Friday, January 31, 2025
Homeសន្ដិសុខសង្គមប្តីទើបចេញពីគុកផឹកស្រវឹង ខឹងប្រពន្ធតឿនឱ្យទៅផ្ទះ វ៉ៃរយះក្បាល

ប្តីទើបចេញពីគុកផឹកស្រវឹង ខឹងប្រពន្ធតឿនឱ្យទៅផ្ទះ វ៉ៃរយះក្បាល

ខេត្តកំពង់ចាម ៖ បុរសម្នាក់ទើបនឹងចេញពីគុកថ្មីៗ បានជួបជុំមិត្តភក្តិផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក លុះពេលប្រពន្ធចេះតែមកតាមហៅដល់វង់ផឹក និងតឿនបង្ខំឱ្យត្រឡប់ទៅផ្ទះវិញ ធ្វើឱ្យខ្មាសមិត្តភក្តិរួមវង់ខ្លាំងពេក ក៏ផ្ទុះកំហឹងវាយប្រពន្ធចំកកណ្តាលក្បាល បណ្តាលឱ្យរងរបួស រយះក្បាល និងត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកសាជាថ្មី។

ករណីប្តីស្រវឹងខឹងប្រពន្ធតាមហៅឱ្យទៅផ្ទះ បែរជាផ្ទុះកំហឹងវ៉ៃប្រពន្ធបែកក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិអំពិលលើ សង្កាត់អំពិល ស្រុកកំពង់សៀម។

ជនសង្ស័យដែលវាយប្រពន្ធរយះក្បាល មានឈ្មោះញែមុ ធូ អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឈុង ភឿក ហៅស្រីអូន អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ រងរបួសរយះចំកណ្តាលក្បាល១កន្លែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ជនសង្ស័យជាប្តី បានចេញទៅផឹកស៊ីនៅផ្ទះមិត្តភក្តិនៅចំណុចកើតហេតុខាងលើ។ លុះក្រោយពីផឹកស៊ីស្រវឹងជោកជាំ ស្រាប់តែគេឃើញស្ត្រីជាប្រពន្ធ បានតាមទៅហៅប្តីដល់វង់ផឹក និងចេះតែតឿនបង្ខំឱ្យប្តីត្រឡប់ទៅផ្ទះវិញ ទោះជាប្តីប្រាប់ថា ចាំបន្តិចទៀតចាំទៅ យ៉ាងណាក៏ស្ត្រីជាប្រពន្ធនៅតែតឿនបង្ខំដដែលៗ ជាហេតុធ្វើឱ្យជនសង្ស័យមានអារម្មណ៍ថាខ្មាសមិត្តភក្តិដែលផឹកស៊ីក្នុងវង់ជាមួយគ្នា ក៏ផ្ទុះកំហឹង ស្ទុះទៅវាយប្រពន្ធចំកណ្តាលក្បាល បណ្តាលឱ្យរងរបួសរយះក្បាលហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយកើតហេតុ មិត្តភក្តិរួមវង់ផឹកស៊ី បានជួយឃាត់ និងចាប់បំបែកជនសង្ស័យចេញ ចៀសវាងបង្កហិង្សាដាក់ប្រពន្ធកាន់តែធ្ងន់ជាងនេះ លុះបន្តិចក្រោយមក សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប្រើអំពើហិង្សាដាក់ប្រពន្ធ បណ្តាលឱ្យបែកក្បាលប្រាកដមែន មូលហេតុដោយសារតែរូបគេផឹកស្រាស្រវឹងខ្លាំងពេក ណាមួយខឹងនឹងប្រពន្ធដែលចេះតែមកតាមហៅ និងតឿនបង្ខំឱ្យត្រឡប់ទៅផ្ទះ ទើបធ្វើឱ្យ រូបគេផ្ទុះកំហឹងទប់មិនជាប់ ក៏ក្លាយជាបែបនេះតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ទើបនឹងចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ស្រាប់តែពេលនេះមកបង្កហិង្សា ដាក់ប្រពន្ធរបស់ខ្លួន ក៏ត្រូវសមត្ថកិច្ចចាប់បញ្ចូលទ្រុងដែកសារជាថ្មីតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES