ភ្នំពេញ ៖ បុរសម្នាក់ ព្រោះតែជីវភាពទីទ័លក្រពេក ណាមួយប្រពន្ធដែលទើបនឹងសម្រាលកូនខ្ចីបាន៥ខែ ឈឺអត់មានលុយទៅព្យាបាលនៅមន្ទីរពេទ្យផងនោះ ក៏ដាច់ចិត្តប្រើល្បិចលួចម៉ូតូរបស់មិត្តភក្តិ រួចជិះចេញពីខេត្តកំពង់ចាម យកមកបញ្ចាំនៅភ្នំពេញ ដើម្បីយកលុយទៅឱ្យប្រពន្ធ នាំកូនតូចកំពុងមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ ទីបំផុត ម្ចាស់ម៉ូតូតាមរកមុខឃើញ ដេញចាប់វ៉ៃទ្រមខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវលេខ៤៩ កែងនឹងផ្លូវលេខ១៣០ ចំណុចខាងក្រោយក្រុមហ៊ុនប៊ីឡាញ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។
ជនសង្ស័យដែលអត់លុយឱ្យប្រពន្ធនាំកូនខ្ចីមានជំងឺទៅមន្ទីរពេទ្យ បែរជាបែកគំនិតលួចម៉ូតូមិត្តភក្តិយកទៅបញ្ចាំនេះ មានឈ្មោះព្រហ្ម វត្ថា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះគង់ អ៊ាន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិអារក្សា ឃុំត្រពាំងគោ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯស្គន់ ខេត្តកំពង់ចាម ជនរងគ្រោះ និងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា បានជិះម៉ូតូជាមួយគ្នា ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1G-8463 ដោយជនសង្ស័យជាអ្នកឌុប លុះបន្តិចក្រោយមក ជនសង្ស័យខាងលើ ក៏ធ្វើជា ជ្រុះទូរស័ព្ទដៃ ហើយឱ្យជនរងគ្រោះជាម្ចាស់ ម៉ូតូចុះរើស លុះពេលដែលជនរងគ្រោះកំពុងតែឱនរើសទូរស័ព្ទ ស្រាប់តែជនសង្ស័យបើកម៉ូតូរត់គេចខ្លួនចេញពីស្គន់ សំដៅមកភ្នំពេញ ហើយបានយកម៉ូតូ១គ្រឿងនោះ ទៅដាក់បញ្ចាំនៅម្តុំឃ្លាំងរំសេវ ដោយអត់មានឯកការសារអ្វីទាំងអស់ ក្នុងតំលៃ៤៥០ដុល្លារ។
ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បងប្រុសជនរងគ្រោះមានឈ្មោះឈឹម ដា អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ០៨ ម្តុំវត្តទួល សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង កំពុងជិះម៉ូតូជាមួយប្រពន្ធតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ក៏ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងតែជិះរ៉ឺម៉កម៉ូតូ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ភ្លាមៗនោះ គាត់ក៏ស្រែកថាចោរៗ ទើបជនសង្ស័យភ័យស្លន់ស្លោរត់ចុះពីលើម៉ូតូកង់បីរត់ទៅដល់ផ្លូវ៤៩ ក៏ត្រូវប្រជាពលរដ្ឋចាប់បាននាំគ្នាវ៉ៃ១ដៃ ១ជើងបណ្តាលឱ្យបែកក្បាល រួចប្រគល់ទៅអោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ខណ្ឌដូនពេញដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើល្បិចលួចយកម៉ូតូពីជនរងគ្រោះជាមិត្តភក្តិ យកទៅដាក់បញ្ចាំប្រាកដមែន មូលហេតុដោយសារតែប្រពន្ធរបស់គេទើបនឹងសម្រាលកូនបាន៥ខែ ស្រាប់តែកូនតូចនោះឈឺអត់មានលុយទៅពេទ្យព្យាបាល ណាមួយការងារសំណង់ដែលរូបគេកំពុងធ្វើ ត្រូវមេការមិនទាន់បើកលុយឱ្យទៀត ទើបធ្វើឱ្យរូបគេទាល់ច្រកគិតអ្វីមិនចេញ ក៏បែកគំនិតលួចម៉ូតូមិត្តភក្តិដាក់បញ្ចាំ ដើម្បីយកលុយផ្ញើឱ្យប្រពន្ធនាំកូនតូចទៅមន្ទីរពេទ្យសម្រាកព្យាបាល។
ក្រោយពេលកើតហេតុ ដោយសារតែជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅស្គន់ ទើបសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី១ បានប្រគល់ជនសង្ស័យទៅឱ្យខាងសមត្ថកិច្ចស្រុកស្គន់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