Saturday, January 25, 2025
Homeសង្គម និងជីវិតយាយអាយុ៧៨ឆ្នាំ ស្លាប់អាក្រាតកាយក្នុងផ្ទះតែឯង

យាយអាយុ៧៨ឆ្នាំ ស្លាប់អាក្រាតកាយក្នុងផ្ទះតែឯង

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងផ្ទះ បន្ទាប់ពីអ្នកជិតខាងមានការសង្ស័យ មិនឃើញលោកយាយចេញពីផ្ទះតាំងពីព្រឹក ទើបរាយការណ៍ប្រាប់មេភូមិឱ្យចុះមកជួយពិនិត្យមើល លុះពេលគាស់ទ្វារចូលទៅមើល ក៏ប្រទះឃើញ លោកយាយរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយ នៅខាងមុខបន្ទប់ទឹក។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤០២បេ ផ្លូវបេតុង ក្រុម១៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សពលោកយាយរងគ្រោះមានឈ្មោះឡោម សំឡី អាយុ៧៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងផ្ទះលោកយាយរងគ្រោះ បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃគេតែងតែឃើញលោកយាយរងគ្រោះ ចេញពីក្នុងផ្ទះមកបោសសំអាតរាល់ថ្ងៃ ស្រាប់តែនៅនឹងថ្ងៃនេះ មិនបានឃើញស្ត្រីនោះចេញពីផ្ទះមកឡើយ រហូតមកដល់ល្ងាច ម៉ោង៦និង២០នាទីព្រលប់ថ្ងៃដដែល ក៏នៅតែមិនឃើញចេញក្រៅសោះ ដោយមានការសង្ស័យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះ បាននាំគ្នារាយការណ៍ប្រាប់ទៅអាជ្ញាធរ មេភូមិ និងសមត្ថកិច្ចឱ្យចុះមកដល់កន្លែងកើតហេតុ។

ប្រភពដដែលបន្តថា ក្រោយពីបានទទួលដំណឹងខាងលើរួចមក មេភូមិបានចុះមកដល់កន្លែងកើតហេតុ រួចបងប្អូនប្រជាពលរដ្ឋបាននាំគ្នាឱ្យមេភូមិឡើងតាមទ្វារផ្ទះចូលទៅខាងក្នុង ដោយសារតែទ្វារជាប់សោរ ហើយបងប្អូនប្រជាពលរដ្ឋបានប្រាប់ទៅលោកមេភូមិថា មិនអីទេ ចាំពួកគាត់ថតវីដេអូទុកធ្វើជាឯកសារ ដើម្បីការពារជូនខ្លាចមានបញ្ហាណាមួយកើតឡើង។ ភ្លាមៗនោះ លោកមេភូមិក៏បានឡើងតាមរបងទ្វារផ្ទះ ចូលទៅខាងក្នុង រួចក៏យកដែកមកគាស់សោទ្វារឱ្យរបើកចេញ ហើយក៏បានឱ្យបងប្អួនប្រជាពលរដ្ឋថតពីសកម្មភាពរបស់លោកទុកនៅពេលដែលចូលទៅខាងក្នុង ស្រាប់តែប្រទះឃើញសពលោកយាយរងគ្រោះ ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងផ្ទះបាត់ទៅហើយ។

ក្រោយពេលកើតហេតុ លោកមេភូមិបានរបាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យ ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះមកធ្វើកោសល្យវិច័យ។

បន្ទាប់ពីធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា លោកយាយរងគ្រោះ បានស្លាប់ដោយសារអាការៈខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។

សាកសពលោកយាយរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES