ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់សម្តែងថា បុគ្គលគ្រប់រូបត្រូវស្វែងរកសេចក្តីសុខ ជាប្រភពនៃសន្តិភាព ប៉ុន្តែបុថុជ្ជន ដែលលុះទៅក្នុងលោភៈ ទោសៈ មោហៈ ពិបាកធ្វើតាមបាន ជាពិសេស “សេចក្តីសុខ ៩យ៉ាង មិនងាយធ្វើបានឡើយ”។ សម្រាប់អ្នកនយោបាយ បើចង់ឱ្យមានសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្ត លុះត្រាតែព្យាយាមស្វែងរក “សុខទាំង៩យ៉ាង” នេះ ឱ្យបាន ហោចណាស់ត្រឹមពាក់កណ្តាល ទើបសង្គមមានវឌ្ឍនភាព ដែល “នគរធំ” សូមលើកព្រះពុទ្ធដីកាខាងលើ មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។
សេចក្តីសុខ ៩យ៉ាង មានចារទុកយ៉ាងពិស្តារក្នុងគម្ពីរព្រះត្រៃបិដក ជាពិសេសនៅក្នុង “ប្រស្នាប្រជុំកងធម៌” ជារួមមាន ១.សុខព្រោះការមិនបៀតបៀនអ្នកដទៃ ២.សុខព្រោះការសន្សំសេចក្តីល្អ ៣.សុខព្រោះការព្រមព្រៀងគ្នា ៤.សុខព្រោះ មានបញ្ញាយល់ដឹងការពិត ៥.សុខព្រោះការមិនក្រោធខឹង ៦.សុខព្រោះការមិនប្រកាន់ ៧.សុខព្រោះការឱ្យអភ័យ ៨.សុខ ព្រោះការមិនយកទុក្ខមកដាក់ខ្លួន ៩.សុខព្រោះឈ្នះខ្លួនឯង។ សុខទាំង៩យ៉ាងនេះ សម្រាប់មនុស្សគ្រប់ជាតិសាសន៍ យក ទៅអនុវត្ត ប៉ុន្តែសម្រាប់អ្នកនយោបាយ មិនងាយធ្វើបានទេ ដោយហេតុថា ការដណ្តើមអំណាចគ្នាលើសង្វៀនប្រជាធិបតេយ្យ តម្រូវឱ្យប្រើយុទ្ធសាស្ត្រ “ក្តៅខ្លះ ត្រជាក់ខ្លះ ធូរខ្លះ តឹងខ្លះ” ម៉្លោះហើយសុខក្នុងព្រះធម៌កាន់តែឆ្ងាយទៅៗ ដែលយើងសូម លើកពីសេចក្តីសុខនីមួយៗ មកបរិយាយលម្អិតដូចខាងក្រោម ៖
១.សុខព្រោះការមិនបៀតបៀនអ្នកដទៃ ៖ ចំណុចនេះ យើងឃើញអ្នកនយោបាយខ្មែរ គ្រប់ជំនាន់ គ្រប់រជ្ជកាល គ្រប់ និន្នាការ មិនងាយធ្វើបានឡើយ ពោលគឺ ភាគីម្ខាងៗតែងតែប្រើយុទ្ធសាស្ត្រកាច់ផ្តួលគ្នា ក្លាយជាវប្បធម៌ទៅហើយ។ សព្វថ្ងៃ ទោះបីជាអតីតបក្សប្រឆាំង ត្រូវរំលាយចោលទៅហើយក្តី ក៏ពួកប្រឆាំងនៅក្រៅប្រទេស បានបន្តការប្រឆាំងខ្លាំងលើសដើម ទៅទៀត ចំណែកបក្សកាន់អំណាច ក៏ត្រៀមកម្លាំងទប់ទល់។ បើភាគីទាំងសងខាងប្រឈមមុខដាក់គ្នាយ៉ាងនេះ “សុខ ព្រោះការមិនបៀតបៀនគ្នា” កើតមកពីណា?
២.សុខព្រោះការសន្សំសេចក្តីល្អ ៖ ចំណុចនេះឃើញអ្នកនយោបាយអាចធ្វើបានខ្លះ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ចែកអំណោយមនុស្សធម៌ដល់ជនក្រីក្រ ជរា អនាថា ជាដើម។ កាលបើធ្វើអំពើល្អនេះរួច ក៏មានអារម្មណ៍ស្រស់ថ្លា សោមនស្សរីករាយ ប៉ុន្តែ បើធ្វើអំពើល្អដោយយល់មុខ ឬចែកអំណោយយល់មុខ អាចនឹងធ្វើឱ្យ សេចក្តីល្អនោះមិនបានពេញលេញ។
៣.សុខព្រោះការព្រៀមព្រៀងគ្នា ៖ ចំណុចនេះ យើងឃើញអ្នកនយោបាយខ្មែរ ដែលប្រជែងអំណាចគ្នា ធ្វើតាមមិនបាន ពោលគឺ “វប្បធម៌សន្ទនា” បានតែមួយខ្យល់ ក៏រលាយបាត់ទៅ។ ឥឡូវគ្មានការព្រមព្រៀងអ្វីទៀតទេ នៅសល់តែការ បែកបាក់ ចងកម្មចងពៀរគ្នា មិនដឹងថ្ងៃណាបញ្ចប់។
៤.សុខព្រោះមានបញ្ញាយល់ដឹងការពិត ៖ ចំណុចនេះ សំដៅដល់អ្នកនយោបាយឈ្លាសវៃ តែងប្រើបញ្ញាញាណដោះស្រាយបញ្ហា ដោយចេះជម្រះទស្សនៈមហាជនកុំឱ្យមានការភ័ន្តច្រឡំ។ អ្នកនយោបាយឆ្លាត “គ្រាន់តែចាប់ច្រវា មើល ឃើញត្រើយមួយរំពេច” ប៉ុន្តែ បើមើលត្រើយមិនឃើញ ប្រឹងចាប់ច្រវា ច្បាស់ជា “លិចទូកកណ្តាលទន្លេ” មិនខានឡើយ។
៥.សុខព្រោះការមិនក្រោធខឹង ៖ ចំណុចនេះ គ្មានអ្នកនយោបាយណាធ្វើតាមបានឡើយ សូម្បីតែព្រះសង្ឃកាន់សីល១០ ក៏អនុវត្តមិនបានដែរ។ សព្វថ្ងៃ យើងឃើញអ្នកនយោបាយគ្រប់និន្នាការ ប្រើយុទ្ធសាស្ត្រ “ម៉ាំងទៅម៉ាំងមក” ឆ្លើយឆ្លងគ្នា ឡើងរង្គើហ្វេសប៊ុក ឬឧគ្ឃោសនសព្ទ បញ្ចោញភាពក្រេវក្រោធ បណ្តាលឱ្យអ្នកស្តាប់សង្កៀរត្រចៀកគ្រប់គ្នា។
៦.សុខព្រោះការមិនប្រកាន់ ៖ ចំណុចនេះ អ្នកនយោបាយខ្មែរ ក៏មិនងាយធ្វើបានដែរ ដែលយើងកត់សម្គាល់បានថា បើ ភាគីណាមួយធ្វើសកម្មភាពអ្វីមិនស្របគំនិតខ្លួន ក៏ប្រកាន់ភ្លាម។ ការប្រកាន់នេះ ឈានដល់ការដៀមដាមគ្នាពីក្រៅប្រទេស ឬជេរប្រទេច ធ្វើឱ្យអ្នកនយោបាយម្ខាងទៀតទ្រាំមិនបាន ក៏កើតជារឿងប្តឹងផ្តល់ឡើងដល់តុលាការ។
៧.សុខព្រោះការឱ្យអភ័យ ៖ ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អនុវត្តកន្លងមក ដូចជាការឱ្យអភ័យដល់ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ប៉ុន្មានដងទៅហើយ ដោយទូលថ្វាយស្នើសុំព្រះមហាក្សត្រសុំព្រះរាជទានការលើកលែងទោស។ ប៉ុន្តែ ពេលនេះ ការឱ្យអភ័យកាន់តែឆ្ងាយទៅៗ សូម្បីតែសកម្មជនដីធ្លី និងអ្នកប្រឆាំងជាង១០នាក់ ដែលកំពុង ជាប់ពន្ធនាគារ ក៏មិនងាយបានអភ័យដែរ ដោយសារឆាកនយោបាយកំពុងមានភាពរកាំរកូស ចម្រូងចម្រាស។
៨.សុខព្រោះការមិនយកទុក្ខមកដាក់ខ្លួន ៖ ចំណុចនេះ ពិបាកធ្វើបំផុត ព្រោះថា បុគ្គលគ្រប់រូបដែលកើតមកពីលើលោក សន្និវាសនេះ ចៀសមិនផុតពី “ទុក្ខ សោក រោគ ភ័យ” ដែលចាប់ប្រភពពី “ជាតិ ជរា ព្យាធិ មរណៈ”។ បើជារឿងពាក់ព័ន្ធដល់ នយោបាយ សេចក្តីទុក្ខព្រោះការរំលាយបក្សប្រឆាំង ធ្វើឱ្យអតីតមន្ត្រីបក្សប្រឆាំង ក្រហល់ក្រហាយនៅមិនស្រណុក ចំណែក បក្សកាន់អំណាច ដែលត្រៀមខ្លួនទប់ទល់ “ចលនាសង្គ្រោះជាតិ” នោះ ក៏នៅមិនស្រណុកដូចគ្នា។
