Thursday, January 16, 2025
Homeសង្គម និងជីវិតព្រោះតែប្រចណ្ឌ! កាប់ប្រពន្ធដាច់កស្លាប់ រួចលីសពទៅដាក់លើផ្ទះ

ព្រោះតែប្រចណ្ឌ! កាប់ប្រពន្ធដាច់កស្លាប់ រួចលីសពទៅដាក់លើផ្ទះ

ខេត្តព្រះសីហនុ ៖ បុរសជាប្តីចិត្តកំណាចម្នាក់ មិនដឹងជាមួម៉ៅក្តៅក្រហាយ ខឹងប្រពន្ធរបស់ខ្លួនពីរឿងអ្វី ក៏ស្រាប់តែឃើញប្រពន្ធកំពុងអង្គុយអាំងភ្លើងនៅក្បែរភ្នក់ភ្លើងខាងមុខផ្ទះ ក៏ទាញកាំបិតផ្គាក់ ស្ទុះចូលទៅកាប់ប្រហារប្រពន្ធ១កាំបិតចំក្រោមគុម្ពត្រចៀក បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ បន្ទាប់មកបុរសជាប្តី ក៏លីសពប្រពន្ធយកទៅដាក់ទុកនៅលើផ្ទះវិញ។

ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា។

ជនដៃដល់ជាឃាតករដែលកាប់សម្លាប់ប្រពន្ធដោយគ្មានញញើតដៃ មានឈ្មោះជា នៅ អាយុ៥២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសាក់ ស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ រងរបួសត្រង់ក្រោមគុម្ភត្រចៀកខាងស្តាំ១កាំបិត បណ្តាលឱ្យស្លាប់នៅនឹង កន្លែង។ ប្តីប្រពន្ធអ្នកទាំង២ខាងលើនេះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភភពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើ ត្បិតថាមានវ័យចំណាស់រៀងខ្លួនអស់ទៅហើយ ប៉ុន្តែឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ព្រោះតែបុរសជាប្តីគឺជាមនុស្សមានចិត្តឆេវឆាវ រញ៉ាំរញ៉ូវ និងថែមទាំងមានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងទៀតផង ហេតុនេះ ទើបចេះតែរករឿងឈ្លោះជាមួយប្រពន្ធ ដោយសារតែរឿងប្រចណ្ឌ ស្ទើរគ្មានលោះថ្ងៃ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅវេលាទៀបភ្លឺថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញស្ត្រីរងគ្រោះជាប្រពន្ធ បានក្រោកពីដំណេកមកបង្កាត់ភ្លើង នៅខាងមុខផ្ទះ រួចអង្គុយអាំងភ្លើងដើម្បីបំបាត់ភាពរងា។ លុះពេលស្ត្រីជាប្រពន្ធកំពុងអង្គុយអាំងភ្លើងនៅក្បែរភ្នក់ភ្លើង សុខៗស្រាប់តែបុរសជាប្តីមិនដឹងជាមានកំហឹងនឹងប្រពន្ធពីរឿងអ្វី ក៏ស្រាប់តែលីកាំបិតផ្គាក់ ដើរសំដៅទៅរកប្រពន្ធ រួចកាប់ប្រហារប្រពន្ធ១កាំបិត ចំគុម្ពត្រចៀកខាងស្តាំ បណ្តាលឱ្យដាច់កស្លាប់ យ៉ាងអាណោចអាធ័មក្បែរភ្នក់ភ្លើង។ ឃើញបែបនេះ ប្រជាពលរដ្ឋអ្នកជិតខាងដែលប្រទះឃើញ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយ អន្តរាគមន៍ភ្លាមៗ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ក្រោយពេលកាប់ប្រពន្ធឱ្យស្លាប់ហើយ បុរសជាប្តីបានលីសពប្រពន្ធរបស់ខ្លួនទៅដាក់នៅលើផ្ទះ ហើយភ្លាមៗនោះ កម្លាំងរបស់អធិការដ្ឋាននគរបានស្រុកកំពង់សិលា ក៏បានចុះធ្វើការឃាត់ ខ្លួនជនដៃដល់ជាប្តីក្នុងពេលនោះតែម្តង ដោយដកហូតវត្ថុតាង កាំបិតផ្គាក់ដងឈើ១ដើម ប្រវែង១,១០ម៉ែត្រ១ដើមផងដែរ។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ស្ត្រីរងគ្រោះទទួលរងរបួស១កាំបិតត្រង់ក្រោមគុម្ភ ត្រចៀកខាងស្តាំ១កាំបិត បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ដែលបង្កឡើងដោយបុរសជាប្តីកាប់ប្រហារ។ យ៉ាងណាមូលហេតុដែលផ្តើមឱ្យមានការកាប់ប្រហារសម្លាប់ប្រពន្ធខាងលើនេះ នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ។

ជនសង្ស័យជាឃាតករ និងជាប្តីរបស់ស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

ដោយឡែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES