អ្នកនយោបាយបារាំងម្នាក់ បានបញ្ចេញទស្សនៈថា “សត្រូវក៏មានប្រយោជន៍ដែរ គឺវាបង្ហាញប្រាប់អ្នកពីកំហុសរបស់អ្នក” (Les ennemis ont leur utilité ils vous montrent vos fautes) មានខ្លឹមសារអប់រំល្អណាស់ សំដៅដល់ការរិះគន់ វាយប្រហាររបស់គូបដិបក្ខ អាចឱ្យគូភាគីម្ខាងដែលត្រូវគេរិះគន់នោះ មើលឃើញកំហុសរបស់ខ្លួន ក៏ព្យាយាមកែលម្អ។ សព្វថ្ងៃ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងពួកប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) នៅតែបន្តរិះគន់វាយប្រហារ គ្នាទៅវិញទៅមក ដែលចំណុចខ្លះដូចជួយគូប្រជែង “ឱ្យរកឃើញផ្លូវត្រូវ” ដែល “នគរធំ” សូមលើកទស្សនៈខាងលើ មក ធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បន្ទាប់ពីតុលាការកំពូលចេញសាលដីកាស្ថាពរ រំលាយគណបក្សសង្គ្រោះជាតិ រួចមក ប្រជាពលរដ្ឋនឹកស្មានថា អ្វីៗចប់ ត្រឹមនេះហើយ ដឹងអី! ពួកប្រឆាំងដែលរត់ទៅក្រៅប្រទេស នៅតែបន្ត “ការប្រឆាំងលើសដើម” ទៅទៀត ដោយពួកគេ ចែកផ្លូវគ្នាដើរ ខ្លះទៅប្រទេសនេះ ខ្លះទៅប្រទេសនោះ បណ្តាក់គ្នាដូចខ្យង ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ ទោះបីជាពួកប្រឆាំងខ្សែសម រង្ស៊ី និងខ្សែកឹម សុខា និយាយមិនសូវស្របគ្នាក្តី ក៏ទ្រឹស្តីពួកគេមានន័យតែមួយ គឺ “ប្រឆាំង” ដដែល។ ចំណែកបក្សកាន់អំណាច ក៏នៅមិនស្ងៀមដែរ តែងរកល្បិចវោហារសាស្ត្រការពារខ្លួន ត្រៀមវាយបកវិញ ប៉ុន្តែ បើយកទស្សនៈ “សត្រូវក៏មានប្រយោជន៍ដែរ គឺវាបង្ហាញប្រាប់អ្នកពីកំហុសរបស់អ្នក” មកពិចារណាឱ្យល្អិតល្អន់ ឃើញថា ការរិះគន់របស់ពួកប្រឆាំង ត្រង់ចំណុចខ្លះ ដូចចង្អុលបង្ហាញផ្លូវបក្សកាន់អំណាច។
កាលពីពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម្តេចប្រកាសធ្វើតាមលោកសម រង្ស៊ី ត្រង់ចំណុច “មានសែន អត់ស៊ី មានស៊ី អត់សែន”។ ទ្រឹស្តីនេះ លោកសម រង្ស៊ី ធ្លាប់និយាយកាលពី១៥ឆ្នាំមុនម៉្លេះ ប៉ុន្តែ មិនទាន់មាន ការធ្វើតាម ទើបតែចូលមកដល់ចុងឆ្នាំ២០១៧ លោកសម រង្ស៊ី ក៏ត្រូវខ្ទាតពីសង្វៀននយោបាយ ក្លាយជាទណ្ឌិត ឈានដល់ ដំណាក់កាល “មានសែន អត់ស៊ី” ដូចអ្វីដែលលោកសម រង្ស៊ី