Friday, January 31, 2025
Homeសន្ដិសុខសង្គមខឹងឈ្លោះគ្នានៅមុខផ្ទះ ឃាត់មិនស្តាប់ ទាញកាំបិតកាប់រយះក្បាល

ខឹងឈ្លោះគ្នានៅមុខផ្ទះ ឃាត់មិនស្តាប់ ទាញកាំបិតកាប់រយះក្បាល

ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែខឹងនឹងយុវជន២នាក់ឈ្លោះគ្នានៅខាងមុខផ្ទះរបស់ខ្លួន ដែលកំពុងរៀបចំកម្មវិធីខួបកំណើត ក៏ចេញមកឃាត់ តែដោយភាគីទាំងពីមិនព្រមស្តាប់ ទើបក្តៅចិត្ត ស្ទុះចូលទៅក្នុងផ្ទះទាញកាំបិតប៉័ងតោ ចេញមកកាប់ប្រហារទៅលើយុវជនម្នាក់ បណ្តាលឱ្យ រយះក្បាល រងរបួសធ្ងន់ដេរអស់២០ថ្នេរ រួចរត់គេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ជនដៃដល់ ខាងលើក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ជនដៃដល់ដែលកាប់យុវជនម្នាក់១កាំបិតរយះក្បាល ព្រោះខឹងឈ្លោះប្រកែកគ្នានៅមុខផ្ទះរបស់ខ្លួន មានឈ្មោះសុផាត តារាវិចិត្រ អាយុ៣៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបុរីសន្តិភាព២ ទីតាំងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះលឹម បញ្ញាពណ៍ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិបត់ជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ រូបគេបានធ្វើដំណើរមកពីផ្ទះ នៅភូមិបត់ជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងគោលបំណងថា មកចូលរួមកម្មវិធីបុណ្យ ស្ថិតនៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលមកដល់រូបគេ បានដើរទៅហូបមី តែពេលកំពុងហូបមីនោះ ក៏បានឈ្លោះជាមួយអ្នកផ្សេង នៅចំណុចមុខផ្ទះជនសង្ស័យ ខណៈដែលផ្ទះរបស់ជនសង្ស័យកំពុងមានកម្មវិធីខួបកំណើតផងនោះ ទើបធ្វើឱ្យជនសង្ស័យបានចូលមកឃាត់ និងខឹង ថាឃាត់មិនស្តាប់ ក៏ដើរចូលទៅក្នុងផ្ទះទាញកាំបិតប៉័ងតោ មកកាប់ប្រហាររូបគេ១កាំបិតចំពីលើក្បាលបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវគ្រូពេទ្យ ដេរមុខរបួសចំនួន២០ថ្នេរ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ទើបមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីឱ្យជួយអន្តរាគមន៍។ លុះទទួលបានពាក្យបណ្តឹងពីជនរងគ្រោះហើយ នៅវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃដដែល សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសុំណុំរឿងបញ្ជូនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES