តារាចម្រៀងលោកអៀង ចេឡា បានទម្លាយឲ្យដឹងថា មួយរយៈនេះ លោកកំពុងព្រួយបារម្ភ ពីសុវត្តិភាពផ្ទាល់ខ្លួន ត្បិតអីមានមន្ត្រីធំម្នាក់បានប្រចណ្ឌប្រពន្ធ ដែលស្និតស្នាលជាមួយលោក ថែមទាំងបានទូរស័ព្ទមកគម្រាមរូបលោកទៀតផង។
នៅក្នុងពិធីក្រុងពលីរឿង ”បំភ្លេចមិនបាន” របស់ផលិតកម្មមហាហង្ស កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅនេះ ខណៈដែលតួសម្ដែងជាច្រើនបង្ហាញពីទឹកចិត្ត សប្បាយរីករាយនោះ ដោយឡែក លោកអៀង ចេនឡា បែរជាក្រៀមក្រំស្រពោនចិត្ត ដោយបានទម្លាយប្រាប់ ”នគរធំ” ថា លោកកំពុងត្រូវបានមន្ត្រីធំម្នាក់ គម្រាមពាក់ព័ន្ធនឹងសុវត្តិភាពរបស់ខ្លួន។
លោកអៀង ចេនឡា បានថ្លែងឲ្យដឹងថា ”សព្វថ្ងៃនេះ ជារៀងរាល់រាត្រី ខ្ញុំច្រៀងប្រចាំនៅក្នុងក្លឹបអេហ្ស៊ីប ដែលជាក្លឹបកម្សាន្តដ៏ធំមួយ នៅរាជធានីភ្នំពេញ។ ប៉ុន្តែមួយរយៈនេះ មានមន្ត្រីធំម្នាក់បានយល់ច្រឡំ ប្រចណ្ឌប្រពន្ធរបស់គាត់ជាមួយខ្ញុំ។ ថែមទាំងបានទូរស័ព្ទមកគម្រាមខ្ញុំ នូវពាក្យមិនល្អមួយចំនួនទៀតផង ដែលធ្វើឲ្យខ្ញុំព្រួយបារម្ភពីសុវត្តិភាពផ្ទាល់ខ្លួនជាខ្លាំង”។
ចេនឡា បានបញ្ជាក់បន្ថែមថា ”មួយរយៈនេះ មានលោកជំទាវម្នាក់ឧស្សាហ៍មកកម្សាន្តនៅក្នុងក្លឹបអេហ្ស៊ីប ហើយពេលគាត់មកតែងតែមករកខ្ញុំ ព្រោះគាត់ពេញចិត្តទឹកដមសំឡេង និងភាពរុះរាយរបស់ខ្ញុំ។ សម្រាប់ខ្ញុំក្នុងនាមខ្ញុំជាតារាចម្រៀងម្នាក់ ពេលភ្ញៀវហៅអង្គុយ ក៏ទៅអង្គុយជាមួយភ្ញៀវ ជាធម្មតា ដើម្បីបានលុយធីបបន្តិចបន្តួច ដោយគ្មានទំនាក់ទំនងអ្វីពិសេស ជាមួយលោកជំទាវនោះទេ”។
លោកអៀង ចេនឡា ក៏បានឲ្យដឹងដែរថា “ពេលមន្ត្រីធំរូបនោះ ទូរស័ព្ទមកគម្រាម លោកក៏បានបកស្រាយបញ្ជាក់ដែរថា លោកពុំមានទំនាក់ទំនងអ្វីពិសេស ជាមួយលោកជំទាវនោះទេ តែមន្ត្រីធំរូបនោះហាក់មិនទាន់ជឿជាក់លើពាក្យសម្ដីរបស់លោកនៅឡើយ”។ ចេនឡា បន្ថែមថា ”មកទល់ពេលនេះ មិនទាន់ស្ងប់នៅឡើយទេ គឺនៅតែពុះកញ្ជ្រោលខ្លាំង ដែលធ្វើឲ្យខ្ញុំមានការព្រួយបារម្ភពីសុវត្តិភាព ហើយខ្ញុំចង់បញ្ជាក់ថា ខ្ញុំអត់បានធ្វើអ្វីខុសទេ និងមានគោលជំហរផ្ទាល់ខ្លួនថា ខ្ញុំមិនពាក់ព័ន្ធ ឬបំបែកបំបាក់គ្រួសាររបស់គេជាដាច់ខាត។ ម្យ៉ាងខ្ញុំមានដៃគូស្នេហារួចទៅហើយ”។
លោកចេនឡា អះអាងថា លោកមានម្ចាស់ស្នេហ៍នៅសហរដ្ឋអាមេរិក ដែលបានស្រលាញ់និងស្វែងយល់ចិត្តគ្នា ជាងពីរឆ្នាំមកហើយ ថែមទាំងមានគម្រោងកសាងសុភមង្គលជាមួយគ្នាទៀតផង។ ដូច្នេះលោកមិនទៅពាក់ព័ន្ធស្នេហាត្រីកោណ បំបែកបំបាក់ក្រុមគ្រួសាររបស់គេនោះទេ។
ស្ថិតក្នុងវ័យ៣០ឆ្នាំ លោកអៀង ចេនឡា បានចូលប្រឡូកក្នុងវិស័យសិល្បៈ ជាង១០ឆ្នាំមកហើយដែលជំហានដំបូង លោកប្រឡងចម្រៀងក្នុងកម្មវិធីណេសកាហ្វេ រួមជំនាន់ជាមួយខេមរៈ សិរិមន្ត ដែលពេលនោះ សិរីមន្ត ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងទោល សម្រាប់លោកជាប់ចំណាត់ថ្នាក់លេខ២ ផ្នែកម្រៀងឆ្លងឆ្លើយ។ បច្ចុប្បន្ននេះ ក្រៅពីអាជីពសម្ដែង ពិធីករ ច្រៀង លោកក៏ជាតារាកំប្លែង នៅក្នុងក្រុមរបស់នាយក្រិន ផងដែរ។
លោកចេនឡា បញ្ជាក់បន្ថែមថា ”ខ្ញុំសូមផ្ដាំទៅគាត់ (មន្ត្រីធំ) ថា បើសិនជាបានឃើញ ឬបានឮពីការបកស្រាយបន្ថែមរបស់ខ្ញុំ សូមកុំមានការយល់ច្រឡំតទៅទៀត។ ព្រោះសព្វថ្ងៃនេះ ខ្ញុំជាអ្នកសិល្បៈគ្រាន់តែចង់រកការងារច្រៀងបន្តិចបន្តួច ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារតែប៉ុណ្ណោះ។ ដូច្នេះខ្ញុំមិនចង់ធ្វើអ្វីដែលបែកឆ្វេង ឬបំបែកបំបាក់គ្រួសារគេ ដែលនាំឲ្យមានបញ្ហាអសន្តិសុខដល់ខ្លួននោះទេ សូមកុំមានការយល់ច្រឡំ”៕ សុខ ស៊ីឡាង