ភ្នំពេញ ៖ បន្ទាប់ពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដល់អាជ្ញាធរតាមបណ្តារាជធានី ខេត្តទូទាំងប្រទេស អនុវត្តឱ្យបានម៉ឺនម៉ាត់ក្នង្នុ ការទប់ស្កាត់កុំឱ្យមានរថយន្តផ្ទុកទំនិញលើស ទម្ងន់ និងកែច្នៃតទ្រុងខុសបច្ចេកទេស ធ្វើចរាចរណ៍នៅលើដងផ្លូវ ដែលជាហេតុនាំឱ្យខូចផ្លូវ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍នោះរួចមក អាជ្ញាធររាជធានី-ខេត្តទាំង២៥ បានចុះត្រួត ពិនិត្យរថយន្តកែច្នៃតទ្រុងយ៉ាងសស្រាក់សស្រាំ ដោយគ្រាន់តែ១យប់ឃាត់រថយន្តខុសបច្ចេកទេសទាំងនោះបានរាប់សិបគ្រឿង។
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១២ និង០០ នារីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចចម្រុះ រួមមានស្នងការ នគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចាប់រថយន្តកែច្នៃតទ្រុង ខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅ ចំនួន១៦កន្លែង ក្នុងរាជធានីភ្នំពេញ។
ជាលទ្ធផល គឺអាជ្ញាធរបានត្រួតពិនិត្យ រថយន្តធុនធ្ងន់ សរុបចំនួន៤៨៤គ្រឿង ក្នុងនោះ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ចំនួន៦ គ្រឿង រថយន្តល្មើសច្បាប់ចរាចរណ៍ គ្មាន ឯកសារ ចំនួន៥០គ្រឿង រថយន្តត្រឹមត្រូវតាម ច្បាប់ ចំនួន៤២៨គ្រឿង។
ខេត្តសៀមរាប ៖ លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា អនុវត្ត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អាជ្ញាធរខេត្តសៀមរាប បាន បើកប្រតិបត្តិការបញ្ជាឱ្យអាជ្ញាធរ និងមន្ត្រីស្ទាក់ ចាប់រថយន្តដឹកលើសទម្ងន់ និងតទ្រុងខុសបច្ចេកទេសចាប់ តាំងពីវេលាម៉ោង០០រហូតមកដល់ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយឃាត់ រថយន្តតទ្រុងខុសបច្ចេកទេស ចំនួន១៥គ្រឿង និងបានកាត់ចោលនៅកន្លែងចាប់នោះតែម្តង។
លោកឃឹម ប៊ុនសុង បានបញ្ជាក់ថា សម្រាប់ ការងារនេះ អាជ្ញាធរនឹងបន្តធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបំផ្លាញផ្លូវ តាមបទបញ្ជា នាយករដ្ឋមន្ត្រី។
ខេត្តបន្ទាយមានជ័យ ៖ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ ថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង ០០នាទី មកដល់ម៉ោង១០ព្រឹក ថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៨ គណៈកម្មការក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្ត បន្ទាយមានជ័យ បានត្រួតពិនិត្យរថយន្តតទ្រុង ខុសលក្ខណៈបច្ចេកទេស កាត់ទ្រុងចេញ ចំនួន ២គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសកម្រិត អនុគ្រោះ ១៤គ្រឿង រថយន្តត្រឹមត្រូវតាមច្បាប់ ចំនួន២៣គ្រឿង ព្រមទាំងណែនាំរថយន្តមិនមាន ឯកសារ ចំនួន៣គ្រឿង។
លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានបញ្ជាដល់សមត្ថកិច្ចចម្រុះ រួមមានស្នងការនគរបាលខេត្ត បញ្ជាការដ្ឋាន កងរាជអាវុធខេត្ត រដ្ឋបាលស្រុក ក្រុង និង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសនៅតាមទីតាំងគោលដៅ ចំនួន៨កន្លែង ទូទាំងខេត្ត។
