ភ្នំពេញ ៖ យុវជន២នាក់ ចេញមកពីផឹកស៊ីនៅផ្ទះជួលមិត្តភក្តិគោលបំណងត្រឡប់ទៅបន្ទប់ជួលវិញ ដល់ពាក់កណ្តាលផ្លូវ ត្រូវក្រុមជនសង្ស័យដេញកាប់ប្លន់យកម៉ូតូបានដោយសុវត្ថិភាព បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ នៅផ្លូវ វត្តអង្គតាមិញ ដែលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះពៅ បេឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ គងជ័យឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ ត្រូវ៤កាំបិតប៉័ងតោក្បាល២កន្លែង ដៃខាងឆ្វង និងត្រគៀកខាងឆ្វេងដែរ។ ចំណែកអ្នករួមដំណើរមានឈ្មោះម៉ុន ចាន់ធូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជិតគ្នា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូជនរងគ្រោះដែលត្រូវចោរកាប់ប្លន់ ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-1499។
តាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះ ដែលរួមដំណើរជាមួយគ្នា បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀត បានផឹកស៊ីជាមួយបក្ខពួក ដែលត្រូវជាមិត្តនឹងគ្នាក្នុងផ្ទះជួល ភូមិកើតហេតុខាងលើ ពេលនោះជនរងគ្រោះ ជាម្ចាស់ម៉ូតូ និងមិត្តភក្តិម្នាក់ បានចេញពីផឹកស៊ីនៅបន្ទប់ជួលមិត្តភក្តិ បាននាំគ្នាចេញទៅបន្ទប់ខ្លួនវិញ លុះចេញម៉ូតូ ដល់ច្រកទ្វារចូលផ្ទះជួលមិត្តភក្តិ ស្រាប់តែឃើញជនសង្ស័យ មានគ្នាប្រមាណ៥នាក់ ជិះម៉ូតូ២ គ្រឿងមិនចាំម៉ាក បន្ទាប់មកជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ បានយកកាំបិតប៉័ងតោមកដេញកាប់ទៅលើជនរងគ្រោះទាំង២នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យត្រូវអ្នកបើកម៉ូតូហើយ ជនរងគ្រោះបានផ្តួលលម៉ូតូចោល រត់ចូលផ្ទះ បរិវេណផ្ទះជួលមិត្តភក្តិវិញ ដើម្បីឱ្យគេជួយ និងហូរស្រោចពេញក្បាល ចំណែកមិត្តភក្តិដែលអង្គុយខាងក្រោយមិនមានរងរបួសទេ។
ប្រភពដដែលបានបន្តទៀតថា នៅពេលត្រឡប់មករកម៉ូតូវិញ ស្រាប់តែឃើញម៉ូតូជនរងគ្រោះខាងលើ ត្រូវបានក្រុមជនសង្ស័យលើកជិះទៅបាត់ បន្ទាប់មកជនរងគ្រោះ ហូរឈាមខ្លាំងពេក ត្រូវបានបងប្អូនជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខ្មែរ-សូវៀត (ពេទ្យ រុស្ស៊ី)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហើយបានឱ្យមិត្តភក្តិជនរងគ្រោះជិះជាមួយមកបំភ្លឺប្រាប់សមត្ថកិច្ច ដើម្បីធ្វើកំណត់ហេតុ រង់ចាំថ្ងៃស្អែក ចាំឱ្យជនរងគ្រោះដែលជាម្ចាស់ម៉ូតូទៅដាក់ពាក្យបណ្តឹង ដើម្បីធ្វើការស្រាវជ្រាវចាប់មុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