានព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋដេញតាមរថយន្តពីក្រោយរហូតដល់ចំណុចភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ជាកន្លែងដែលសមត្ថកិច្ចកំពុងតែដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាមិនទាន់ចប់ផងនោះ ឃើញបែបនេះប្រជាពលរដ្ឋដែលដេញតាមពីក្រោយបានស្រែកឱ្យសមត្ថកិច្ច ឃាត់រថយន្តបង្កខាងលើដែលបើកបុកម៉ូតូហើយរត់គេចខ្លួន ទើបកម្លាំងសមត្ថកិច្ចឃាត់បានហើយយករថយន្តបង្ក ទៅដោះស្រាយនៅកន្លែងកើតហេតុវិញ។
ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធរងរបួសធ្ងន់ត្រូវបានបងប្អូនដឹកតាមរ៉ឺម៉កម៉ូតូយកទៅ ព្យាបាលនៅមន្ទីរពេទ្យឯកជននៅជិតកន្លែងកើតហេតុ។ បន្ទាប់មកភាគីទាំងសងខាងបានធ្វើការចរចាគ្នា ដោយខាងជនរងគ្រោះបានទាមទារសំណងចំនួន៤០០ដុល្លារ តែភាគីខាងរថយន្តបង្ក សុំសម្របសម្រួលសងចំនួន២០០ដុល្លារបញ្ចប់នៅកន្លែងកើតហេតុតែម្តង៕