Friday, January 31, 2025
Homeសន្ដិសុខសង្គមរំលោភសម្លាប់ក្មេងស្រី រួចញាត់សពចូលបឹងកំប្លោក

រំលោភសម្លាប់ក្មេងស្រី រួចញាត់សពចូលបឹងកំប្លោក

ខេត្តព្រៃវែង ៖ ក្មេងស្រីម្នាក់បានធ្វើដំណើរចេញពីផ្ទះទៅសាលារៀន រួចក៏បាត់ខ្លួនដោយគ្មានដំណឹង ធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភ ចែកផ្លូវគ្នាតាមស្វែងរកសព្វកន្លែងតែមិនឃើញសោះ លុះ៤ថ្ងៃក្រោយមក ក៏ត្រូវបានគេប្រទះឃើញសាកសពក្មេងស្រីរងគ្រោះកប់នៅក្នុងបឹងកំប្លោក ខាងក្រោយថ្នាក់រៀន ស្ថិតក្នុងសភាពរបួសជាំពេញខ្លួន និងមានដាច់រហែកសម្លៀកបំពាក់ជាដុំៗទៀតផង ធ្វើឱ្យកើតមានការផ្អើលឆោឡោថា ក្មេងស្រីរងគ្រោះត្រូវឃាតកររំលោភសម្លាប់ ញាត់សពចូលទៅក្នុងបឹងកំប្លោក។

ករណីឃាតកម្មរំលោភសម្លាប់ក្មេងស្រីសិស្សសាលាយ៉ាងឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង១៣នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបឹងកំប្លោកខាងក្រោយថ្នាក់រៀន ក្នុងអនុវិទ្យាល័យបាខៅ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំស្តៅ កោង ស្រុកបាភ្នំ។

សាកសពក្មេងស្រីរងគ្រោះដែលត្រូវឃាតករដៃឆៅរំលោភសម្លាប់ខាងលើ មានឈ្មោះសុខ ចាន់ថង អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះសុខ និន អាយុ៥៨ឆ្នាំ ត្រូវជាជីតារបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ចៅស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានធ្វើដំណើរចេញពីផ្ទះ សំដៅទៅសាលារៀននៅអនុវិទ្យាល័យបាខៅ ដែលជាទីតាំងកើតហេតុដូចសព្វដង។ លុះមកដល់ល្ងាចថ្ងៃដដែល គាត់បានចាំមើលផ្លូវចៅស្រីចេញពីសាលា តែមិនឃើញចៅត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារនឹកព្រួយបារម្ភ នាំគ្នាចេញដើររកចៅស្រីពេញមួយល្ងាច ប៉ុន្តែរកយ៉ាងណា ក៏មិនប្រទះឃើញសោះ មិនដឹងជាបាត់ចៅស្រីទៅណា។

បុរសជាជីតាក្មេងស្រីរងគ្រោះបន្តថា លុះមកដល់ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំស្តៅកោង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកចៅស្រីរបស់គាត់ផង។ ចំណែកសមត្ថកិច្ច នៅពេលទទួលបានពាក្យបណ្តឹងគាត់ភ្លាម ក៏បានដាក់ពង្រាយកម្លាំងចេញតាមស្វែងរកចៅស្រីរបស់គាត់សព្វកន្លែងដែរ ប៉ុន្តែមិនទទួលបានលទ្ធផលសោះ។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក៏មានការភ្ញាក់ផ្អើលថា មានសិស្សសាលាប្រទះឃើញសពក្មេងស្រីកប់ក្នុងបឹងកំប្លោកក្រោយថ្នាក់រៀន ទើបគាត់ប្រញាប់ទៅ ពិនិត្យមើល ទើបដឹងថា ជាសពចៅស្រីរបស់គាត់ដែលបានបាត់ខ្លួន៤ថ្ងៃមកហើយ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីជីតារបស់ក្មេងស្រីរងគ្រោះ ដែលបានមកប្តឹងថា គាត់បានបាត់ចៅស្រីតាំងពីរសៀលថ្ងៃទី១៥ កុម្ភៈ ពេលដែលនាងចេញទៅរៀន និងមិនឃើញ ត្រឡប់មកផ្ទះវិញសោះ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចេញតាមស្វែងរកដែរ តែមិនឃើញសោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៨និង១៤នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលព័ត៌មានពីលោកគ្រូបង្រៀននៅក្នុងអនុវិទ្យាល័យបាខៅ ថា មានសិស្សប្រទះឃើញសពនៅក្នុងបឹងកំប្លោកខាងក្រោយថ្នាក់រៀន ទើបសមត្ថកិច្ចបានចុះដល់ទីតាំងកើត ហេតុភ្លាមៗ និងបានស្រង់សាកសពយកមកលើគោកដើម្បីពិនិត្យ ទើបដឹងថាពិតជាសពរបស់ក្មេងស្រីរងគ្រោះ ដែលបាត់ខ្លួនកាលពីរសៀល ថ្ងៃទី១៥ កុម្ភៈ នោះមែន។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា នៅលើខ្លួនប្រាណសព មានស្លាកស្នាមជាំជាច្រើនកន្លែង ចំណែកសម្លៀកបំពាក់ មានស្នាមរហែកជាដុំៗទៀតផង។ តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច ក្មេងស្រីរងគ្រោះ ត្រូវឃាតករចាប់ រំលោភ រួចសម្លាប់ចោល ដើម្បីបំបិទភ័ស្តុតាង។

ជុំវិញករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ សមត្ថកិច្ចជំនាញកំពុងចុះស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

យ៉ាងណា មហាជនដែលចោមរោមមើលហេតុការណ៍បានសម្តែងនូវអារម្មណ៍អាណិតអាសូរចំពោះក្មេងស្រីរងគ្រោះ ដែលមិនគួរណាត្រូវឃាតករចិត្តកំណាចប្រព្រឹត្តអំពើរំលោភសម្លាប់យ៉ាងព្រៃផ្សៃបែបនេះសោះ។ ជាមួយនេះ មានការលើកឡើងថា ករណីនេះកើតឡើងនៅក្នុងបរិវេណសាលា ហេតុនេះជនដៃដល់អាចជាមនុស្សដែលនៅមិនឆ្ងាយនោះទេ និងថែមទាំងស្គាល់គ្នាជាមួយក្មេងស្រីរងគ្រោះទៀតផង ទើបបានជាឈានដល់ការសម្លាប់បំបិទមាត់បែបនេះ៕

RELATED ARTICLES