សុភាសិតសកល ១ឃ្លាថា “សន្យាជារឿងមួយ ឯការធ្វើតាមសន្យាជារឿងមួយទៀត” (It’s one thing to promise and another to perform) មានខ្លឹមសារផ្តោតទៅលើកិច្ចសន្យាអ្វីមួយរវាងថ្នាក់លើ និងថ្នាក់ក្រោម ប៉ុន្តែ នៅពេល ធ្វើតាមកិច្ចសន្យាទៅមិនរួច ក៏កើតជាការតវ៉ាកើតទុក្ខមិនសុខចិត្ត។ បញ្ហាកម្មករ-កម្មការិនីរោងចក្រ ធ្វើបាតុកម្មប្រឆាំងថៅកែ រោងចក្រ មិនចេះចប់មិនចេះហើយនោះ គឺមកពីរដ្ឋាភិបាលសន្យាជាមួយកម្មករ ប៉ុន្តែ ថៅកែមិនធ្វើតាមសន្យានោះ ដែល “នគរធំ” ក្តាប់បាន ក៏សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កន្លងមក រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ ជាសេនាធិការ ក៏ដូចជាសហជីពគាំទ្ររដ្ឋាភិបាល នៅពេលចុះជួបកម្មករ-កម្មការិនីតាមបណ្តារោងចក្រនានា តែងសន្យាដំឡើងប្រាក់ឈ្នួលអប្បបរមា រហូតដល់១៧០ដុល្លារ និងជួយទប់ស្កាត់ថ្លៃទឹក ថ្លៃភ្លើង បន្ទប់ជួល ដើម្បីសម្រួលជីវភាពបងប្អូនកម្មករឱ្យមានលំនឹងកក់ក្តៅក្នុងជីវិត។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានដាក់កាលវិភាគយ៉ាង ទៀងទាត់រាល់សប្តាហ៍ ចុះសួរសុខទុក្ខ សំណេះសំណាលជាមួយក្មួយៗកម្មករ-កម្មការិនី យ៉ាងស្និទ្ធស្នាល បានទាំងចែកអំណោយដល់ កម្មការិនីមានផ្ទៃពោះគ្រប់គ្នា ធ្វើឱ្យប្រជាប្រិយភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីសម្តែងភាពស្និទ្ធស្នាល ថតសែលហ៊្វីជាមួយ គ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានទាំងសន្យាយ៉ាងនេះយ៉ាងនោះ ជាពិសេស ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ បូកនិងប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត សរុបទៅជាង២០០ដុល្លារឯណោះ ឃើញថា ល្មមរស់សមរម្យ ហើយសម្រាប់កម្មករ-កម្មការិនី ដែលចាកចោលផ្ទះសម្បែង ស្រុកកំណើត មកលក់ពលកម្មនៅទីក្រុង។ ការសន្យានេះ ឃើញធ្វើបាននៅតាមបណ្តារោងចក្រសហគ្រាសខ្លះ ដែលមានថៅកែគោរព ច្បាប់ការងារ និងដើរតាមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាល ស្របនឹងសុភាសិតថា “សន្យាជារឿងមួយ”។
ផ្ទុយទៅវិញ “ការធ្វើតាមសន្យាជារឿងមួយទៀត” ពោលគឺថៅកែខ្លះដែលភាគច្រើនជាជនជាតិចិន មិនធ្វើតាមសន្យា នេះទេ ជាហេតុនាំឱ្យកម្មករ-កម្មការិនីផ្ទុះបាតុកម្ម កូដកម្មបិទផ្លូវជាតិ ឬនាំគ្នាព័ទ្ធរោងចក្រជារឿយៗ ដើម្បីប្រឆាំងថៅកែ មិនគោរពកិច្ចសន្យា។ ដូចកាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញទៅសំណេះសំណាលជាមួយក្មួយៗកម្មករ-កម្មការិនី ប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រនានានៅតំបន់ទំនប់កប់ស្រូវ សម្តេចបានទាំងលើក និងរំព្ញកពីប្រាក់ឈ្នួល អប្បបរមា ១៧០ដុល្លារនោះទៀត ប៉ុន្តែ គ្រាន់តែរំសាយការជួបជុំភ្លាម ស្រាប់តែកម្មករ-កម្មការិនីរោងចក្រកាត់ដេរ ៣ទីតាំង នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ផ្ទុះកូដកម្ម បន្ទាប់ពីដឹងថា ថៅកែរោងចក្រលួចដឹកសម្ភារៈផ្សេងៗចេញ ដោយ មិនបើកប្រាក់ឈ្នួលប្រចាំខែមករា ឱ្យពួកគេ។ រឿងដឹកអីវ៉ាន់ចេញនេះ សង្ស័យថៅកែក្ស័យធន ប៉ុន្តែ បើក្ស័យធន ហេតុអ្វីមិន ប្រកាសឱ្យកម្មករបានដឹងជាទូទៅ និងសុំការអនុគ្រោះ បែរជាលួចរត់បែបនេះ ឈ្មោះថា “ធ្វើតាមសន្យាជារឿងមួយ”។
សព្វថ្ងៃ បណ្តារោងចក្រនានា មានថៅកែជាជនជាតិចិន ស្ទើរទាំងអស់ ដែលថៅកែខ្លះ គោរពច្បាប់ការងារកម្ពុជា ឯខ្លះទៀត ពុំត្រឹមតែមិនគោរពទេ ថែមទាំងប្រមាថមើលងាយកម្មករខ្មែរដូចសំរាម ជួនកាលស៊ីផឹកស្រវឹង បើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ អំពល់ទុក្ខដល់ប៉ូលិសឯណោះទៀត។ កាលពីពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ជនជាតិចិន ខ្លះធ្វើឱ្យប៉ះពាល់វិនិយោគចិន នៅកម្ពុជា”។ ការលើកឡើងនេះ ជារឿងត្រឹមត្រូវ ព្រោះកំណើនជនជាតិចិន អន្តោប្រវេសន៍មកកម្ពុជា ទាំងវិនិយោគិន (ថៅកែ) និងពលករចិន កាន់តែច្រើនទៅៗ ហើយ ល្បីជាងគេនៅខេត្តព្រះសីហនុ។ លោកស្យុងប៉ ឯកអគ្គរដ្ឋទូតចិន បានលើកឡើងទៀតថា “ជនជាតិចិន ដែលចូលមករកស៊ី នៅកម្ពុជា ត្រូវគោរពច្បាប់កម្ពុជា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ” ជាពិសេស លោកទូត មិនគាំទ្រឱ្យថៅកែចិន បង្កើតកាស៊ីណូ ដែលជាប្រភពល្បែងស៊ីសងនោះទេ ទោះជាស្របច្បាប់ក្តី។
យ៉ាងណា យើងនិយាយតែពី “សន្យាជារឿងមួយ ឯការធ្វើតាមសន្យាជារឿងមួយ” សំដៅដល់មន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនឹង ការងារ ចេះតែសន្យាមិនឈប់ ប៉ុន្តែ ពួកថៅកែដែលជាអ្នកយកការសន្យាទៅអនុវត្តនោះ ធ្វើតាមមិនបាន។ រឿងធ្វើតាម មិនបាននោះ មកពី “ចំណេញតិចពេក” បើបើកប្រាក់កម្រៃឈ្នួលច្រើនឱ្យកម្មករតាមអ្វីដែលមន្ត្រីបានសន្យាជាមួយកម្មករនោះ ថៅកែរោងចក្រមិនសូវចំណេញ ម៉្លោះហើយមានតែ “កុំធ្វើតាមសន្យា”។ កន្លងមក យើងកម្របានឃើញថៅកែចិន ចេញមុខ សន្យាជាមួយកម្មករណាស់ ដោយចាត់តែតំណាងក្រុមហ៊ុន ឬអ្នកបកប្រែភាសាមកប្រាប់តែប៉ុណ្ណោះ ហាក់មានចេតនាគេចវេះ មិនទទួលកិច្ចសន្យាដែលក្រសួងដាក់ឱ្យអនុវត្ត បណ្តាលឱ្យកម្មករកើតទុក្ខមិនសុខចិត្ត ផ្ទុះកូដកម្មបិទផ្លូវជាតិ។ លុះកម្មករ ផ្ទុះកំហឹង សមត្ថកិច្ចត្រូវតែចុះទៅឃាត់ឃាំងរារាំង ជួនកាលក៏ផ្ទុះអំពើហិង្សាខ្លះៗទៅ លុះមានបញ្ហាក៏រាលដាលទៅជារឿង នយោបាយទៅវិញ រហូតដល់សហជីពខ្លះដែលកាន់ជើងថៅកែ ចោទកម្មករថា ជាប្រភពនៃ “បដិវត្តន៍ពណ៌”។ បើរកដើម ភ្លើង គឺមកពីថៅកែសូញសាញគំរិះ មិនបើកប្រាក់ឈ្នួលទៀងទាត់តាមអ្វីដែលរដ្ឋាភិបាល ចង្អុលបង្ហាញ បានជាអ៊ីចឹង។
សូមរំព្ញកថា ជនជាតិចិន បានចូលមកកម្ពុជា តាំងពីសម័យនគរគោកធ្លក ម៉្លេះ មិនទើបតែឥឡូវនេះទេ។ ប្រវត្តិសាស្ត្រ ខ្មែរ កុំតែបានលោកយី ស៊ីង ជីវ តាក្វាន់ ជួយកត់ត្រាទុក ក៏ខ្មែរមិនដឹងពីអរិយធម៌អង្គរ ដ៏រុងរឿងនោះដែរ ប៉ុន្តែ ឈ្មួញចិន និង អ្នកស្រាវជ្រាវចិន មានចរិតខុសគ្នា។ អ្នកស្រាវជ្រាវតែងតែចូលរួមចំណែកជាមួយអាជ្ញាធរ ក្នុងការរុករកស្រាវជ្រាវទីតាំងបុរាណស្ថាននានា ប៉ុន្តែ ឈ្មួញចិន គេគិតតែពីស្រវាវេច។ បណ្តាំក្រមង៉ុយ ថា “ចិនមកពីស្រុកនាយ មានសម្ពាយជារបស់ មិនទាន់ ចេះខ្មែរសោះ គ្មានកេរកោះស្រែចម្ការ។ កវែកចង្ក្រានឆ្នាំង ផ្សំកម្លាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន។ ទំនិញ មានគ្រប់មុខ ផ្ទាប់ផ្ទេរទុកដាក់ដោយធុន ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក…”។ ថៅកែចិន ក្តាប់សេដ្ឋកិច្ចខ្មែរណែនដៃ សូម្បីនៅខេត្តបាត់ដំបង កាលពីសម័យស្តេចត្រាញ់ “កថាថន ឈុំ” ត្រួតត្រាក្រោមអំណាចសៀម មានថៅកែចិន ម្នាក់ឈ្មោះ “ចិកជុយ” ម៉ៅការខាងបោះប្រាក់ស្លឹង ប្រាក់បាត ប្រាក់ណែន សម្រាប់ចាយវាយក្នុងខេត្ត។ ចិកជុយ មានអំណាចខ្លាំងណាស់ មន្ត្រីខេត្តឱនក្បាលខ្លាចគាត់គ្រប់គ្នា ព្រោះគាត់សម្បូរប្រាក់ជាងគេ រហូតដល់អ្នកស្រុកខ្លះក្លាយជាកូនបំណុលចិកជុយ។
នៅសម័យសង្គមរាស្ត្រនិយម អ្នកណាក៏ខ្លាចឥទ្ធិពល “អុងប៉ាង” ដែរ ព្រោះគាត់ជាប្រធានសមាគមចិន ប្រចាំស្រុក មាន ទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេ។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុក សន្យាជាមួយប្រជារាស្ត្រថា នឹងទប់ស្កាត់ទំនិញ មិនឱ្យ ឡើងថ្លៃ ប៉ុន្តែ អុងប៉ាង មិនគោរពកិច្ចសន្យានោះ ច្បាស់ជាទំនិញឡើងថ្លៃក្រឺតៗ។ រឿង “សាច់គោឡើងថ្លៃ” ក៏ព្រោះតែ ថៅកែសត្តឃាតមិនរវល់ស្តាប់ការណែនាំរបស់រដ្ឋមន្ត្រី ជាហេតុនាំឱ្យមានការតវ៉ា រហូតដល់លោកខៀវ សំផន ដែលកាល នោះ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបង្ខំឱ្យលាតំណែង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៦៣ ព្រោះតែរឿង “សាច់គោ ឡើងថ្លៃ” ឬ “សន្យាជារឿងមួយ ឯការធ្វើតាមសន្យាជារឿងមួយ” នេះឯង។
ឥឡូវអ្វីៗវាជាន់ដានចាស់ទៀតហើយ ខណៈដែលក្រសួងការងារ សន្យាយ៉ាងនេះយ៉ាងនោះជាមួយកម្មករ ដឹងអី! ស្រាប់តែ កម្មករផ្ទុះកូដកម្មបិទផ្លូវជាតិ ធ្វើឱ្យប៉ូលិសឈឺក្បាលវិលមុខ ព្រោះវាដដែលៗពេក។ លុះមានបញ្ហា អាជ្ញាធរមិនសូវហ៊ាន បន្ទោសថៅកែខ្សែលើកម្មករនោះទេ បែរជាចោទប្រកាន់កម្មករថា ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សង្គមទៅវិញ ប៉ុន្តែ បើរក ដើមភ្លើង គឺមកពីថៅកែមិនធ្វើតាមសន្យា បានជាអ៊ីចឹង។ កម្មករ-កម្មការិនី ក៏ចង់រស់សប្បាយ រស់ថ្លៃថ្នូរដូចគេឯងដែរ មិន ចង់តវ៉ារញ៉េរញ៉ៃបែកញើសហូរកណ្តាលថ្ងៃក្តៅ ប្រឈមនឹងដំបងប៉ូលិសនោះទេ ប៉ុន្តែ បញ្ហាជីវភាព ខណៈដែលម្ចាស់ផ្ទះ ជួល ដឹងតែដាច់ខែ ទារលុយ ឯប្រាក់ខែថៅកែមិនបើកឱ្យ តើបន្ទោសអ្នកណា?
សរុបទៅ “សន្យាជារឿងមួយ ឯការធ្វើតាមសន្យាជារឿងមួយ” មានន័យយ៉ាងនេះឯង។ ហេតុនេះ បើរាជរដ្ឋាភិបាល សន្យាដំឡើងប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនោះ “គួរតាមពិនិត្យការអនុវត្តសន្យានោះ ឱ្យម៉ឺងម៉ាត់” កុំ “សន្យាខ្យល់” ព្រោះថៅកែចិន ខ្លះត្រូវការប្រាក់ចំណេញខ្ពស់ ច្បាស់ជា “មិនធ្វើតាមសន្យានោះទេ” សូម្បីតែ លោកទូតចិន ក៏ទទួលស្គាល់ថា ជនជាតិចិន មិនគោរពច្បាប់កម្ពុជាដែរ។ បើត្រឹមតែសន្យា មិនតាមឃ្លាំមើល ឬមន្ត្រីខ្មែរ ខ្លះសមគំនិតជាមួយថៅកែ ច្បាស់ជាកម្មករធ្វើកូដកម្ម បាតុកម្មមិនឈប់ឈរ នាំឱ្យខូចមុខមាត់រាជរដ្ឋាភិបាល៕
ដោយ អាចារ្យថាំ