ភ្នំពេញ ៖ ជារឿងគួរឱ្យសង្វេគចិត្តមួយ សម្រាប់គូស្នេហ៍វ័យក្មេងមួយគូនេះ ដែលកំពុងស្រលាញ់គ្នាស្អិតល្មួតចាក់ទឹកមិនលេច និងកៀកដល់ថ្ងៃជ័យមង្គលទៅហើយ បែរជាត្រូវកម្មកាចមកពង្រាត់បុរសជាគូដណ្តឹង ឱ្យព្រាត់និរាសពីចេញពីបេះដូងនារីជាទីស្រលាញ់ជារៀងរហូត ជាហេតុធ្វើឱ្យភាគីខាងនារីជាគូដណ្តឹងរន្ធត់ចិត្តសឹងមិនអាចទទួលយកបាន និងបានទួញសោករំលឹកអំពីទឹកចិត្តបុរសជាទីស្រលាញ់ដែលតែងយកចិត្តទុកដាក់ ជួយយកអាសារគ្រប់មនុស្សជុំវិញខ្លួន។
គូស្នេហ៍វ័យក្មេងខាងលើនេះ ត្រូវបានគេដឹងថា ខាងប្រុសមានឈ្មោះវង្ស វាសនា អាយុ២៦ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ទោ ក្នុងអង្គភាពចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងជាកូនទី២ក្នុងគ្រួសារ មានលំនៅក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកនារីជាគូដណ្តឹងដែលកំពុងទទួលរងការវាយប្រហារខាងផ្លូវចិត្ត ខណៈដែលបុរសជាទីស្រលាញ់ព្រាត់និរាសទៅ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Phors Katriya។
កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្ចាស់គណនីហ្វេសប៊ុក Phors Katriya ដែលត្រូវជាគូដណ្តឹងរបស់ម់ន្ត្រីនគរបាលចរាចរណ៍ ដែលក្រឡាប់រថយន្តស្លាប់ បានបង្ហោះសារទុក្ខសោកមួយ រៀបរាប់ពីអនុស្សាវរីយ៍ផ្អែមល្ហែមដែលពួកខ្លួនធ្លាប់មានកន្លងមក រួមនឹងបង្ហាញពី សណ្តានទឹកចិត្តបុរសជាគូដណ្តឹងកាលពីនៅមានជីវិតថា “ព្រហ្មលិខិតហាក់បីដូចជាអយុត្តិធម៌សម្រាប់ពួកយើងពេកហើយ ដឹងទេថា ទំរាំដើរដល់ផ្លូវនេះ ពួកយើងតស៊ូជំនះគ្រប់ឧបសគ្គលំបាកយ៉ាងណា? បងអើយម៉េចក៏បងទៅចោលអូនលឿនម៉្លេះ? យើងនៅមានគោលដៅនិងក្តីស្រមៃរួមគ្នាជាច្រើនទៀត ដែលមិនទាន់សម្រេចបាន បងគឺជាបុរសល្អម្នាក់ ដែលអូនមិនអាចបដិសេធបាន ពីពេលនេះទៅអូនលែងបានស្តាប់ឮសំឡេងបងទៀតហើយ សំឡេងដែលតែងសួរអូនថា ថ្ងៃនេះអូនធ្វើការហត់ទេ? ជួបបញ្ហានៅកន្លែងការងារច្រើនទេ? អូនឃ្លានទេ? ប្រញាប់រកអីញ៉ាំណា បងបារម្ភ ឆាប់ចូលគេងណា បងមានភារកិច្ចដែលត្រូវបំពេញមិនអាចកំដរអូនយូរទេ បងអើយ ពេលនេះបងលាអូនរហូតហើយ អូនដឹងថាបង សប្បាយចិត្តណាស់ ពេលដឹងថាវេលាល្អរបស់យើងនឹងជិតឈានមកដល់ បងតែងតែញញឹមហើយលើកទឹកចិត្តអូន នៅចាំបាននៅពាក្យមួយម៉ាត់ បងប្រាប់អូនថា អូនគឺជានារីម្នាក់ដែលអាចផ្លាស់ប្តូរបងបាន អូនដឹងថាធ្វើការនៅខេត្ត បងពិតជាកណ្តោចកណ្តែងណាស់ បងមិនដែលបានគេងស្រួលទេ បងហត់នឿយណាស់ តែបងមិនដែលត្អូញត្អែរសូម្បីតែមួយម៉ាត់ បងតស៊ូណាស់ព្យាយាមណាស់ អូនពិតជាមានសំណាងណាស់ ដែលបានជួបបុរសល្អដូចជារូបបង បងមិនដែលបដិសេធសម្រាប់ការធ្វើអំពើល្អ និងជួយដល់អ្នកដទៃនោះទេ អូនសូមឧទ្ទិសកុសលផលបុណ្យ និងទង្វើល្អៗដែលយើងបានសាងជាមួយគ្នានៅជាតិនេះ គឺជាកុសលដែលអាចឱ្យពួកយើងបានជួបជាគ្នាគូអនាគតនៅជាតិក្រោយ កុំឱ្យដូចជាតិនេះទៀត។ ម្សិលម៉្ងៃបងទើបតែខលប្រាប់អូនថា ថ្ងៃ១៩ បងអាចនឹងមករៀននៅសាលាបណ្ឌិតសភា រយៈពេល២ខែ អូនសប្បាយចិត្តណាស់បងដឹងទេ អូនបានត្រៀមរួចរាល់សម្រាប់កាដូថ្ងៃខួបកំណើតបង អូននៅចាំបានថា បងចង់បានកាបូបយួរដៃសម្រាប់ដាក់ឯកសារ តែពេលនេះ ម៉េចក៏បងមកផ្ទះវិញ ឆាប់ម៉្លេះ ហើយម៉េចក៏ឱ្យអូនមកទទួលបងទាំងបែបនេះ មានពាក្យក្នុងចិត្តជាច្រើនដែលអូនមិនអាចរៀបរាប់អស់ អូនគ្រាន់តែដឹងថា អូននិងរក្សាចិត្តក្តីស្រលាញ់ មេត្តាធម៌ និងអនុស្សារីយ៍ល្អៗរបស់បងក្នុងចិត្តអូនជារៀងដរាប សូមបងទៅកាន់សុគិតិភពដោយស្ងប់ចិត្ត អូននឹងរឹងមាំជានិច្ចសម្រាប់បង អូនដឹងថាក្តីបំណងរបស់បង គឺចង់ឃើញអូនសប្បាយចិត្ត អរគុណម៉ាក់ប៉ាទាំងសងខាង ដែលបានបំពេញបំណងកូនៗ តែពេលនេះពួកយើងអស់និស្ស័យនឹងគ្នាត្រឹមនេះហើយ Love u forever 07.02.2018 …”។
