ភ្នំពេញ ៖ អ្នកវិភាគ និងមជ្ឈដ្ឋានតាមដានសង្គម បានមើលឃើញថា ការបង្កើតចលនា សង្គ្រោះជាតិ ប្រៀបដូចជាយកកាំបិតមកអារក លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារពី បទក្បត់ជាតិ និងប្រៀបដូចជាក្តារមឈូសជូន ដំណើរលោកសម រង្ស៊ី ដែលជាអ្នកផ្តួចផ្តើម គំនិតបង្កើតចលនានេះ។
ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគ តាមដានសង្គមម្នាក់ លោក រស់ សារ៉ុម បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ លោក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “តម្រិះជិះកឯង ចលនាសង្គ្រោះជាតិ “បង្កើត ឡើងដោយលោកសម រង្ស៊ី ជាកាំបិតអារក បញ្ចប់ជីវិតនយោបាយលោកកឹម សុខា ដើម្បី លើកតម្កើងក្រុមសម រង្ស៊ីនិយម បានសម្រេច មែន ប៉ុន្តែផ្ទុយទៅវិញ ចលនានេះ ជាក្តារមឈូសជូនដំណើរលោកសម រង្ស៊ី ទៅវិញ ព្រោះ សរុបសេចក្តីទៅ កម្ពុជា ពិតជាមានតែសែន អត់ស៊ី មែនហើយ”។
បន្ថែមលើសំណេរខាងលើនេះ លោករស់ សារ៉ុម បានបកស្រាយបន្ថែមប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “បានជា ខ្ញុំលើកឡើងបែបនេះ ដោយសារយើងមើល ឃើញអំពីចំណុចដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិ បាន៥៥កៅអីហ្នឹង គឺកើតចេញពីការរួប រួមគ្នា។ អ៊ីចឹងចំណុចមួយដែលគណបក្សកាន់អំណាច មើលឃើញពីចំណុចខ្លាំងរបស់គណបក្ស ប្រឆាំងហ្នឹង គឺការរួមគ្នារបស់អ្នកប្រជាធិបតេយ្យ។ អ៊ីចឹងបើចង់រួមគ្នាអត់បាន អត់អាច ធ្វើការជាមួយគ្នាបាន មានន័យថា គាត់មិន អាចយកឈ្នះគណបក្សកាន់អំណាចទេ ហើយ ខ្ញុំឃ្លាំមើលឃើញថា ចរន្តនៃការផ្សះផ្សាគ្នា រវាងក្រុមរបស់លោកសម រង្ស៊ី ហើយនិងក្រុម របស់លោកកឹម សុខា ហ្នឹង គឺរកចំណុចរួមអត់ ឃើញ។ អ៊ីចឹងកាលណារកចំណុចរួមអត់ឃើញ មានតែយកឈ្នះគ្នាឯង ហើយកាលណាយក ឈ្នះគ្នាឯង វាអត់ប្រយោជន៍។ អ្នកដែលចាញ់ មិនមែនគណបក្សកាន់អំណាចទេ គឺគណបក្ស ប្រឆាំងខ្លួនឯងហ្នឹងហើយ នេះជាចំណុចមួយ ទៀត ដែលយើងខ្ញុំមើលឃើញ។ ហើយមួយ ទៀតដែលយើងខ្ញុំថា ការដែលឯកឧត្តមសម រង្ស៊ី បង្កើតចលនាសង្គ្រោះជាតិ ហ្នឹង ដូចអារក លោកកឹម សុខា ហ្នឹង បញ្ចប់ជីវិតនយោបាយ លោកកឹម សុខា ហ្នឹង គឺចប់ហើយ ព្រោះការ បង្កើតហ្នឹងគឺគ្រាន់តែជាលេសមួយល្អមើល ដើម្បី រុញឱ្យតុលាការមានវិធានការចំពោះលោកកឹម សុខា ទៅវិញ។ ទី២ បើមើលចរន្តផ្ទៃក្នុងបក្ស យើងយល់ឃើញថា លោកសម រង្ស៊ី គ្មានអ្វី ក្រៅពីកៀងគរអ្នកដែលស្មោះត្រង់ជាមួយគាត់ ទាំងប៉ុន្មានហ្នឹង គឺយកមកដើម្បីត្រៀមចូលរួម ការបោះឆ្នោតឆ្នាំ២០១៨ អត់មានអីលើសហ្នឹង ទេ។ មានន័យថា ការផ្លាស់ប្តូរតាមរយៈការ យកឈ្នះគណបក្សកាន់អំណាច របស់លោក សម រង្ស៊ី យុទ្ធសាស្ត្រដែលគាត់ធ្វើហ្នឹង វាបរាជ័យ តាំងពីចាប់ផ្តើមទៅ វាអត់ជោគជ័យ”។
