ក្នុងជំនួបផ្ទាល់ ជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ កាលពីរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ តារាល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាស រូបនេះ បានឆ្លើយតបការដែលមានអ្នកខ្លះពេញចិត្ត និងខ្លះទៀតមិនពេញចិត្ត និងការឃោសនាស្រាបៀរអង្គរ ក្នុងស្ពតពាណិជ្ជកម្មនោះថា តាមពិត ស្រាបៀរអង្គរ ក៏បានចូលរួមជួយដល់សង្គម បានច្រើនដែរ តាមរយៈកម្មវិធីសប្បុរសធម៌ផ្សេងៗនោះ ហើយតាមពិតទៅ នៅតាមកម្មវិធីផ្សេងៗ ឱ្យតែមានការជួបជុំគ្នា គឺតែងតែមានការស្វាគមន៍គ្នា ដោយការញ៉ាំស្រាហ្នឹងហើយ។
ព្រាប សុវត្ថិ អះអាងថា “តាមពិតខ្ញុំសប្បាយចិត្ត ដែលក្រុមហ៊ុនធំៗ គាត់ធ្វើការជាមួយយើងបានយូរៗ ហើយជាមួយស្រាបៀរអង្គរ ខ្ញុំធ្វើការជាមួយគាត់៤ឆ្នាំដែរ។ ចំពោះអ្នកខ្លះថា ហេតុអីបានជាខ្ញុំថតស្ពតស្រានោះ តាមពិតខ្ញុំគិតថា ស្រាបៀរអង្គរ គាត់ក៏បានចូលរួម ការងារសង្គមច្រើនដែរ ដូចជា តាមកម្មវិធី សប្បុរសធម៌មួយចំនួន គឺយើងមានជាហូរហែ។ ម៉្យាងទៀត ខ្ញុំយល់ថា តាមកម្មវិធីផ្សេងៗ ដែលគេជួបជុំគ្នា គេស្វាគមន៍គ្នា គឺយើងតែងតែមានការជល់កែវគ្នាអ៊ីចឹងហើយ។ តាមពិតទៅស្រាគេឱ្យយើងផឹក តែកុំឱ្យច្រើនពេក ហើយបើស្រវឹង គឺកុំបើកបរ បើយើងញ៉ាំល្មមៗ ជាការជួបជុំគ្នានោះជាការធម្មតាទេ”។
ការបំភ្លឺរបស់លោកព្រាប សុវត្ថិ ពេលនេះ គឺជាការឆ្លើយតបទៅនឹងអ្នកគាំទ្ររបស់លោក ឱ្យអស់ចម្ងល់ ព្រោះកន្លងមក មានតារាខ្លះបានតាំងចិត្តថា មិនថតឃោសនាឱ្យគ្រឿងស្រវឹងជាដាច់ខាតទៀតផង ក្នុងនោះក៏មានតារាជើងចាស់ លោកសាវីន ហ៊្វីលីព បានប្រកាសជាសាធារណៈថា បើទោះជាត្រូវដាច់ពោះស្លាប់ក៏ដោយ ក៏លោកមិនព្រមថតឱ្យជាដាច់ខាត ព្រោះមិនចង់ឱ្យប្រជាជនរងគ្រោះដោយសារលោក។ ប៉ុន្តែ ការលេចមុខរបស់លោកព្រាប សុវត្ថិ ក្នុងស្ពតស្រាបៀរអង្គរនោះ គឺមានការបង្កប់ដោយចម្រៀងអប់រំ បង្ហាញពីការស្រលាញ់រួបរួមគ្នាផងដែរ គឺបទ “បេះដូងខ្មែរ” ដែលច្រៀងដោយលោកព្រាប សុវត្ថិ តែម្តង។
តាមព័ត៌មានថា ក្នុងស្ពតពាណិជ្ជកម្មធំលក្ខណៈស្តង់ដារមួយ ដែលព្រាប សុវត្ថិ ថត គឺមានការកុងត្រាមួយឆ្នាំ មានតម្លៃមិនក្រោម៥ម៉ឺនដុល្លារឡើយ ដូចនេះក្រៅពីត្រូវប៉ាន់ រកប្រាក់ចំណូលពីអាជីពចម្រៀងក្នុងមួយឆ្នាំៗ រាប់សែនដុល្លារនោះ ព្រាប សុវត្ថិ ក៏មានប្រាក់ចំណូ លពីការថតស្ពត…៕ ហុឹម វិចិត្រ
https://youtu.be/mH6Lu9VS2nw