ធ្លាប់និយាយ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងជាអាទិ៍ថា “កាល ពី១៥ឆ្នាំ មុន អ្នកឯងនិយាយពីអី អ្នកឯងនិយាយថា “មានស៊ី អត់សែន មានសែន អត់ស៊ី” មានន័យថា បើមានគេ អត់ខ្ញុំ មានខ្ញុំ អត់គេ ឥឡូវខ្ញុំធ្វើឱ្យដូច ខ្ញុំធ្វើអាហ្នឹងឱ្យដូច ធ្វើដូចមួយជីវិត ទាល់តែងាប់រៀងខ្លួន មានឯង អត់អញ មានអញ អត់ឯង ខ្ញុំធ្វើតាមអ្នកឯងទេ”។ នៅមានចំណុចច្រើនទៀត ដែលបង្ហាញថា គូភាគីប្រឆាំង និងភាគីរដ្ឋាភិបាល បានចាត់ទុកគ្នាជា “គូសត្រូវ” តាមរយៈការផាត់គ្នាចោលបែបនេះ ក៏ព្យាយាមរិះគន់វាយប្រហារគ្នាឥតសំចៃ ប៉ុន្តែ ធម្មតា “អ្នកខ្លាំងជាអ្នកឈ្នះ”។
តាញៀនកាហ្វេម្នាក់ជាមន្ត្រីចូលនិវត្តន៍ គាំទ្របក្សកាន់អំណាច បាននិយាយពាក់ព័ន្ធដល់រឿងនេះថា “កំហុសរដ្ឋាភិបាល នៅត្រង់បន្តទុកលោកសម រង្ស៊ី ឱ្យចូលសង្វៀននយោបាយ ជាង២០ឆ្នាំ លុះអតីតមេបក្សប្រឆាំង រិះគន់វាយប្រហារថា “មាន ស៊ី អត់សែន មានសែន អត់ស៊ី” ធ្វើឱ្យប្រមុខរាជរដ្ឋាភិបាល មើលឃើញកំហុសដែលមិនព្រមផាត់ សម រង្ស៊ី ចេញពីឆាក នយោបាយ ក៏ចាត់មេធាវីប្តឹងទៅតុលាការជាច្រើនករណី រហូតសម រង្ស៊ី លែងហ៊ានចូលស្រុក ពោលគឺវាដល់ដំណាក់កាល “មានសែន អត់ស៊ី” ហ្នឹងហើយ”។
នៅមានករណីផ្សេងទៀត ដែលជាកំហុសរាជរដ្ឋាភិបាល ប៉ុន្តែ រដ្ឋាភិបាលមិនទាន់ធ្វើ ក៏ត្រូវពួកប្រឆាំង រិះគន់ជុំទិស។ រឿងធ្វើផ្លូវឆាប់ខូច ឬ “ធ្វើជាប់” ក៏ធ្លាប់ត្រូវពួកប្រឆាំងរិះគន់ថា មកពីមន្ត្រីពាក់ព័ន្ធសមគំនិតគ្នាជាមួយអ្នកម៉ៅការដេញ ថ្លៃខ្ពស់ លុះដល់ពេលធ្វើផ្លូវ ក៏ចេញក្បួន “ចាក់ស្តើង ស៊ីក្រាស់” រកចំណេញស្រង់ដើម បណ្តាលឱ្យផ្លូវឆាប់ខូច។ រឿងផ្លូវខូច នេះទៀត បណ្តាលមកពីរថយន្តធំៗតទ្រុង ភាគច្រើនជារថយន្តរបស់ឧកញ៉ាៗ ដែលគាំទ្របក្សកាន់អំណាច។ សម្តេចនាយករដ្ឋមន្ត្រី ក៏ធ្លាប់ចេញបញ្ជាពីមុនឱ្យចាប់កាត់ទ្រុងរថយន្តទាំងនោះដែរ តែអាជ្ញាធរមានសមត្ថកិច្ចធ្វើស្រាលដៃ យោគយល់គ្នា ឯង ឬថា បើធ្វើខ្លាំងពេក អាចនាំឱ្យម្ចាស់រថយន្ត ឬប្រធានក្រុមហ៊ុនជាថៅកែធំៗ ជាឧកញ៉ា អាក់អន់ស្រពន់ចិត្ត មិនបោះឆ្នោតឱ្យបក្សកាន់អំណាច។ ការរិះគន់របស់បក្សប្រឆាំង ធ្វើឱ្យបក្សកាន់អំណាចមើលឃើញកំហុសដែរ តែគេមិនទាន់ធ្វើខ្លាំង ក្រែងចុះថយការគាំទ្រ ប៉ុន្តែ ពេលនេះ អតីតបក្សសង្គ្រោះជាតិ ខ្ទាតក្រៅសង្វៀននយោបាយទៅហើយ បក្សកាន់អំណាច ត្រូវតែកែលម្អកំហុសនោះជាចាំបាច់។ ជាក់ស្តែង បទបញ្ជារបស់នាយករដ្ឋមន្ត្រី ឱ្យចាប់រថយន្តតទ្រុង បណ្តាលឱ្យខូចផ្លូវជាតិ នោះ បង្ហាញថា “ព្យាយាមកែលម្អកំហុសដែលមានពីមុន”។ ដំណាក់កាលកែលម្អយុទ្ធសាស្ត្រនយោបាយនេះ បើចៅហ្វាយ ខេត្ត ចៅហ្វាយស្រុក មិនអនុវត្ត ច្បាស់ជារបូតបុណ្យស័ក្តិមិនខានឡើយ ដែលជាបរិបទបង្ហាញថា “សត្រូវក៏មានប្រយោជន៍ ដែរ គឺវាបង្ហាញប្រាប់អ្នកពីកំហុសរបស់អ្នក”។ ឥឡូវករណីពួកប្រឆាំង រិះគន់ស្ថាប័ន គ.ជ.ប រហូតដល់ប្រាប់សហគមន៍អឺរ៉ុប ឱ្យផ្តាច់ជំនួយនោះ ធ្វើឱ្យ គ.ជ.ប ដឹងចំណុចខ្វះខាតណាមួយ ក៏ព្យាយាមកែលម្អ។ ករណីពួកប្រឆាំងរិះគន់ និងឱ្យអាមេរិក បង្កកលុយមន្ត្រីរដ្ឋាភិបាល ដែលយកលុយទៅផ្ញើធនាគារបរទេស អាចធ្វើឱ្យមន្ត្រីពាក់ព័ន្ធចេះប្រុងប្រយ័ត្ន បើរកលុយបាន ច្រើនទុកដាក់នៅស្រុកខ្មែរ ក៏បានដែរ ចាំបាច់អីយកទៅផ្ញើស្រុកគេ?
រឿងលុយកាក់ ប្រាក់ មាសនេះ មន្ត្រីធំៗពីបុរាណ ក៏ដូចសេដ្ឋី កុដុម្ពិកៈ ដង្ខៅ មិនដែលយកទៅផ្ញើស្រុកគេទេ បើដឹងថា ស្រុក ខ្មែរ កើតអសន្តិសុខ គាត់យកមាសពេជ្រ ប្រាក់ណែន ទាំងហាបៗ ទៅជីកដីកប់ទុកនៅកន្លែងសម្ងាត់ណាមួយ រួចគូរផែនទីឱ្យ ប្រពន្ធកូនបានដឹង ទោះជាមន្ត្រីនោះស្លាប់ក្នុងសមរភូមិ ក៏កូនចៅដែលនៅរស់ អាចទៅជីកកំណប់នោះមកប្រើការបានវិញ។
ដូច្នេះយើងឃើញថា ការរិះគន់របស់ពួកប្រឆាំង មិនអត់ប្រយោជន៍នោះទេ អាចធ្វើឱ្យភាគីដែលរងការរិះគន់នោះ មើល ឃើញកំហុសខ្លួន ក៏ព្យាយាមកែលម្អ ប៉ុន្តែ “លាក់គំនិតមិនឱ្យសត្រូវដឹងថា ខ្លួនធ្វើតាមសត្រូវនោះទេ”។
“ព្រះចន្ទរាជា” បានចុះកតិកាសញ្ញាជាមួយ “ស្តេចកន” ផ្អាកធ្វើសង្គ្រាម ៣ខែ ដើម្បីទុកពេលឱ្យរាស្ត្រ និងកងទ័ព ធ្វើ ស្រែ។ កាលនោះ “យមរាជសួស” ជាមន្ត្រីខាងព្រះចន្ទរាជា ចង់យកគាប់គួរពេក ក៏ដឹកនាំពលសេនា១ក្រុម ទៅលួចបាញ់ ស្តេចកន តែបាញ់មិនត្រូវ បានត្រឹមស្តេចកន ចោទប្រកាន់ព្រះចន្ទរាជា ថា “ជាស្តេចមិនគោរពពាក្យសច្ចៈ” ការរិះគន់ធ្ងន់ៗ របស់ស្តេចកន ធ្វើឱ្យព្រះចន្ទរាជា ដឹងកំហុស ក៏ត្រាស់បង្គាប់ពេជ្ឈឃាតឱ្យចាប់យមរាជសួស ទៅប្រហារជីវិត ពីបទ “ធ្វើឱ្យ ខូចកតិកាសញ្ញា”។