ក្រោយការបង្ហោះសារទុក្ខសោកខាងលើនេះ គេឃើញមិត្តភក្តិ រួមនឹងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានសម្តែងនូវអារម្មណ៍តក់ស្លុតរន្ធត់ចិត្ត រហូតដល់មានអ្នកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង ដោយសារតែក្តីសង្វេគ ចំពោះចំណងស្នេហ៍អ្នកទាំង២ ដែលជិតដល់ថ្ងៃល្អទៅហើយ បែរជាមកជួបរឿងអកុសលបែបនេះទៅវិញ។ យ៉ាងណា ក៏មានការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ពិសេស នារីជាគូដណ្តឹង ព្រមទាំងបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកវង្ស រតនា ឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
គួររំលឹកថា បុរសជានគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងម្នាក់ឈ្មោះវង្ស វាសនា បានជួបហេតុការណ៍ក្រឡាប់ រថយន្តស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលនគរបាលចរាចរណ៍វ័យក្មេងរូបនេះ បានចុះជួយអន្តរាគមន៍ដឹកជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដែលបើករថយន្តកូរ៉េ បុកគូទរថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវ ដែលចតលើចិញ្ចោមឹផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធទៅកាន់មន្ទីរពេទ្យ ស្រាប់តែអកុសល ពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ រថយន្តស៊ីរ៉ែនរបស់នគរបាលវ័យក្មេង បានជួបនឹងគ្រោះថ្នាក់ក្រឡាប់ បណ្តាលឱ្យស្លាប់មន្ត្រីចរាចរណ៍រូបនោះតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំផ្សារទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញប្តីប្រពន្ធ២នាក់បើករថយន្តកូរ៉េដឹកកន្ទេលមួយគ្រឿង ធ្វើដំណើរបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន មើលផ្លូវមិនច្បាស់ ក៏បានជ្រុលទៅបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកស្រូវ ដែលកំពុងឈប់តាមចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសទាំង២នាក់ប្តីប្រពន្ធធ្ងន់ស្រាល។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ ប៉ូលិសចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះទៅអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ ហើយក្នុងនោះមន្ត្រីចរាចរណ៍វ័យក្មេង ឈ្មោះវង្ស វាសនា បានជួយដឹកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ តាមរថយន្តស៊ីរ៉ែន សំដៅទៅកាន់ម់ន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ស្រាប់តែអកុសល នៅពេលរថយន្តស៊ីរ៉ែនរបស់មន្ត្រីនគរបាលឈ្មោះវង្ស វាសនា បើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍មួយជាន់ទៀត ដោយរថយន្តស៊ីរ៉ែននោះ បានរេចង្កូតទៅខាងឆ្វេងដៃ បុកដើមឈើ និងតូបលក់ដូរនៅក្បែរចិញ្ចើមផ្លូវ ហើយក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យប៉ូលិសចរាចរណ៍ជាអ្នកបើកបររូបនោះ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកបុរសរងគ្រោះជាប្តីរងរបួសធ្ងន់បាក់ភ្លៅស្តាំ រីឯស្ត្រីជាប្រពន្ធរងរបួសធ្ងន់ ដោយបាក់ដៃជាច្រើនកំណាត់ និងបានកៀបជាប់ក្នុងរថយន្តផងដែរ។
ក្រោយកើតហេតុជាលើកទី២ សមត្ថកិច្ចបានប្រើរយៈពេលជាងកន្លះម៉ោង ទើបគាស់យកប្តីប្រពន្ធរងគ្រោះចេញបានហើយ ដឹកតាម រថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិតជាលើកទី២។
ចំណែកសាកសពជនរងគ្រោះ ជាមន្ត្រីនគរបាលចរាចរណ៍ឈ្មោះវង្ស វាសនា ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកយកទៅកាន់លំនៅឋានឯរាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាពន់ពេក។ អ្វីដែលកាន់តែរន្ធត់ចិត្តបំផុតនោះ គឺជនរងគ្រោះឈ្មោះវង្ស វាសនា ជិតនឹងដល់ថ្ងៃចូលរោងការជាមួយនឹងនារីជាគូដណ្តឹងរបស់ខ្លួនទៅហើយ បែរជាមកជួបគ្រោះអកុសលបែបនេះទៅវិញ ជាហេតុធ្វើឱ្យនារីជាគូដណ្តឹងយំសោកបោកខ្លួន ស្តាយស្រណោះអាឡោះអាល័យបុរសជាគូដណ្តឹងរបស់ខ្លួនយ៉ាងខ្លាំង៕