លោករស់ សារ៉ុម បានបន្តថា “រឿងចលនា សង្គ្រោះជាតិហ្នឹង មើលទៅនយោបាយការ បរទេស ដែលលោកសម រង្ស៊ី កំពុងធ្វើនៅ ខាងក្រៅហ្នឹង គឺវាអត់មានផល ដោយសារ ទី១ យើងមើលឃើញថា តាំងពីរំលាយ រហូតដល់ ពេលនេះ គឺភាសាមួយដែលថា យកសង្គ្រោះជាតិ ត្រឡប់មកវិញនោះ គឺវាអត់អាចទៅរួច។ យកបាន ទាល់តែប្រជាជនផុសផុល ទាល់តែ អន្តរជាតិគាំទ្រ ហើយខ្ញុំមើលតាមដានមករហូត ឃើ់ញថា មានរដ្ឋាភិបាលអាល្លឺម៉ង់ ព្យួរទិដ្ឋាការ របស់មន្ត្រីរដ្ឋាភិបាលអីអ៊ីចឹង ក៏ប៉ុន្តែវាអត់ សំខាន់ អាហ្នឹងមួយ។ ទី២ អាមេរិកព្យួរទិដ្ឋាការអីណាណីហ្នឹងវាមិនមែនរឿងបញ្ហានយោបាយហ្នឹងទេ គឺរឿងពាក់ព័ន្ធជាមួយនឹងការធ្វើ មាតុភូមិនិវត្តរបស់ជនជាតិខ្មែរដែលទៅរស់នៅ ហ្នឹង អាហ្នឹងរឿងវាដាច់ដោយឡែកពីគ្នា ហើយ អ្នកវិនិយោគទុនអាមេរិក មកធ្វើវិនិយោគទុន នៅស្រុកខ្មែរហ្នឹង ឃើញមកជាលំដាប់។ អ៊ីចឹង ចរន្តនៃការធ្វើនយោបាយការបរទេសគាត់ ដើម្បីឱ្យមានសម្ពាធនយោបាយមកលើរដ្ឋាភិបាលកម្ពុជាហ្នឹង គឺស្រាល អត់ធ្ងន់ អ៊ីចឹងកាល ណាស្រាល គឺអត់អាចទៅរួចទេ អាហ្នឹងមួយ។ ទី២ សម្រាប់សកម្មជន គឺនាំគ្នារត់យករួចខ្លួន ដោយសារទី១ អត់ចង់ឱ្យពាក់ព័ន្ធជាមួយនឹង មេដឹកនាំចលនាមួយចំនួន ដែលតុលាការកំពូល បានចេញដីកាឱ្យឈប់ធ្វើនយោបាយ ៥ឆ្នាំ។ អ្នកផ្សេងក្រៅពី១១៨នាក់ហ្នឹង គឺដកខ្លួន អ៊ីចឹង អ្វីៗគឺអនាគតគណបក្សសង្គ្រោះជាតិ ហើយ និងចរន្តប្រឆាំងអីយ៉ាងម៉េចហ្នឹង មើលផ្លូវដើរ របស់ឯកឧត្តមសម រង្ស៊ី ហ្នឹង ខ្ញុំយល់ថា ដូចជា អត់មានអ្វីដែលថ្មី គឺគាត់អាចត្រឹមតែកំដរពេល វេលាដើម្បីទុកឱ្យអ្នកជំនាន់ក្រោយ គឺខ្លួនឯង ធ្វើអត់ទាន់កើត ទុកឱ្យអ្នកជំនាន់ក្រោយ ប៉ុន្តែ លទ្ធភាពឈ្នះឆ្នោតឆ្នាំ២០១៨ហ្នឹង គឺវាទៅអត់ រួច។ ដូច្នេះសរុបទៅ នេះខ្ញុំចង់បញ្ជាក់ថា ជា ក្តារមឈូសដែលសម្រាប់លោកសម រង្ស៊ី វិញ ហ្នឹង គឺគាត់បែកបាក់សម្ព័ន្ធភាព អាហ្នឹងមួយ។ គាត់ខ្លួនឯងបង្កើតចលនាហ្នឹង គឺដូចការចង់បាន របស់គណបក្សកាន់អំណាច។ មានន័យថា ដូច ការចង់បានរបស់ដៃគូប្រជែងរបស់គាត់ ដែល គេចង់បានថា ការបង្កើតដូចរុញកឹម សុខា ឱ្យ ទាល់ច្រក រុញកឹម សុខា ឱ្យត្រូវធ្វើអីផ្សេង អីអ៊ីចឹង។ លោកសម រង្ស៊ី ធ្វើនយោបាយ ផ្តោត ទៅលើជាតិនិយមជ្រុល អ៊ីចឹងកាលណាជាតិនិយមជ្រុល លទ្ធផលឆ្លើយមកវិញ គឺវាអ៊ីចឹង វាបានតែប៉ុណ្ណឹងទេ វាអត់លើសហ្នឹងទេ។ អ៊ីចឹង ឱ្យគាត់ប្រឆាំងក៏ប្រឆាំងចុះ ប៉ុន្តែដូររបៀប ដឹកនាំដែរ”។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោកស្រី ជូឡុង សូមួរ៉ា អតីតតំណាងរាស្ត្រជាប់ឆ្នោត មណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ (ភរិយាលោកសម រង្ស៊ី), កញ្ញា កឹម មនោវិទ្យា អតីតអនុប្រធានកិច្ចការសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ ព្រម ទាំងអតីតអនុប្រធានគណបក្សប្រឆាំង ពីររូប ទៀត គឺលោកអេង ឆៃអ៊ាង និងលោកស្រីមួរ សុខហួរ និងលោកហូរ វ៉ាន់ អតីតតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ, លោកតុ វ៉ាន់ចាន់ អតីត តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល, លោកនុត រំដួល អតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ, លោកសុខា លី អនុប្រធានចលនាសង្គ្រោះជាតិ, លោករី គា អគ្គលេខាធិការចលនាសង្គ្រោះជាតិ, លោកអូន ឈឹម, លោកសៀ ភារម្យ និងលោក សូរី ប៉ុន ពីបទធ្វើសកម្មភាពនយោបាយខុស ច្បាប់។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តុលាការកំពុងពិនិត្យ និងចាត់ការបណ្តឹងខាងលើនេះហើយ ព្រោះថា អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំងទាំងនោះ បានបង្កើតចលនានយោបាយខុសច្បាប់ និង ប្រឆាំងនឹងសាលដីកាតុលាការកំពូល ដែល ហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈ ពេល៥ឆ្នាំ ក្នុងចំណោមមន្ត្រីបក្សប្រឆាំង ចំនួន ១១៨រូបផ្សេងទៀត។
ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុប ការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨ នៅខេត្តតាកែវ កាលពីរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន បញ្ជាក់សង្កត់ធ្ងន់ថា ចលនាសង្គ្រោះជាតិ មិន អាចមានដង្ហើមរស់បានទេ ព្រោះចលនានេះ គ្មានពលរដ្ឋគាំទ្រនៅក្នុងស្រុក ហើយចលនា នេះ បង្កើតឡើងដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ទោះបីយ៉ាងណា ឆ្លើយតបនឹងការប្តឹងនេះ អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាង បានបញ្ជាក់ថា លោក មិនចាប់អារម្មណ៍នឹងបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលប្តឹងប្រឆាំងរូបលោក និងមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ដទៃទៀត ពីបទធ្វើសកម្មភាពខុសច្បាប់នេះឡើយ ព្រោះសកម្មភាពដែល ពួកលោកបានធ្វើ គឺជាសកម្មភាពស្របច្បាប់ជាតិ និងអន្តរជាតិ។
ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិ លំនៅឋាន លោកសៀ ភារម្យ បានលើកឡើង ថា លោកមិនខ្វល់ទៅនឹងបណ្តឹងនេះទេ ព្រោះ សកម្មភាពរបស់លោកនៅក្រៅប្រទេសនេះ គ្មាន ប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់ឡើយ។
ចំណែកលោកលិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរ ក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋទាំងពីរប្រភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ…”។ ក្នុងមាត្រានេះ អត់មានបទប្បញ្ញត្តិ អ្វីទាំងអស់ លើកលែងតែមាត្រា៣៤ថ្មី បាន ចែងថា “បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុង ច្បាប់បោះឆ្នោត”។ ហេតុនេះ ការសម្រេចរបស់ តុលាការ ហាមមិនឱ្យធ្វើនយោបាយ គឺគ្មានសិទ្ធិ បោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត តែ នៅតែមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយ។ ក្រសួងមហាផ្ទៃ ដាក់ពាក្យប្តឹង មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ទៅសាលា ដំបូងរាជធានីភ្នំពេញ ពីបទធ្វើសកម្មភាពនយោបាយ គឺបំពានលើរដ្ឋធម្មនុញ្ញោហីយ”៕
កុលបុត្រ