សុភាសិតចិន តាំងពីសម័យ “សាមកុក” ១ឃ្លាថា “គេចឱ្យផុតពីផ្លែលំពែង ជាការងាយស្រួល ប៉ុន្តែគេចឱ្យផុតពីផ្លែដាវ ជារឿងពិបាក” មានអត្ថន័យជ្រៅណាស់ សម្រាប់អ្នកនយោបាយគ្រប់និន្នាការ យកទៅអនុវត្ត។ អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូលរំលាយចោលនោះ គឺមកពី “គេចមិនផុតពីផ្លែដាវ” នេះឯង ប៉ុន្តែ “គណបក្សសិទ្ធិមនុស្ស” ដែលសុំ រំលាយ តែក្រសួងមហាផ្ទៃ មិនទាន់ឱ្យរលាយ គឺមកពី “គេមិនកាប់ដោយផ្លែដាវ” ដែល “នគរធំ” សូមលើករឿង “ដាវ លំពែង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“លំពែង” ជាគ្រឿងសស្ត្រាវុធសម្រាប់ចាក់ សម្រាប់ពួយពីចម្ងាយ មានមុខទាំងពីរខាង មានចុងស្រួច ដងឈើ ប្រវែង ប្រហែល១ព្យាម។ អាវុធនេះ អាចប្រើវាយប្រយុទ្ធគ្នាកៀក តាមក្បាច់គុនដំបងក៏បាន ឬបោះពួយពីចម្ងាយទម្លុះទ្រូងគូបដិបក្ខ ក៏បាន ដោយមានស្នៀតគុនខុសៗគ្នា ដូចជាស្នៀត “ស្វាយោលដៃ”, “ខ្យល់កួចធរណី” សម្រាប់ប្រើក្នុងពេលពួយលំពែង ដោយត្រូវយោលដៃឱ្យជក់ខ្យល់សិន ទើបលំពែងហើរចំទិសដៅបានល្អ។ បើវាយតទល់គ្នា គេប្រើស្នៀត “ហនុមានគាស់ភ្នំ”, “ឃ្មុំបែកសម្បុក”, “ហែកមេឃជ្រែកធរណី” ជាដើម។ ទោះយ៉ាងណា អ្នកចម្បាំងខ្លាំងពូកែ អាចគេចពីផ្លែលំពែងបានយ៉ាង ងាយស្រួល ជួលកាលគេយកខែល រងមុខលំពែងក៏មានដែរ ទើបបានជាអ្នកនយោបាយជនជាតិចិន សរសេរទុកថា “គេចឱ្យផុតពីផ្លែលំពែងជាការងាយស្រួល”។
ដោយឡែក “ដាវ” ជាគ្រឿងសស្ត្រាវុធ ធ្វើដោយដែក មានមុខតែម្ខាង ខ្នងអ៊ែន ដងខ្លី មានរបាំង សម្រាប់រងដៃ។ ដាវ មាន៣ប្រភេទ គឺ “ដាវវែង” មានប្រវែងជិត១ព្យាយាម ពេលដើរ ត្រូវស្ពាយនឹងខ្នង, “ដាវខ្លី” មានប្រវែងប្រហែល១ម៉ែត្រ អាចសៀតនឹងចង្កេះក៏បាន ឬកាន់ដើរ, “ដាវកូនស្រាល” ជាអាវុធខ្លីប្រវែង១ហត្ថ អាចលាក់ទុកក្នុងដៃអាវក៏បាន។ ពលសេនា ថ្មើរជើង តែងប្រើដាវវែង ដាវខ្លី សម្រាប់ចូលសមរភូមិ ប៉ុន្តែដាវកូនស្រាល សម្រាប់មេទ័ពលាក់ទុកក្នុងខ្លួន ឬសម្រាប់ ចារបុរសប្រើប្រាស់ ព្រោះមិនអាចកាន់ដាវវែង ដាវខ្លី សម្ញែងបានឡើយ។
ក្បាច់គុនដាវ មានច្រើនយ៉ាង ដូចជា ស្នៀត “១០ទិស”, “ព្រះនារាយណ៍បែងភាគ”, “ព្រះនារាយណ៍បែងកាឡា”, “ដាវ មាសញីឈ្មោល”, “ត្រីនេត្រផ្តាច់ព្រលឹង” ជាដើម។ ចង់គេចពីផ្លែដាវ ជារឿងពិបាកបំផុត ព្រោះត្រូវចូលប្រឡូកកៀកគ្នា កាប់ចាក់អត់អាសូរ បើភាគីម្ខាងមានស្នៀតគុនមិនដល់គេ ច្បាស់ជាស្លាប់លើសមរភូមិ។ ចំណែកអ្នកខ្លាំង ក្រៅពីមានស្នៀត គុនស្ទាត់ជំនាញ ត្រូវតែមានមន្តអាគមជួយយោង ដូចជា “អាព័ទ្ធ”, “ស្បែកគង់”, “ឆ្អឹងដែកស្បែកស្ពាន់” ជាដើម។ របៀប ជួយស្បែកឱ្យគង់ កាប់មិនមុត ជួនកាលគេដេកត្រាំថ្នាំគង់ក្នុងអាងថ្ម ជួនកាលប្រើមន្តអាគមតែម្តង ទោះជាគូបដិបក្ខកាប់ ត្រូវ ក៏ដូចអេះរមាស់ឱ្យអ៊ីចឹង។
ហេតុអ្វីបានជាសុភាសិតចិនថា “គេចឱ្យផុតពីផ្លែលំពែង ជាការងាយស្រួល ប៉ុន្តែគេចឱ្យផុតពីផ្លែដាវ ជារឿងពិបាក?” សំណួរនេះ មិនពិបាកឆ្លើយទេ ដោយហេតុថា លំពែង ដែលគេពួយពីចម្ងាយនោះ អាចប្រើខែលរងកាត់ ឬលោតគេចទាន់ ពេលវេលា ប៉ុន្តែផ្លែដាវ ដែលកំពុងកាប់ចាក់ប្រកៀកខ្លួនទល់នឹងខ្លួននេះ ពិបាកគេចណាស់។
យ៉ាងណាមិញ “ផ្លែលំពែង” ប្រៀបបាននឹង “ច្បាប់រដ្ឋធម្មនុញ្ញ” រីឯ “ផ្លែដាវ” ប្រៀបបាននឹង “វិសោធនកម្មច្បាប់”។ កន្លងមក យើងឃើញថា អតីតមន្ត្រីបក្សសង្គ្រោះជាតិ អាចធ្វើពហិការមិនចូលប្រជុំរដ្ឋសភា ជាពិសេស បើមានការចោទប្រកាន់ពីបក្សកាន់អំណាច អតីតតំណាងរាស្ត្របក្សប្រឆាំង តែងសំអាងលើរដ្ឋធម្មនុញ្ញ។ ឧទាហរណ៍ ករណីចោទប្រកាន់ លោកកឹម សុខា ពាក់ព័ន្ធរឿងស្រីញីនោះ ទោះជាតុលាការកោះហៅ ក៏គាត់មិនព្រមចូលខ្លួនទៅបំភ្លឺ ដោយសំងំតែក្នុងទីស្នាក់ការកណ្តាលគណបក្ស ជាច្រើនខែ។ លោកកឹម សុខា អាងលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ តាមច្បាប់រដ្ឋធម្មនុញ្ញ ចំណែក សមត្ថកិច្ចក៏មិនហ៊ានចូលចាប់ ជាពិសេស ភាគីម្ខាងៗបានបកស្រាយខុសគ្នាចំពោះមាត្រា៨៣ នៃរដ្ឋធម្មនុញ្ញ ពោលគឺច្បាប់ មានតែមួយ តែភាគីជម្លោះបកស្រាយបាន២ច្រក ពាក់ព័ន្ធនឹង “បទល្មើសជាក់ស្តែង” ដែលម្ខាងថាអ៊ីចេះ ម្ខាងថាអ៊ីចុះ។ សម្រេច ទៅ កាលនោះ លោកកឹម សុខា អាច “គេចផុតពីផ្លែលំពែង” ទាំងប្រផុតប្រផើយ ពោលគឺមាត្រា៨៣ នៃរដ្ឋធម្មនុញ្ញ មិនខុស ពីផ្លែលំពែង ដែលស្រួលគេច។
