Thursday, January 16, 2025
Homeសង្គម និងជីវិតអ្នកលក់ប្រហិត ខឹងនាយកសាលាស្តីបន្ទោស គាំងបេះដូងស្លាប់

អ្នកលក់ប្រហិត ខឹងនាយកសាលាស្តីបន្ទោស គាំងបេះដូងស្លាប់

ភ្នំពេញ ៖ បុរសជាអ្នកលក់ប្រហិតចៀននៅក្នុងសាលាម្នាក់ បានកើតមានអាការៈគាំងបេះដូងស្លាប់ភ្លាមៗ ក្រោយពីត្រូវនាយករងសាលា ស្តីបន្ទោសពីរឿងប្រើកែវជ័រដាក់ទឹកឱ្យសិស្សផឹក ខ្លាចប៉ះពាល់ដល់សុខភាព ស្រាប់តែធ្វើឱ្យជនរងគ្រោះខឹងសម្បាគាំងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចតូបលក់ប្រហិតចៀនរបស់ជនរងគ្រោះ ស្ថិតក្នុងបរិវេណវិទ្យាល័យចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បុរសរងគ្រោះដែលគាំងបេះដូងស្លាប់ មានឈ្មោះខូវ ប៉ាវហួ អាយុ៤៦ឆ្នាំ មុខរបរលក់ប្រហិតចៀន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោមខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះកំពុងតែចៀនប្រហិតលក់ឱ្យសិស្សសាលាដូចសព្វដង ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខលោកគ្រូនាយករងសាលាឈ្មោះអោ វ៉ាន់ បានដើរមកប្រាប់តាមតូបអ្នកលក់ដូរនៅក្នុងសាលាទាំងអស់ថា កុំឱ្យប្រើកែវជ័រដាក់ឱ្យសិស្សសាលាញ៉ាំទឹក ព្រោះវាប៉ះពាល់ដល់សុខភាពសិស្ស។

យ៉ាងណា លោកនាយរងរូបនោះ ក៏មិនបានដឹងថា ជនរងគ្រោះខាងលើ មានជំងឺបេះដូងអ្វីដែរ ស្រាប់តែមួយសន្ទុះក្រោយមក ជនរងគ្រោះជាអ្នកលក់ប្រហិត ក៏បានដួលស្លាប់ភ្លាមៗតែម្តង នៅក្នុងតូបលក់របស់គាត់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែង និងបានរាយការណ៍បន្តដល់នគរបាលជំនាញ ចុះទៅពិនិត្យសពជនរងគ្រោះខាងលើ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាគាំងបេះដូងស្លាប់ដោយខ្លួនឯងប្រាកដមែន។

ចំណែកស្ត្រីជាប្រពន្ធជនរងគ្រោះ ដែលបានមកដល់ទីតាំងកើតហេតុដែរនោះ បានសម្រេចមិនធ្វើការប្តឹងផ្តល់អ្វីនោះទេ និងបានប្រាប់ថា ប្តីរបស់គាត់មានជំងឺខ្សោយបេះដូង ដោយប្រើប្រាស់ថ្នាំជាប្រចាំ ហើយនៅមុនពេលកើតហេតុ ប្តីគាត់មិនទាន់បានលេបថ្នាំការពារទេ ហេតុដូចនេះ ឱ្យតែគាត់ខឹងគេម្តងៗ តែងតែសន្លប់ជាញឹកញាប់។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES