ខេត្តកំពត ៖ បុរសម្នាក់នេះចាប់ដៃគ្នាជាមួយប្រពន្ធតាំងពីកំលោះក្រមុំ រហូតដល់មានកូនធំទន្ទឹមស្មា ស្រាប់តែពេលប្តីចេញទៅធ្វើការស្រុកឆ្ងាយយូរ ប្រពន្ធជូរមាត់ ក៏លួចលាក់ទាក់ទងមានប្រុសសហាយ ក្បត់ចិត្តប្តី និងថែមទាំងបំផ្លាញទ្រព្យសម្បត្តិ លុយកាក់មិនសល់ រហូតជាប់បំណុលធនាគារទៀតផង។ លុះប្តីដឹង ប្តឹងសុំលែងម្តងដែរ តែមិនដាច់ ក៏ព្រមរួមរស់ជុំគ្នាវិញ តែដោយប្រពន្ធមិនព្រមកែខ្លួន ទើបប្តីខឹងក៏បណ្តេញប្រពន្ធចេញពីផ្ទះ រួចទៅសែនព្រេនយកប្រពន្ធទី២ ដើម្បីកុំឱ្យចាញ់ចិត្តប្រពន្ធ។
លោកណុប ខ្នាន អាយុ៤៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក បានរៀបរាប់ប្រាប់ថា កាលពីក្មេង គាត់រៀនសូត្រមិនបានវែងឆ្ងាយចប់ចុងចប់ដើមនោះទេ ព្រោះតែជីវភាពគ្រួសារទីទ័លក្រពេក ហេតុនេះត្រូវឈប់រៀន ងាកមកជួយការងារស្រែចម្ការឪពុកម្តាយ។ ចូលដល់អាយុ២១ឆ្នាំ ក៏ត្រូវឪពុកម្តាយរៀបចំផ្សំផ្គុំឱ្យមានប្រពន្ធឈ្មោះឈួន ឃន អាយុប្អូនគាត់៣ឆ្នាំ រួចក៏បានរួមរស់នឹងគ្នារហូតមកដល់សព្វថ្ងៃ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកគាត់បានប្រកបរបរធ្វើស្រែ និងបិតស្រា ចិញ្ចឹមជ្រូកលក់ និងបានរួមរស់ជាមួយគ្នា រហូតបង្កើតបានកូន៥នាក់ (ប្រុស៣ ស្រី២)។ ដោយសារតែធ្វើការរកស៊ីនៅស្រុកកំណើតរកចំណូលបានតិចពេក ចិញ្ចឹមកូនមិនចង់រស់ ទើបគាត់បានសម្រេចចេញទៅធ្វើការនៅស្រុកថៃ ដើម្បីរកប្រាក់ចំណូលបន្ថែម ដោយទុកឱ្យប្រពន្ធនៅរកស៊ីបិតស្រា ចិញ្ចឹមជ្រូកនៅផ្ទះ និងមើលថែកូនៗ។
លោកណុប ខ្នាន បន្តថា លុះពេលគាត់ចេញទៅធ្វើការនៅស្រុកថៃយូរ ស្រាប់តែប្រពន្ធជូរមាត់ បែកគំនិតលួចលាក់មានប្រុសសហាយមិនតិចនាក់ឡើយ ប៉ុន្តែគាត់ដឹងច្បាស់តែម្នាក់ប៉ុណ្ណោះ គឺឈ្មោះរ៉ាត់ អាយុស្របាលគ្នា និងរស់នៅភូមិក្បែរគ្នា។ តាមពិត បុរសឈ្មោះរ៉ាត់ នោះ មានប្រពន្ធកូនរួចទៅហើយ និងជាមនុស្សដែលចូលចិត្តដើរលេងល្បែង មិនសូវគិតខ្វល់ពីប្រពន្ធកូនឡើយ ហើយឈ្មោះរ៉ាត់ នេះ ឧស្សាហ៍មកលេងផ្ទះរបស់គាត់ញយៗ លុះពេលដឹងថា គាត់ជាប្តីមិននៅផ្ទះចេញទៅធ្វើការឆ្ងាយ ក៏ចាប់ផ្តើមអន្ទងចិត្តទាក់កាយប្រពន្ធរបស់គាត់យកទៅរួមមេត្រីយ៉ាងឆ្ងាញ់មាត់ ហើយសមនឹងប្រពន្ធរបស់គាត់ចិត្តងាយផង ក៏លួចលាក់សប្បាយជាមួយគ្នាយ៉ាងអស់ដៃតែម្តង។