យ៉ាងណាមិញ ការប្តឹងផ្តល់គ្នាទៅវិញទៅមករវាងលោកសម រង្ស៊ី និងបក្សកាន់អំណាច គឺមកពី “សត្រូវក៏មានប្រយោជន៍” នេះឯង ដូចកាលពីឆ្នាំ២០១៦ លោកសោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្តឹងលោកសម រង្ស៊ី ថា មួលបង្កាច់ លោកខុសពីការពិត ចំពោះរូបលោកថា ណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ និងបង្ហាញរួមបញ្ចូលទាំងមន្ត្រី រាជការស៊ីវិល ប៉ូលិស និងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន។ ពាក្យបណ្តឹងនេះ តុលាការក៏បានចាត់ការកាត់ទោសលោកសម រង្ស៊ី រួចហើយ ធ្វើឱ្យលោកសម រង្ស៊ី មើលឃើញកំហុស ពាក់ព័ន្ធនឹងរឿងហ្វេសប៊ុក ក៏ព្យាយាមប្តឹងផ្តល់ទៅតុលាការអាមេរិក ចោទប្រកាន់សម្តេចហ៊ុន សែន ថា “ប្រើហ្វេសប៊ុក ដើម្បី ពង្រឹងអំណាច” បានន័យថា ការប្តឹងទៅវិញទៅមកនេះ មកពីស្របតាមទស្សនៈថា “សត្រូវក៏មានប្រយោជន៍ដែរ គឺវាបង្ហាញ ប្រាប់អ្នកពីកំហុសរបស់អ្នក” នេះឯង។ ឈ្មោះថា “សត្រូវ” មិនចាំតែច្បាំងកាប់ចាក់ បាញ់ប្រហារគ្នានោះទេ ត្រឹមជម្លោះ នយោបាយ រត់ចោលស្រុក ក៏ហៅថាសត្រូវដែរ។ ព្រះពុទ្ធអង្គ ក៏មានសត្រូវ គឺទេវទត្ត តាមព្យាបាទព្រះអង្គអត់អាសូរ ចំណែក អ្នកបួសក្រៅសាសនាក៏ព្យាយាមផ្ចាញ់ផ្ចាលព្រះអង្គ ដូចជារិះគន់ថា ព្រះអង្គបណ្តែតបណ្តោយឱ្យសង្ឃសាវ័ក និមន្តបិណ្ឌបាត ពាសវាលពាសកាល ធ្វើឱ្យព្រះពុទ្ធស្គាល់កំហុស ក៏ដាក់បញ្ញត្តសិក្ខាបទហាមសង្ឃសាវ័កនិមន្តបិណ្ឌបាតនៅតាមផ្ទះស្រីមេម៉ាយ ស្រីក្រមុំចាស់, ពួកភិក្ខនី, ខ្ទើយ, ផ្ទះស្រីពេស្យា និងតៀមលក់ស្រា។
សរុបទៅ ទស្សនៈអ្នកនយោបាយបារាំង ថា “សត្រូវក៏មានប្រយោជន៍ដែរ គឺវាបង្ហាញប្រាប់អ្នកពីកំហុសរបស់អ្នក” មាន ន័យយ៉ាងនេះឯង។ ទោះយ៉ាងណា ការទទួលស្គាល់កំហុសនោះ គេលាក់លៀមមិនឱ្យដឹងទេ ព្រោះបើប្រាប់សត្រូវថាខ្លួនធ្វើ តាមការរិះគន់នោះ នាំឱ្យថយសិរីសួស្តី ប៉ុន្តែ អ្នកនយោបាយខ្លាំង គឺចេះស្តាប់និងយកមតិរិះគន់របស់គូបដិបក្ខ ឬសត្រូវ មក ពិចារណា ស្របតាមសុភាសិតសកលថា “ការរិះគន់ស្ថាបនា ជាអាហារបណ្ឌិត”…៕
ដោយ អាចារ្យថាំ