ផ្ទុយទៅវិញ “ផ្លែដាវ” គេចទៅណាអត់រួចទេ ពោលគឺ “វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ” គេអាចចាប់ សំឡេងលោកកឹម សុខា ដែលថ្លែងនៅអូស្ត្រាលី កាលពីឆ្នាំ២០១៣ ចោទប្រកាន់ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ឈាន ដល់ការចាប់ខ្លួនទាំងកណ្តាលអធ្រាត្រ។ មានន័យថា លោកកឹម សុខា គេចពីផ្លែលំពែង ឬរដ្ឋធម្មនុញ្ញ បានយ៉ាងងាយ តែ គាត់មិនអាចគេចពីផ្លែដាវ គឺវិសោធនកម្មច្បាប់ បនាឡើយ។ ប៉ុន្តែ “អ្នកកាន់ដាវ” មិនចេះតែកាប់គេស្រេចតែចិត្តបានឡើយ បើគេមិនធ្វើអ្វីខុស។ យ៉ាងណាមិញ ខណៈដែល “គណបក្សសិទ្ធិមនុស្ស” ដាក់ពាក្យសុំរំលាយឱ្យក្ស័យទៅតាមគណបក្សសង្គ្រោះជាតិ ស្រាប់តែក្រសួងមហាផ្ទៃ ទាមទារឱ្យគោរពលក្ខន្តិកៈ ត្រូវឆ្លងកាត់សមាជ ទើបអាចរំលាយបាននោះ គឺមកពី “គេមិនកាប់ដោយផ្លែដាវ” តែម្តង។ បើក្រសួងមហាផ្ទៃ មិនកាប់ គណបក្សសិទ្ធិមនុស្ស នៅតែមានដង្ហើមដកចេញចូលរហូត ដែលជាបរិបទសម្រាប់ពិចារណា។
ដូច្នេះយើងឃើញថា “គេចពីផ្លែលំពែងស្រួល តែគេចពីផ្លែដាវពិបាក” សំដៅដល់យុទ្ធសាស្ត្រនយោបាយកាប់ផ្តួលគ្នា នេះឯង បើភាគីណាខ្លាំងជាង កាលណាប្រើលំពែងគ្មានប្រសិទ្ធភាព គេត្រូវប្រើដាវវិញ។ ចំពោះដាវវែង ក៏ពិបាកប្រើដែរ ព្រោះវាច្រងេងច្រងាងពេក អ៊ីចឹងលុះត្រាតែប្រើ “ដាវកូនស្រាល” ដែលលាក់ក្នុងអាវ អាចទាញចេញភ្លែត កាប់ប្រហារគូ សត្រូវឱ្យដេកដួលក្នុងថ្លុកលោហិតភ្លាម សូម្បី “តេជោយ៉ត” ក៏បានប្រើដាវកូនស្រាល កាប់ប្រហារអ្នកម្នាងនូ ដែលជាអ្នក បន្ទច់បង្អាក់កងទ័ពដែរ។ ឥឡូវពួកប្រឆាំងមួយចំនួន ដែលរត់គេចផុតពីផ្លែលំពែង ទៅដល់ក្រៅប្រទេសនោះ បានបង្កើត “ចលនាសង្គ្រោះជាតិ” ធ្វើឱ្យបក្សកាន់អំណាច ខឹងសម្បា ប្រើលំពែងពួយពីចម្ងាយក៏មិនកើត ប្រើដាវក៏មិនកើត ព្រោះអាវុធ ទាំងពីរប្រភេទនេះ គេប្រើលើសមរភូមិ បើពួកប្រឆាំងរត់ចោលសមរភូមិទៅហើយ មិនអាចប្រើដាវ លំពែងកើតទេ។
យ៉ាងណាមិញ ទោះជាប្រើច្បាប់រដ្ឋធម្មនុញ្ញ ឬវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក៏ដូចជាច្បាប់ការពារព្រះមហាក្សត្រ ក៏ពិបាកចាត់ការលើពួកប្រឆាំង ដែលមានលោកសម រង្ស៊ី ដឹកនាំនោះណាស់។ ទន្សាយដែលរត់រួចពីទ្រុង មិន ងាយតាមចាប់មកវិញបានទេ ជួនកាលទន្សាយទាំងនោះ លួចចូលភូមិនៅពេលយប់ ឆ្មក់ចូលចម្ការត្រសក់ ស៊ីខ្ទេច សូម្បីតែ ក្តប្តឹត្រសក់ ក៏មិនសល់ផង។ ឈ្មោះថា “ឧទ្ទាម” មានន័យថា “មនុស្សនៅក្រៅច្បាប់” គឺលែងខ្លាចច្បាប់ទៅហើយ បើបក្សកាន់អំណាច លើកពីវិធានការច្បាប់ ឬសម្ញែងដាវលំពែងនោះ យ៉ាប់ណាស់។ ចង់យកប្រៀបលើពួកប្រឆាំងបាន លុះត្រាតែ អាមេរិក និងសហភាពអឺរ៉ុប ជួយចាប់បញ្ជូនមកទើបបាន តែបើចាំពួកប្រឆាំងដើរចូលប្រទេសអាស៊ាននោះ មិនងាយទេ ព្រោះទន្សាយស្គាល់អន្ទាក់ ស្គាល់ដាវ លំពែងអស់ទៅហើយ តែងតែព្យាយាមគេច។
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឃើញថា នៅចន្លោះប្រហោងច្រើនណាស់ អាចបកស្រាយបានពីរបីច្រក និងងាយគេចបំផុត បើសិនជាមេធាវីការពារក្តីពូកែ ដូចយើងលើកឡើងពីមាត្រា៨៣ ខាងលើស្រាប់ ដែលមិនខុសពីផ្លែលំពែង ពួយពីចម្ងាយ អាច គេចទាន់ពេលវេលា។ លុះមានវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ នោះ គេចទៅណាក៏មិនរួចដែរ ក៏ដូចវិសោធនកម្មច្បាប់ដាក់ទោសទណ្ឌអ្នកប្រមាថព្រះមហាក្សត្រ ក៏គេចមិនរួចដែរ សូម្បីតែ ប្រឆាំងរដ្ឋាភិបាល ក៏ត្រូវតែមានទោស ព្រោះរដ្ឋាភិបាលកើតឡើងដោយសាររាស្ត្របោះឆ្នោតឱ្យ និងមានឡាយព្រះហស្ត លេខាលើព្រះរាជក្រឹត្យតែងតាំងពីអង្គព្រះមហាក្សត្រ បើប្រឆាំងរដ្ឋាភិបាល ក៏ដូចប្រមាថព្រះមហាក្សត្រ។
សរុបទៅ “គេចឱ្យផុតពីផ្លែលំពែង ជាការងាយស្រួល ប៉ុន្តែគេចឱ្យផុតពីផ្លែដាវ ជារឿងពិបាក” មានន័យយ៉ាងនេះឯង។ ទោះវាជាសុភាសិតដែលអ្នកនយោបាយចិន សរសេរទុក ក៏ខ្មែរយើងអាចយកជាមេរៀនជីវិតបានដែរ។ ដូចបញ្ជាក់រួចហើយថា គេចពីរដ្ឋធម្មនុញ្ញស្រួល តែគេចពីវិសោធនកម្មច្បាប់ មិនស្រួលទេ ដូចគេចពីផ្លែលំពែង និងផ្លែដាវ ប៉ុន្តែគណបក្សសិទ្ធិមនុស្ស ដែលគេមិនកាប់ កុំចង់ស្លាប់អី បើគេឱ្យនៅរស់ទៅហើយ ចេះតែបន្តដកដង្ហើមទៀតទៅ ក្រែងមានសំណាងជាងនេះ…៕
ដោយ អាចារ្យថាំ