លោកណុប ខ្នាន បានឱ្យដឹងទៀតថា នៅពេលធ្វើការនៅស្រុកថៃ គាត់តែងផ្ញើលុយឱ្យប្រពន្ធមិនដែលដាច់ ដោយក្នុងមួយខែ ហោចណាស់ ក៏ផ្ញើឱ្យប្រពន្ធចាប់ពី១ម៉ឺនទៅ១ម៉ឺន៥ពាន់បាតដែរ ចំណែកខ្លួនឯងប្រឹងស៊ីឈ្នួលរស់នៅស្រុកគេទាំងត្រដាបត្រដួស មិនហ៊ានស៊ីចាយអ្វីផ្តេសផ្តាសទេ ព្រោះខ្លាចប្រពន្ធកូននៅផ្ទះដាច់ពោះស្លាប់។ ដឹងអី! ទោះជាផ្ញើលុយឱ្យយ៉ាងណាក៏មិនសល់ និងថែមទាំងជំពាក់បំណុលគេវ័ណ្ឌកទៀតផង ធ្វើឱ្យគាត់សង្ស័យត្រឡប់មកស្រុកវិញស៊ើបសួរ ទើបដឹងថា ប្រពន្ធយកលុយដើរចាយវាយបំពោកប្រុសសហាយ ចាញ់ល្បែងគ្មានសល់ និងថែមទាំងជាប់បំណុលធនាគាររហូតដល់ទៅ២ពាន់ដុល្លារទៀតផង។
លោកណុប ខ្នាន បានបន្ថែមថា នៅពេលដឹងថា ប្រពន្ធមានចិត្តមិនស្មោះត្រង់ គាត់ក៏ប្តឹងលែងលះ តែក្រោយមក ដោយសារអាជ្ញាធរជួយសម្របសម្រួលផង ប្រពន្ធព្រមទទួលកំហុសផង ទើបធ្វើឱ្យគាត់ចិត្តទន់ព្រមជានា រួមរស់នឹងប្រពន្ធវិញ។ ប៉ុន្តែប្រពន្ធមានទៅស្មោះត្រង់នឹងប្តីឯណា មិនព្រមចោលចរិតពុតត្បុតក្បត់ផិតប្តី ចេះតែលួចទាក់ទងជាមួយបុរសឈ្មោះរ៉ាត់ ម្តងហើយម្តងទៀត រហូតគាត់តាមទាន់នឹងភ្នែកដល់ទៅ២ដងឯណោះ ទើបធ្វើឱ្យគាត់ខឹង ក៏ដេញប្រពន្ធឈប់ឱ្យចូលផ្ទះ គ្រាន់តែមិនទាន់បានលែងលះគ្នាដាច់ស្រេចនៅឡើយ។
លោកខ្នាន បានបញ្ជាក់ថា ក្រោយពីរស់នៅតែម្នាក់ឯងឯកោខ្លាំងពេក ទើបគាត់បានសែនយកប្រពន្ធទី២ម្នាក់ទៀត ឈ្មោះមុំ អាយុ៣៣ឆ្នាំ ជាស្ត្រីមេម៉ាយកូន១។ ពេលសែនព្រេនប្រពន្ធទី២ហើយ គាត់ក៏បានចុះចេញពីផ្ទះ ទៅរស់នៅខាងប្រពន្ធទី២វិញ ស្រាប់តែពេលនេះប្រពន្ធដើមជើងល្អ បែរជាយកលេសថា គាត់ជាប្តីចុះចោលផ្ទះទៅមានស្រីថ្មី ប្តឹងទាមទារចែកទ្រព្យសម្បត្តិវិញម្តង។
អ្នកស្រីឈួន ឃន អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធទី១ លោកណុប ខ្នាន បានឱ្យដឹងថា “គាត់ពិតជាបានប្តឹងលែងលះជាមួយប្តីមែន ព្រោះប្តីមិនទាន់លែងលះគ្នាដាច់ស្រឡះផង បែរជាហ៊ានទៅសែនយកប្រពន្ធថ្មីទៀត។ យ៉ាងណា ពេលនេះ ពួកគាត់បានលែងលះគ្នាដាច់ស្រឡះហើយ ហេតុនេះម្ខាងៗមានសិទ្ធិយកប្រពន្ធថ្មី ម្ខាងក៏មានសិទ្ធិយកប្តីថ្មីទៀតដែរ មិនពាក់ព័ន្ធគ្នាទៀតទេ ចំណែកទ្រព្យសម្បត្តិបានចែកគ្នាស្មើ ដោយឡែកផ្ទះទុកឱ្យកូនៗរស់នៅ រីឯលុយធនាគារដែលនៅសល់តិចតួច គាត់ជាអ្នករ៉ាប់រងទៅចុះ៕