Sunday, November 24, 2024
Homeនយោបាយសំណុំរឿងក្បត់ជាតិលោកកឹម សុខា អ្នកនាំពាក្យបក្សកាន់អំណាច ចូលធ្វើសាក្សីបំភ្លឺតុលាការ

សំណុំរឿងក្បត់ជាតិលោកកឹម សុខា អ្នកនាំពាក្យបក្សកាន់អំណាច ចូលធ្វើសាក្សីបំភ្លឺតុលាការ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកបណ្ឌិតឈឹម ផលវរុណ កាលពីថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០១៨ បានចូលទៅបំភ្លឺ ក្នុងនាមជា សាក្សី ក្នុងសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា តាមការកោះហៅរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដោយសារលោក ធ្លាប់ធ្វើការឱ្យលោកកឹម សុខា កាលពីលោក កឹម សុខា នៅធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

ទោះជាយ៉ាងណា មេធាវីការពារក្តីលោក កឹម សុខា បានលើកឡើងថា ការចូលបំភ្លឺរបស់ លោកឈឹម ផលវរុណ ក្នុងឋានៈជាសាក្សីនោះ លោកកឹម សុខា មិនសង្ឃឹមទទួលបានយុត្តិធម៌ ព្រោះលោកឈឹម ផលវរុណ មិនមែនជាមនុស្ស អព្យាក្រឹតនោះទេ។

លោកឈឹម ផលវរុណ បានមានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ថា លោកបានបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ម្នាក់ ដែលត្រូវគោរពច្បាប់ ហើយដែលត្រូវ ការពារឯករាជ្យ អធិបតេយ្យ ក្នុងនាមជាពលរដ្ឋ ខ្មែរម្នាក់ដែរ។ ដូច្នេះ លោកបានទៅតាមការ កោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ តាម ពេលម៉ោងកំណត់ ហើយដំណើរការក្នុងការងារ ដែលត្រូវឆ្លើយទៅនឹងសំណួររបស់ចៅក្រម ស៊ើបសួរ ក្នុងសំណុំរឿងលោកកឹម សុខា គឺ លោកបំពេញឋានៈជាសាក្សីដោយលោកឆ្លើយ  បំភ្លឺនូវអ្វីដែលលោកដឹង ហើយអ្វីដែលលោក មិនដឹង លោកឆ្លើយថា អត់ដឹង គឺលោកនិយាយ តែអ្វីជាការពិត ពុំមានចេតនា អាក្រក់ក្នុងការ ដាក់បន្ទុកទៅលើបុគ្គលណា ឬក៏ប្រឌិតរឿង ដើម្បីមួលបង្កាច់បុគ្គលណានោះទេ។

លោកឈឹម ផលវរុណ

លោកឈឹម ផលវរុណ បានមានប្រសាសន៍ ថា “ខ្ញុំមិនមែនជាបុគ្គលដែលស្វែងយកយុត្តិ-ធម៌ឱ្យបុគ្គលណាទេ ពីព្រោះខ្ញុំជាពលរដ្ឋម្នាក់ ដែលបំពេញភារកិច្ចតែប៉ុណ្ណោះ ឯរឿងយុត្តិធម៌ ខ្ញុំយល់ថា យុត្តិធម៌សម្រាប់គ្រប់បុគ្គល គឺការ ពិត។ គ្មានយុត្តិធម៌ណា ដែលបានប្រាសចាកពី ការពិតទេ ឯរបស់ដែលបានមកពិការប្រាសចាក ពីការពិត គឺមិនមែនជាយុត្តិធម៌ទេ។ ដូច្នេះ រឿងលោកកឹម សុខា មិនស្វាគមន៍ក្នុងការ បំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាសាក្សី  អាហ្នឹង ជាសិទ្ធិរបស់គាត់ ដោយសារតែគាត់ចង់រួចខ្លួន ក្នុងទង្វើអ្វីនៃការទទួលខុសត្រូវរបស់គាត់ អាហ្នឹងជារឿងរបស់គាត់  ប៉ុន្តែលោកកឹម សុខា អាចបង្គាប់ឬបញ្ជាឱ្យមេធាវីរបស់គាត់ ទៅសុំ ចៅក្រមស៊ើបសួរនូវឯកសារ ឬក៏ការបំភ្លឺរបស់ខ្ញុំ ជាលាយលក្ខណ៍អក្សរ ដែលមានចុះហត្ថលេខា របស់ខ្ញុំច្បាស់លាស់ ហើយយកទៅពិនិត្យមើល ទៅ ថាតើការឆ្លើយរបស់ខ្ញុំ គឺជាការឆ្លើយ ដោយ ឈរលើការពិត និងដោយដឹង ហើយអ្វីដែលខ្ញុំ មិនដឹង ខ្ញុំថាអត់ដឹង ឱ្យពិនិត្យមើលខ្លួនឯងចុះ ខ្ញុំពុំមានកាតព្វកិច្ចអ្វីដែលត្រូវបញ្ចុះបញ្ជូលឱ្យ លោកកឹម សុខា មានទំនុកចិត្តលើខ្ញុំទេ ផ្ទុយ ទៅវិញ គួរតែលោកកឹម សុខា បង្គាប់ទៅមេធាវី របស់គាត់ ទៅសុំសេចក្តីបំភ្លឺរបស់ខ្ញុំនៅតុលាការទៅ យកទៅពិនិត្យទៅដឹងហើយៗមានតែលោក កឹម សុខា ទេ ដែលស្គាល់ការពិតច្បាស់ ហើយ មេធាវីរបស់លោកកឹម សុខា មិនអាចដឹងអំពី សាវតារនៃមជ្ឈមណ្ឌលសិទ្ធិមនុស្ស កាលដែល លោកកឹម សុខា ធ្វើជាប្រធានទេ”។

លោកឈឹម ផលវរុណ បានបន្តថា “រឿង សំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា នេះ គឺលោកកឹម សុខា ពុំទាន់ជាទណ្ឌិតនៅឡើយ ទេ គឺដំណើរការក្តីក្តាំនេះ គឺកំពុងស្ថិតនៅក្នុង ដំណើរការតុលាការ។ ដូច្នេះ លោកកឹម សុខា គឺ ជាបុគ្គលដែលពុំទាន់មានកំហុសនៅឡើយទេ ព្រោះ យោងតាមរដ្ឋធម្មនុញ្ញ បុគ្គលដែលមានកំហុស លុះត្រាតែតុលាការបានចេញសាលក្រមថា មាន  កំហុស។ អ៊ីចឹងលោកកឹម សុខា មានសិទ្ធិក្នុង ការតស៊ូការពារខ្លួនតាមផ្លុវតុលាការ តាមផ្លុវ ច្បាប់។ ឯខ្ញុំជាសាក្សី គឺខ្ញុំត្រូវបំពេញភារកិច្ចជា បុគ្គលរបស់ខ្ញុំជាពលរដ្ឋ គឺត្រូវគោរពនូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ហើយខ្ញុំក៏ត្រូវគោរព នូវ ឬក៏ចូលរួមគោរពនូវការធ្វើឱ្យដំណើរការ ក្តីក្តាំនេះដំណើរការដោយសុក្រឹត នេះជាកាតព្វកិច្ចរបស់ខ្ញុំ ដែលខ្ញុំត្រូវឈរលើការពិត។ បានន័យថា ខ្ញុំទៅបំពេញភារកិច្ចជាពលរដ្ឋ ក្នុង នាមជាសាក្សីនេះ គឺខ្ញុំបានបំពេញប្រវត្តិរូបតាម សំណួររបស់ចៅក្រម គឺក្នុងនាមជាប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា មិនមែនក្នុងនាមជាអ្នកនាំពាក្យគណបក្សប្រជាជន ក៏ជាតួនាទីអ្វីនោះទេ ហើយមួយទៀត គឺខ្ញុំបំពេញការងារជាពលរដ្ឋ ក្នុងការបំភ្លឺនេះ ក្នុងនាមខ្ញុំធ្លាប់អតីតមន្ត្រីបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលជំនាន់ លោកកឹម សុខា ដែលខ្ញុំមានតួនាទីជាប្រធាន ផ្នែកអប់រំ និងបណ្តុះបណ្តាល”។

លោកស្រីមេធាវី ម៉េង សុភារី

លោកស្រីមេធាវី ម៉េង សុភារី បញ្ជាក់ថា ក្រុម មេធាវី នឹងសិក្សាពិនិត្យចម្លើយលោកឈឹម  ផលវរុណ ព្រោះលោកឈឹម ផលវរុណ ជាសាក្សី ដែលមាន ទំនាស់ផលប្រយោជន៍នៅក្នុងសំណុំរឿងក្តីនេះ។

លោកស្រីម៉េង សុភារី បានមានប្រសាសន៍ ថា “ចា៎ ! ក្រុមមេធាវីយើងខ្ញុំ នឹងពិនិត្យមើល លទ្ធភាពអំពីការសុំប្តឹងមោឃភាពទាក់ទងទៅ  ដំណើរនីតិវិធីក្នុងការសួរចម្លើយទៅលើសាក្សី លោកឈឹម ផលវរុណ។ ព្រោះអី យើងដឹង ហើយថា កន្លងមក លោកឈឹម ផលវរុណ ធ្លាប់ ធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស ហើយដែល គាត់ត្រូវបានមជ្ឈមណ្ឌលសិទ្ធិមនុស្ស បញ្ឈប់ពី ការងារ ដោយសារតែថាអស់គម្រោងមូលនិធិ  លើគម្រោងដែលគាត់បានកាន់ ហើយលោក ឈឹម ផលវរុណ គាត់មានការតវ៉ាទាក់ទងទៅ នឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពេល នោះ ហើយក្រោយៗមកទៀត យើងក៏ធ្លាប់បាន ឃើញនិងបានឮដែរ ដែលលោកឈឹម ផលវរុណ ធ្លាប់បានធ្វើការវាយប្រហារមកលើកូនក្តីយើងខ្ញុំជារឿយៗផងដែរ តាមរយៈវិទ្យុជាដើម។ អ៊ីចឹងសបញ្ជាក់ឱ្យឃើញថា សាក្សីគាត់មាន ទំនាស់ផលប្រយោជន៍ជាមួយជនត្រូវចោទ ដែល ត្រូវជាកូនក្តីរបស់យើងខ្ញុំ។ ចំពោះអ្វីដែលលោក ថា លោកឆ្លើយអ្វីដែលដឹង និងឆ្លើយថាអត់ដឹង នូវអ្វីដែលលោកអត់ដឹង វាសិទ្ធិរបស់សាក្សី ក្នុង ការឆ្លើយបំភ្លឺជូនតុលាការ។ ក៏ប៉ុន្តែ ក្នុងនាម យើងខ្ញុំជាមេធាវីការពារសិទ្ធិដល់ឯកឧត្តមកឹម សុខា ក៏យើងប្រើប្រាស់សិទ្ធិរបស់យើងខ្ញុំ ក្នុង នាមជាមេធាវីការពារដែរ។ ចំពោះការទៅ ពិនិត្យចម្លើយរបស់លោក ជាការពិតហើយ យើង នឹងស្នើសុំសំណុំឯកសារ ដើម្បីធ្វើការពិនិត្យមើល ហើយយើងនឹងសិក្សាអំពីលទ្ធភាពក្នុងការប្តឹង ដូចដែលខ្ញុំបានជម្រាបពីខាងលើ។ សម្រាប់ ឯកឧត្តមកឹម សុខា គាត់បញ្ជាក់មកមេធាវី យើងខ្ញុំទាំងអស់គ្នាដែរថា លោកឈឹម ផលវរុណ ធ្លាប់បានធ្វើការងារនៅឯមជ្ឈមណ្ឌលសិទ្ធិមនុស្ស  កាលនោះគឺគាត់ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយការដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ឈប់ការងារលោកឈឹម ផលវរុណ ដោយហេតុដូចខ្ញុំបានជម្រាបជូនខាងលើ។ ដូច្នេះហើយ យើងឃើញថា រវាងសាក្សីហើយ និងជនត្រូវចោទ គឺមានទំនាស់ផលប្រយោជន៍ នឹងគ្នា ដែលតុលាការគួរធ្វើការពិចារណាអំពី ចំណុចនេះ ពីព្រោះថា តើសាក្សីអាចស្វែងរក ការពិត ក៏ដូចជាអាចស្វែងរក និងផ្តល់យុត្តិធម៌ ដល់ជនត្រូវចោទ ឬអ្នកពាក់ព័ន្ធនៅក្នុងសំណុំរឿងហ្នឹងដែរឬទេ ?”។

គួរបញ្ជាក់ថា លោកកឹម សុខា ត្រូវបានឃុំ ខ្លួនពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នៅពន្ធនាគារត្រពាំងផ្លុង  មកទល់នឹងពេលនេះ មានរយៈពេលជិត ៥ខែ ហើយ។ កាលពីដើម ខែកុម្ភៈ នេះ សាលាឧទ្ធរណ៍ បានសម្រេចបន្ត ឃុំខ្លួនលោកកឹម សុខា។ ក្រុមមេធាវី គ្រោង នឹងដាក់ពាក្យប្តឹងសាទុក្ខទៅតុលាការកំពូល នៅពេលខាងមុខនេះ ដោយហេតុថា សេចក្តី សម្រេចរបស់សាលាឧទ្ធរណ៍ បន្តឃុំខ្លួនលោក កឹម សុខា ជាសេចក្តីសម្រេចមួយដែលមាន ភាពអយុត្តិធម៌បំផុតចំពោះលោកកឹម សុខា។

លោកស្រីមេធាវីម៉េង សុភារី បានបញ្ជាក់ ថា “ក្រុមមេធាវីយើងខ្ញុំបានរៀបចំពាក្យបណ្តឹង រួចហើយ។ យើងរង់ចាំមេធាវីដទៃទៀតចុះ ហត្ថលេខាលើពាក្យបណ្តឹងសិន បើសិនជាថ្ងៃ ស្អែកនេះ មេធាវីទាំងអស់នេះបានចុះហត្ថលេខា រួចរាល់ យើងនឹងដាក់ថ្ងៃស្អែក”។

បើតាមលោកស្រីម៉េង សុភារី ឱ្យដឹងថា ក្នុងពាក្យបណ្តឹងសាទុក្ខនោះ ក្រុមមេធាវីបានស្នើ ឱ្យតុលាការកំពូល ដោះលែងលោកកឹម សុខា ឱ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌ ព្រោះលោកកឹម សុខា មិនបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់របស់តុលាការនោះឡើយ៕

កុលបុត្រ

RELATED ARTICLES