Friday, January 31, 2025
Homeសន្ដិសុខសង្គមប្តីផ្ទុះភ្លើងប្រចណ្ឌ ទាញកាំបិតកាប់ប្រពន្ធ និងចាក់ឪក្មេក

ប្តីផ្ទុះភ្លើងប្រចណ្ឌ ទាញកាំបិតកាប់ប្រពន្ធ និងចាក់ឪក្មេក

ខេត្តព្រៃវែង ៖ បុរសចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែអំណាចភ្លើងប្រចណ្ឌដុតរោលពេញទ្រូង ធ្វើឱ្យក្តៅរោលរាល ទ្រាំមិនបានក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ទាញកាំបិតកាប់ប្រហារប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ឃើញបែបនេះ បុរសជាឪពុកក្មេក បានស្ទុះចូលមកឃាត់ ស្រាប់តែត្រូវកូនប្រសាចិត្តកំណាចចាក់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ថែមម្នាក់ទៀត។

ហេតុការណ៍ហិង្សាក្នុងគ្រួសារដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជ័រ។

ជនសង្ស័យចិត្តកំណាចដែលកាប់ប្រពន្ធ និងចាក់ឪក្មេកបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះសៅ សម្ផស្ស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះភាព រ៉ង អាយុ៣៦ឆ្នាំ រងរបួសរយះថ្ពាល់ខាងក្រោមភ្នែកខាងស្តាំ១កន្លែង រយះក្បាល១កន្លែង និងដៃខាងឆ្វេងចំនួន១កន្លែង។ ដោយឡែកបុរសរងគ្រោះជាឪពុកក្មេកមានឈ្មោះស៊ាន ភាព អាយុ៥៦ឆ្នាំ រងរបួស១កាំបិតចំចង្កេះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយសារតែបុរសជាប្តីគឺជាមនុស្សមានចិត្តប្រចែប្រចណ្ឌប្រពន្ធហួសហេតុ និងឧស្សាហ៍រករឿងឈ្លោះប្រកែក ប្រើហិង្សាដាក់ប្រពន្ធញឹកញាប់ណាស់ ពិសេសរាល់ពេលដែលផឹកស្រាស្រវឹងម្តងៗ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ បុរសជាប្តីបានផ្ទុះភ្លើងប្រចណ្ឌ ក៏រករឿងជេរបញ្ចោរប្រពន្ធយ៉ាងចាស់ដៃ រហូតធ្វើឱ្យកើតជាជំលោះតឹងសរសៃកដាក់គ្នា។ ភ្លាមនោះ ជនដៃដល់ជាប្តី ក៏បានស្ទុះទៅទាញកាំបិត មកកាប់ប្រហារប្រពន្ធជាច្រើនកាំបិត ចំថ្ពាល់ ចំក្បាល និងដៃ បណ្តាលឱ្យរងរបួសធ្ងន់ហូរឈាមជោកខ្លួន។ ឃើញបែបនេះ បុរសរងគ្រោះជាឪពុកក្មេកក៏បានស្ទុះចូលមកឃាត់ ស្រាប់តែត្រូវកូនប្រសាដែលកំពុងពុលកំហឹង ទាញកាំបិតចាក់ឪពុកក្មេករបស់ខ្លួនចំចង្កេះ បណ្តាលឱ្យរងរបួសធ្ងន់ថែមម្នាក់ទៀត។

ក្រោយពីកាប់ប្រពន្ធ និងចាក់ប្រហារឪពុកក្មេក បណ្តាលឱ្យរងរបួសធ្ងន់រួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះទាំងពីរនាក់ឪពុក និងកូនស្រី ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកព្រះស្តេច។

តាមប្រភពពីប្រជាពលរដ្ឋជិតខាងបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអំពើហិង្សាខាងលើនោះ ផ្តើមចេញពីភ្លើងប្រចណ្ឌរបស់ប្តីទៅលើប្រពន្ធ ព្រោះប្តីនេះជាមនុស្សកំពូលប្រចណ្ឌហួងហែងប្រពន្ធខ្លាំងណាស់ ឃើញអ្នកភូមិប្រុសណានិយាយស្តីរកប្រពន្ធខ្លួនមិនបានទេ តែងរករឿងឈ្លោះប្រកែកមិនចេះចប់មិនចេះហើយ លុះចុងក្រោយស្រាប់តែផ្ទុះជាអំពើហិង្សាយ៉ាងឃោរឃៅ និងស្ទើរតែធ្វើឱ្យជីវិតឪពុកក្មេក និងប្រពន្ធ ត្រូវបាត់បង់ទៅហើយ ពិតជាឃោរឃៅខ្លាំងណាស់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាប្តី ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES