ខេត្តព្រៃវែង ៖ បុរសវ័យចំណាសា់ម្នាក់ បានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីម្នាក់ រស់នៅភូមិជាមួយួគ្នារហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល៣ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិជៃតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច។
ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះញែម សំ អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំដែលសមត្ថកិច្ចចុះចាប់ឃាត់ ខ្លួនខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ការចាប់ខ្លួនជនសង្ស័យឈ្មោះញ៉ែម សម ខាងលើនេះ ធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួន លេខ០៤/១៨ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៨ របស់លោក ក សាខន ចៅក្រមស៊ើបសួរសាលាដំបូងព្រៃវែង ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅភូមិជៃតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះម្នាក់ រហូតដល់បានសម្រេច។ លុះពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនចេញបាត់ពីមូលដ្ឋានរស់នៅ មិនដឹង ទៅសំម្ងំលាក់ខ្លួនដល់កន្លែងណា។ ចំណែកក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមប្រមាញ់ ចាប់ខ្លួនជនសង្ស័យខាងលើ នាំយកមកធ្វើការសាកសួរ និងចាត់ការតាមច្បាប់។
លុះក្រោយពីរត់គេចសំម្ងំលាក់ខ្លួនអស់រយៈពេល៣ឆ្នាំរួចមក ជនសង្ស័យឈ្មោះញ៉ែម សម បានលបវិលត្រឡប់មកផ្ទះវិញ និងត្រូវបាន សមត្ថកិច្ចប្រទះឃើញ ក៏ចុះឃាត់ខ្លួនតាមដីកាតុលាការតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