ខេត្តកំពង់ចាម ៖ លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅរំលង អធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរ ខេត្តកំពង់ចាម បានចុះអនុវត្តបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី ដោយបានឃាត់ រថយន្ត ចំនួន១៨គ្រឿង ដែលបានតទ្រុងខុស បច្ចេកទេស ហើយកាត់ចោលនៅនឹងកន្លែង តែម្តង។
ខេត្តត្បូងឃ្មុំ ៖ លោកហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងជាក្រុមការងារ ត្រួតពិនិត្យរថយន្តខុសបច្ចេកទេស បានបញ្ជាក់ ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី នៅវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្តចំនួន២៣ គ្រឿង ត្រូវបានឃាត់ដោយតទ្រុងខុសបច្ចេកទេស និងបានកាត់ចោលនៅនឹងកន្លែងតែម្តង។
ខេត្តស្វាយរៀង ៖ លោកនួន លីហួន ប្រធាន មន្ទីសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីម៉ោង០០នាទី មកដល់ម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មការ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តខេត្ត បានឃាត់រថយន្តខុសបច្ចេកទេស ចំនួន៨គ្រឿង និងបានកាត់ចោលនៅនឹងកន្លែង តែម្តង ដែលស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងភូមិ ចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកប្រធានមន្ទីរសាធារណការខេត្ត ស្វាយរៀង បានបន្តថា រហូតមកដល់ពេលនេះ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងទឹកដីខេត្តស្វាយរៀង ឱ្យតែមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស គឺក្រុមការងារនឹងបន្តអនុវត្តចាប់ឃាត់ និង កាត់ទ្រុងនៅនិងកន្លែង ដោយមិនមានការលើកលែងនោះឡើយ តាមបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ខេត្តតាកែវ ៖ អាជ្ញាធរខេត្តតាកែវ ក៏បាន បញ្ជាក់ឱ្យដឹងដែរថា ដោយអនុវត្តន៍តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះចំណាត់ការដ៏ក្តៅគគុក ទៅលើក្រុមហ៊ុននិងម្ចាស់ យានយន្តណាកែច្នៃ តទ្រុងខុសបច្ចេកទេស ផ្ទុកលើសទម្ងន់ ក៏ដូចជា ការណែនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឡាយ វណ្ណៈ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅយប់ថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ ២០១៨ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានរៀបចំកម្លាំង នគរបាលចរាចរណ៍ផ្លូវគោក ឱ្យចុះសហការជា មួយក្រុមការងារចម្រុះ ចុះត្រួតពិនិត្យទៅលើ យានយន្តកែច្នៃខុសបច្ចេកទេស ដឹកលើសទម្ងន់ ដែលបើកបរនៅលើផ្លូវជាតិលេខ២ និងលេខ៣ ក្នុងភូមិសាស្ត្រខេត្តតាកែវ។
