ខេត្តកណ្តាល ៖ បុរសម្នាក់បានកើតមានអារម្មណ៍រវើរវាយ ដើរទៅនិយាយប្រាប់ឪពុកក្មេករបស់ខ្លួនថា មានប៉ូលិសច្រើនណាស់ ដេញចាប់ខ្លួន បន្ទាប់មកក៏ដើរចេញទៅចងកសម្លាប់ខ្លួន នៅលើដើមអំពិលទឹកបារាំង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃ ត្រង់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចដើមអំពិលទឹកបារាំងម្តុំចុងព្រែកថ្មី ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះស៊្រុន ថា អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះហុង ឈុនលី ត្រូវជាឪពុកក្មេករបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ កូនប្រសាប្រុសរបស់គាត់ (ជនរងគ្រោះ) បាននិយាយប្រាប់គាត់ថា ឃើញប៉ូលិសច្រើនណាស់ នៅលើថ្នល់ជាតិ ចង់មកដេញចាប់រូបគេ លុះពេលនិយាយរួចជនរងគ្រោះបានដើរចេញពីផ្ទះបាត់ទៅ ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ។
រហូតមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃដដែល ក៏មានបុរសឈ្មោះចិន្តា បាននាំគ្នារត់មកប្រាប់គាត់ថា ប្រទះឃើញកូនប្រសាប្រុសរបស់គាត់ចងកនៅលើដើមអំពិលបារាំងស្លាប់បាត់ទៅហើយ។ លឺបែបនេះភ្លាម គាត់ជាឪពុកក្មេក បានស្រែកឆោឡោ ហៅអ្នកជិតខាងនាំគ្នាទៅដល់ទីតាំងកើតហេតុ រួចក៏ឡើងកាត់ខ្សែដាក់សពកូនប្រសាប្រុសចុះមកក្រោម ក្រែងនៅមានដង្ហើម តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសាកសពរួចរាល់ សមត្តកិច្ចជំនាញ បានបញ្ជាក់ថា សាកសពពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ហេតុនេះ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុងពណ៌ខ្មៅ ចងកភ្ជាប់នឹងមែកស្វាយ កំពស់៤ម៉ែត្រ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