កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសណ្ឋគារសូហ្វីតែល ភ្នំពេញ ភោគីត្រា បានរៀបចំកម្មវិធីផ្សព្វផ្សាយបើកចំហរទីផ្សារ និងការបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា តាមបច្ចេកវិទ្យាទំនើប និងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការគ្រប់គ្រងដើមច័ន្ទន៍ក្រឹះស្នា វាងក្រុមហ៊ុនធូបច័ន្ទន៍ក្រឹស្នាខ្មែរ និងក្រុមហ៊ុន First Capital Global Co.Ltd ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ដី្រក្រសួងពាណិជ្ជកម្ម។
ក្រុមហ៊ុន First Capital Global Cambodia (FCC) គឺជាក្រុមហ៊ុនសាខារបស់ First Capital Global បានព្រមព្រៀងសហការជាមួយធូបច័ន្ទន៍ក្រឹស្នាខ្មែរ ជាក្រុមហ៊ុនគ្រប់គ្រងដំណាំច័ន្ទន៍ក្រឹស្នាដដែលមានគុណភាពល្អ សម្រាប់ច្នៃនិងធ្វើការអភិវឌ្ឍន៏រួមគ្នាលើគម្រោងច័ន្ទន៍ក្រឹស្នានៅប្រទេសកម្ពុជា ដោយរួបបញ្ចូលនូវដើមច័ន្ទន៍ក្រឹស្នា ចំនួន១,០០០,០០០ (មួយលាន) ដើម ចាប់ផ្ដើមក្នុងរយៈពេល៩ខែ សម្រាប់ដំណាក់កាលទី១។ ដើមច័ន្ទន៍ក្រឹស្នាទាំងអស់នោះ នឹងត្រូវប្រើប្រាស់ដើម្បីផលិតជាប្រេងច័ន្ទន៍ក្រឹស្នានៅកម្ពុជា (Cambodia agar woodoud oil) ដែលមានគុណភាពនឹងធ្វើឲ្យកម្ពុជា ក្លាយទៅជាប្រទេសដែលមានឈ្មោះបោះសំឡេងក្នុងការផលិតប្រេងច័ន្ទន៍ក្រឹស្នានៅក្នុងទីផ្សារអន្ដរជាតិ។
កិច្ចព្រមព្រៀង និងចុះហត្ថលេខានៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅប្រទេសកម្ពុជា រវាងលោកសៀន ហ្គុ នាយកក្រុមហ៊ុន Fisrt Capital Cambodia, លោកបុណ្យ យុទ្ធា និងលោកស្រី នួន ប៊ុនណា ម្ចាស់ចំការច័ន្ទន៍ក្រឹស្នា និងលោកស្រីកែវ សុគន្ធា នាយិកាក្រុមហ៊ុនធូបច័ន្ទន៍ក្រឹស្នាខ្មែរ។ ការចូលរួមជាសក្ដីភាពនៅក្នុងព្រឹត្តិការណ៏ចុះកិច្ចព្រមព្រៀងនេះ រួបមានឯកត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនវិនិយោគមកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃឡង់ដ៍ និងប្រទេសចិន។
លោកស្រីកែវ សុគន្ធា នាយិកាក្រុមហ៊ុនធូបច័ន្ទន៍ក្រឹស្នាខ្មែរ បានឲ្យដឹងថា “ក្រុមហ៊ុននាងខ្ញុំ និងក្រុមហ៊ុនវិនិយោគជាដៃគូ (The Fisrt Capital Group) និងសហការណ៏គ្នាបង្កើតការវិនិយោគរួមគ្នាបង្កើតរោងចក្របច្ចេកវិទ្យាទំនើបមួយ ដើម្បីចម្រាញ់ប្រេងច័ន្ទន៍ក្រឹស្នា កែច្នៃផលិតផលផ្សេងៗទៀត ពីដើមច័ន្ទន៍ក្រឹស្នា ចំនួន១.០០០.០០០ដើម នឹងនាំចេញដើមច័ន្ទន៍ក្រឹស្នាទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារអន្ដរជាតិ ព្រមទាំងកាវិនិយោគរួមគ្នាលើសកម្មភាពធុរកិច្ចនានា ពាក់ព័ន្ធនឹងដំណាំ និងដើមច័ន្ទន៍ក្រឹស្នា នៅក្នុងពេលអនាគតឆាប់ៗនេះ”។
ឯកឧត្តមប៉ាន សូរស័ក្កិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ”នេះជាការបង្កើតឱកាសការងារជូនប្រជាជន សំដៅការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិនមកពីក្រៅ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល។ នេះជាគោលនយោបាយពាណិជ្ជកម្មដើម្បីជំរុញពាណិជ្ជកម្ម និងផលិតផលថ្មីៗសម្រាប់ពាណិជ្ជកម្មនៅប្រទេសកម្ពុជា និងជួយកសិករខ្នាតតូចនិងមធ្យម ពង្រឹងនិងពង្រីកវិស័យកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មថ្មីៗថែមទៀត។ ព្រឹត្តិការណ៍នេះជំរុញទំហំពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជានិងថៃ ឲ្យកាន់តែមានសន្ទុះខ្លាំងខ្លាថែមទៀត ទាំងបច្ចុប្បន្ននិងទៅអនាគត”៕