ខេត្តព្រះសីហនុ ៖ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង០០ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការ ឯកភាព រដ្ឋបាលស្រុកកំពង់សិលា ដឹកនាំដោយ លោកសៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលា និងលោកនុត លី អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ បានចុះអនុវត្ត និងត្រួតពិនិត្យរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសតទ្រុងដឹកលើសទម្ងន់សំពីងសំពោង នៅ ចំណុចជញ្ជីងស្ទឹងច្រាល ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្នុងនោះសមត្ថកិច្ចចម្រុះ បានឃាត់ រថយន្តកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេស ចំនួន០១គ្រឿង ម៉ាកហ៊ីណូ ក្បាលពណ៌លឿង ស្លាកលេខ ក្រ.ព្រះសីហនុ ៣ៅ-០១៦៨ ដោយ តម្រូវឱ្យម្ចាស់រថយន្តកាត់ទ្រុង ដែលតលើស ចេញដូចដើមវិញនៅនឹងកន្លែង។
ខេត្តកោះកុង ៖ ដូចគ្នានេះដែរ កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកអ៊ុក ភ័ក្ត្រា អភិបាលរង នៃគណ៉ អភិបាលខេត្តកោះកុង ក៏បានដឹកនាំមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកោះកុង និងកម្លាំងសមត្ថកិច្ច បើក យុទ្ឋនាការទ្រង់ទ្រាយធំ ចុះចាប់រថយន្តកែច្នៃ តទ្រុងខុសបច្ចេកទេស និងដឹកលើសទម្ងន់នៅ ខេត្តកោះកុង ដោយឃាត់បានរថយន្តមួយចំនួន។
ដោយឡែក ចំពោះខេត្តផ្សេងៗទៀត ក៏ បានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកយុទ្ឋនាការ ទ្រង់ទ្រាយធំចុះចាប់រថយន្តកែច្នៃតទ្រុងខុស បច្ចេកទេស និងដឹកលើសទម្ងន់ ចាប់ពីម៉ោង ០០ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃ ខេត្តត្បូងឃ្មុំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានដាក់ឱសានវាទថា ចាប់ពីម៉ោង០០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតទៅ នឹងមិន អនុញ្ញាតឱ្យរថយន្តកែច្នៃតទ្រុងខុសបច្ចេកទេស បើកបរលើដងផ្លូវតទៅទៀតឡើយ ព្រោះរថយន្ត ទាំងនោះ បានធ្វើឱ្យខូចខាតដល់ផ្លូវ ស្ពាន ដែល រាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។
ជាមួយគ្នានេះ សម្តេចហ៊ុន សែន បាន ព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តការងារនេះមិនបាន ពោលគឺ បើសិនជាករណីរថយន្តតទ្រុង ខុសបច្ចេកទេស និងដឹកលើសទម្ងន់ នៅតែមានវត្តមានលើដង ផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួន អភិបាលខេត្ត នោះ ត្រូវទទួលខុសត្រូវ ហើយបើនរណាមក តវ៉ា ឬអ្នកកាងរថយន្តខុសច្បាប់ទាំងនោះ ទោះ ជាឋានៈណាក៏ដោយ ត្រូវឃាត់ខ្លួនទាំងអស់ ដោយគ្មានការលើកលែងឡើយ។
សម្តេចហ៊ុន សែន បានថ្លែងនៅពេលនោះ ថា “មានរឿងមួយដែលថ្ងៃនេះ ខ្ញុំសូមនិយាយ រឿងនេះវារឿងច្រំដែលទេ ប៉ុន្តែរឿងវាហាក់ ដូចជាមិនស្ងប់សោះ ប្រទេសកម្ពុជាបច្ចុប្បន្ន មនុស្សស្លាប់ច្រើនជាងសម័យសង្គ្រាម ហេតុអី ទៅ? គ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃៗ បានកើតឡើង បំផ្លាញជីវិតមនុស្ស ធ្វើឱ្យមនុស្សស្លាប់ របួស ហើយក៏ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាង ច្រើន ក្នុងពេលមានសង្គ្រាម ក្នុងឋានៈខ្ញុំជាអ្នក ដឹកនាំប្រទេសក្នុងរយៈពេលជាង៣៩ឆ្នាំ ថ្ងៃខ្លះ អត់មានមនុស្សស្លាប់របួសទេ នៅក្នុងកាលៈទេសៈដែលមានសង្គ្រាមផង ប៉ុន្តែឥឡូវនេះ ថ្ងៃណាក៏មានមនុស្សស្លាប់ដែរ គ្រាន់តែច្រើន និងតិចប៉ុណ្ណោះ មន្ទីរពេទ្យមួយៗ ពោរពេញ ទៅដោយអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ បញ្ហានេះ ទាមទារឱ្យមានការគោរព ទាំងអស់គ្នាទើបបាន ហើយរឿងនេះ មិនមែន ជាការទទួលខុសត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មការសុវត្ថិភាព ផ្លូវគោក តែមួយមុខនោះទេ តែវាជាភារកិច្ច ទូទៅរបស់យើងទាំងអស់គ្នា សំខាន់ជាងគេ គឺ អ្នកបើកបរខ្លួនឯងតែម្តង ដែលត្រូវមានការ ប្រុងប្រយ័ត្ន បើគ្មានការប្រុងប្រយ័ត្នទេ គឺវា នឹងបង្កើតបញ្ហាច្រើនណាស់ ឥឡូវជិតចូលឆ្នាំ ចិនហើយ ក្រែងលោទៅជួបជីដូនជីតាពិតប្រាកដ នោះ ត្រឹមតែសែនបានហើយ សែនទៅដល់ហើយ កុំទៅខ្លួនឯងអី។ នៅស្រុកខ្មែរគេថា ចូលឆ្នាំ ចិន ស្រវឹងខ្មែរ ខ្មែរអ្នកផឹកស្រា ចិនផឹកតិចៗ ណាស់ កែវគាត់តូចៗណាស់ លើកតិចៗ អត់ សូវស្រវឹងទេ ខ្មែរតែលើកឡើងអត់ទេ ដាក់ទាំង ដបយកតែម្តង រួចហើយទៅហើយ អាហ្នឹងគេ ហៅចូលឆ្នាំចិន ស្រវឹងខ្មែរ ខ្មែរចូលឆ្នាំ មួយឆ្នាំ ៣ដង ចូលឆ្នាំសកល ក៏ចូល ចូលឆ្នាំចិន-វៀតណាម ក៏ចូល ឆ្នាំខ្មែរ ក៏ចូល ហើយតែចូលហើយ ដាក់ហើយ។ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេស យើង ពិតជាច្រើនណាស់ ហើយម៉្យាងទៀត អារឿងបញ្ហារថយន្តដឹកលើសទម្ងន់នេះ ខ្ញុំសុំ ដាក់ចេញនូវបទបញ្ជាអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុត មើលក្រុមហ៊ុនណាដែលដឹកជញ្ជូនលើស ទម្ងន់ យើងនិយាយប្រជុំក្រុមហ៊ុនទាំងអស់ ហៅមកនិយាយគ្នា បើសិនជាមាន យើងអាច ចាប់រថយន្តហ្នឹង ហើយយើងបិទក្រុមហ៊ុនទៀត ព្រោះអ្នកឯងសម្លាប់មនុស្សអស់ប៉ុន្មាន? អ្នកឯង បំផ្លាញផ្លូវអស់ប៉ុន្មាន? បើអ្នកឯងមិនកែ ខ្ញុំបិទ ក្រុមហ៊ុនចោល ត្រូវនិយាយគ្នារឿងហ្នឹងឱ្យ ច្បាស់ៗ។ រឿងទី២ រឿងកាត់ឡានត ខ្ញុំសុំបញ្ចាក់ ចាប់ពីម៉ោង០០នាទីយប់នេះទៅ ឡានតទាំង ប៉ុន្មាន មិនត្រូវមានវត្តមានលើផ្លូវទេ បើមាន វត្តមានលើផ្លូវនៅក្នុងខេត្តណា ស្រុកណា ចៅហ្វាយខេត្តនោះ ចៅហ្វាយស្រុកនោះ ត្រូវទទួល ខុសត្រូវ ចាប់ទុកទាំងអស់ ចាប់កាត់ទាំងអស់ អត់មានលែង ! ឥឡូវខេត្តមួយៗ ស្រុកមួយៗ ពង្រាយគ្នាទទួលខុសត្រូវ មើលៗខ្ញុំនឹងតាម មើល ហើយអស់លោកកុំភ្លេចដឹងដៃហ៊ុន សែន ហើយ បើចង់ដកចៅហ្វាយខេត្ត ដកត្រឹមតែ២៤ ម៉ោង យូរពេកផង បើចង់ដកចៅហ្វាយស្រុក ត្រឹមតែ១៥នាទីទេ ព្រោះអនុក្រឹត្យ សរសេរ នៅហ្នឹង ប៉ុន្តែនៅពេលដែលដកចៅហ្វាយខេត្ត ត្រូវឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ត្រូវចំណាយពេលយូរបន្តិច ខ្ញុំថា២៤ម៉ោងទៅ ចុះ! ឥឡូវចាប់ពី០០ម៉ោងយប់នេះ ថ្ងៃនេះអាច ថា គេស្តាប់ឮ គេបញ្ជាឱ្យចូលកន្លែង បើចាប់ ឥឡូវអាក្រក់មើល អ៊ីចឹងទុកពេលឱ្យប៉ុន្មានម៉ោង ទៀត នៅដល់ម៉ោង ១២យប់ នៅមានពេលវេលា ប៉ុន្តែចាប់ពីក្រោយហ្នឹងទៅ ឱ្យតែមាន ឡានតខុសទំនង ចាប់បញ្ចូលទ្រុងទាំងអស់ ចង់ថាអីថាទៅ ហើយចាំឱ្យគេលើកគ្នាមកតវ៉ា ដល់មុខផ្ទះហ៊ុន សែន មកដល់ត្រង់ហ្នឹង ចាប់ បញ្ចូលព្រៃស ទាំងអស់ទៀត អត់មានអីរញ៉េរញ៉ៃទេ ព្រោះបំផ្លាញជីវិតមនុស្ស បំផ្លាញផ្លូវ ថ្នល់ ដែលយើងរកលុយទាំងលំបាក លុយខ្លួន ឯងផង លុយទៅខ្ចីគេផង យកមកធ្វើផ្លូវ ហេតុអី មកបំផ្លាញ? ចំណេញក្រុមហ៊ុនមួយ ចំណេញ ឡានមួយ ហើយខ្លួនបំផ្លាញបែបនេះ ខ្ញុំសុំដាក់ បទបញ្ជានេះ មិនត្រូវបានលើកលែង ពីមុន ធ្លាប់ដាក់ម្តងហើយ ប៉ុន្តែវារើឡើងវិញ តែឥឡូវ អត់ទេ អត់រើទេ រដ្ឋមន្ត្រីក៏ត្រូវអស់តំណែង ចៅហ្វាយខេត្ត ចៅហ្វាយស្រុក ចាប់នៅកន្លែង ណា យកបញ្ចូល អ្នកណាដោះលែង គឺអ្នកហ្នឹង មានទោស និយាយគ្នាអ៊ីចេះបានឆាប់ចប់ ព្រោះ បើមិនអ៊ីចឹង មិនចប់ទេ។ ផ្តាំទៅអ្នកដែលរកស៊ី តឡានទាំងឡាយ សុំយកឡានទៅកន្លែងណា ដែលកាត់ ហើយបើកាត់មិនទាន់ទេ កុំឡើង លើផ្លូវ ឡើងលើផ្លូវចាប់ហើយ ហើយតែចាប់ បានហើយ អ្នកណាហ៊ានលែង គឺខ្ញុំនឹងរករឿង អាហ្នឹងហើយ ហើយសូមបងប្អូនទាំងឡាយ ចូល មក ជៀមមនេត ក្នុងផេកហ្វេសប៊ុករបស់ហ៊ុន សែន ចូលមកប្រាប់ ប្រាប់ថា ចៅហ្វាយស្រុកនេះ ប៉ូលិសនៅនេះ ដោះលែង អាហ្នឹងខ្ញុំនឹងតាមធ្វើ អាហ្នឹងម្តង ព្រោះមើលទៅបែបគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដាក់បញ្ជាទៅ អានោះអត់ស្តាប់ ឥឡូវដាក់បញ្ជាហ៊ុន សែន ម្តង យកកណ្តាប់ដៃដែកដាក់ម្តងទៀត ឱ្យវាទៅជាអី? វាអត់ងាប់ទេ ការពិតចាប់អាហ្នឹងដាក់ក្នុងឃ្លាំង វាបាត់ការងារតែតៃកុងឡានមួយ និងអ្នករកស៊ី តែប៉ុន្មាននាក់ហ្នឹងទេ តែវាសុវត្ថិភាពសម្រាប់ ប្រជាជនដែលរស់នៅតាមផ្លូវ និងវាធានាដល់ ផ្លូវរបស់យើង កុំឱ្យវាលើសចំណុះ អាដឹកលើស ចំណុះ អាឡានកាត់ត ត្រូវកុំឱ្យមានវត្តមាននៅ លើផ្លូវ អានេះគ្រោះថ្នាក់ខ្លាំងណាស់ បើកបុកៗ គ្រោះថ្នាក់យកមែនទែនៗ ហើយចាំបាច់អី ឡានគេធ្វើត្រូវស្តង់ដារគេហើយ ឯងយកមកត ២ម៉ែត្រ ៣ម៉ែត្រទៀត រួចចុះបត់ទៅ វាមិន ខុសក្បួនៗ ចឹងទេ បានជាចំណុចនេះ ជាចំណុច ដែលត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ ហាក់ដូចជាប្រសិទ្ធភាពនៅទាបពេកៗ អ៊ីចឹងមានតែវិធីបញ្ជាបែប ហ្នឹងតែម្តង។ ឯរឿងតុលាការ មិនតុលាការ កុំទៅ ខ្វល់ពេក យកវាទៅទុកសិនទៅ ហើយបើចង់ តុលាការ បើតុលាការមានកន្លែង ដឹកយកទៅ ទុកនៅកន្លែងតុលាការទៅ បើសិនតុលាការ គាត់ចង់រករឿង យកទៅដាក់ឱ្យពេញកន្លែង តុលាការទៅ ហើយកាត់រឹបៗ មើលច្បាប់រឹប ធ្វើឱ្យវាត្រូវតាមស្តង់ដារទៅចប់ហើយ កុំទៅ តទៅអីវា ហើយអាហ្នឹងច្រើនតែដឹកស៊ីម៉ងត៍ ដឹកដែក ដឹកគោ ដឹកដំឡូងមី ឥឡូវចាប់ផ្តើម ហើយដាក់ទៅ ! វាខូចផ្លូវ១ខ្សែៗ អស់លុយតិច ណាស់អី ច្រើនណាស់ មិនមែនអស់តិចទេ អ៊ីចឹង ទេ ខ្ញុំសុំដាក់បទបញ្ជាសាជាថ្មីម្តងទៀត សង្ឃឹម ថា បទបញ្ជានេះនឹងអនុវត្តបាន បើសិនជាអស់ លោកនាំគ្នាធ្វើឡាន វាមិនដែលឆ្លងកាត់តែមុខ ផ្ទះហ៊ុន សែន ឯណា វាកាត់តាមស្រុកស្ទឹងត្រង់ ហ្នឹង វាកាត់តាមស្រុកក្រូចឆ្មារ វាកាត់តាមស្រុក នេះ ស្រុកនោះ តែអស់លោកហ្នឹងវាអត់ធ្វើ!”៕