៩.សុខព្រោះឈ្នះខ្លួនឯង ៖ មានតែព្រះពុទ្ធអង្គ ទើបអាចយកឈ្នះខ្លួនឯងបាន ដោយតាំងព្រះទ័យមិនក្រោកចាក អាសនៈបល្ល័ង្កក្រោមដើមពោធិព្រឹក្ស បើសិនជាព្រះអង្គមិនបានសម្រេចអនុត្តរសម្មាសម្ពោធិញ្ញាណ។ សម្រាប់អ្នកនយោបាយ ជារឿងពិបាកធ្វើបំផុត ព្រោះថា ខ្លួនមិនអាចកាច់បំបាក់ “អស្មិមានះ” ដែលមាននៅក្នុងខ្លួនបាន ប៉ុន្តែ បើអាចធ្វើបានដូចអ្នក ញៀនបារី ញៀនស្រា អាចតមវាបាននោះ ខ្លួននឹងមានសេចក្តីសុខ ព្រោះការមិនស្រវឹង គ្មានជាតិផ្សែងរុំសួតជាដើម។
“សេចក្តីសុខទាំង៩យ៉ាង” នេះ អ្នកនយោបាយអាចធ្វើបានតិចតួចណាស់ រីឯចំណុចធ្វើមិនបានច្រើនរាប់មិនអស់។ ប្រវត្តិសាស្ត្រចារទុកយ៉ាងច្បាស់ថា ព្រះមហាក្សត្រខ្មែរ ពីបុរាណ ដែលកាន់អំណាច “សម្បូណ៌ាជ្ញាសិទ្ធិរាជ្យ” ក៏ព្រះអង្គបំពេញ សេចក្តីសុខខាងលើនេះមិនបានដែរ។ សង្គ្រាមរវាងព្រះចន្ទរាជា និងស្តេចកន រយៈពេល១៤ឆ្នាំ បណ្តាលឱ្យខ្ទេចខ្ទាំមាតុភូមិ គឺបណ្តាលមកពីស្តេចទាំងពីរព្រះអង្គ ស្វែងរកសេចក្តីសុខទាំង៩យ៉ាងនេះមិនបាន។ សង្គ្រាមនៅស៊ីរី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន លីប៊ី អ៊ីស្រាអែល ប៉ាឡេស្ទីន អ៊ុយក្រែន និងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ារ (ភូមា) គឺបណ្តាលមកពីថ្នាក់ដឹកនាំ គ្រប់ភាគី ស្វែងរកសេចក្តីសុខទាំង៩យ៉ាងនេះមិនឃើញ។
ពេលនេះស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងដើរដល់ដំណាក់កាល “បាត់បង់សេចក្តីសុខទាំង៩យ៉ាង” នេះហើយ។ សេចក្តីសុខជាប្រភពនៃសន្តិភាព រីឯសន្តិភាព លុះត្រាតែស្ងប់អារម្មណ៍ ស្ងប់ចិត្ត ប៉ុន្តែ បើសុខតែកាយ ឯចិត្តមិនបានសុខ ឈ្មោះថា “សន្តិភាពមិនពេញលេញ”។ ការប្រឆាំងពីក្រៅប្រទេស អំពើពុករលួយ គ្រឿងញៀន ល្បែងស៊ីសង ចោរកម្ម ភាព អត់ការងារធ្វើ ទោះបីជាមិនប៉ះពាល់ដល់អ្នកធំ អ្នកមាន ឬប៉ះតែអ្នកក្រនោះ ក៏រកសេចក្តីសុខមិនឃើញដែរ។ ព្រះបាទ ជយវរ្ម័នទី៧ ទ្រង់មានព្រះបន្ទូលថា “ការឈឺចាប់របស់ប្រជារាស្ត្រ គឺជាការឈឺចាប់របស់ព្រះអង្គ” ដែលជាព្រះមរតកសាសន៍ ដ៏មានតម្លៃមិនចាំបាច់ពន្យល់។
សរុបទៅ “សុខ ៩យ៉ាង មិនងាយធ្វើបាន” ជាព្រះពុទ្ធដីកាទ្រង់ត្រាស់សម្តែងទុកមក និងត្រូវបានព្រះសង្ឃ ក៏ដូចធម្មាចារ្យ នានាលើកយកមកទេសនា ឬធ្វើសាកច្ឆាផ្សព្វផ្សាយជាទូទៅ។ ហេតុនេះ បើចង់ឱ្យប្រទេសជាតិមាតុភូមិមានសុខសន្តិភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត លុះត្រាតែអ្នកនយោបាយដណ្តើមឱ្យបានសេចក្តីសុខ ហោចណាស់ត្រឹមពាក់កណ្តាល ទើបសង្គម មានសុខដុមរមនា ប៉ុន្តែបើដណ្តើមមិនបាន សង្គមនៅតែរកាំរកូស ចម្រូងចម្រាសជានិច្ច…៕
ដោយ អាចារ្យថាំ