Thursday, January 16, 2025
Homeព័ត៌មានជាតិសោភា អូននៅទីណា? បាត់អូន បងនាំកូនទួញយំប្តឹងសមត្ថកិច្ច

សោភា អូននៅទីណា? បាត់អូន បងនាំកូនទួញយំប្តឹងសមត្ថកិច្ច

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានរួមរស់នឹងគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសចំនួន២នាក់ ជាចំណងនិស្ស័យ លុះនៅសុខៗក៏ឮប្រពន្ធនិយាយទូរស័ព្ទជាមួយមនុស្សប្រុស លុះប្តីសួរក៏ឆ្លើយថាច្រឡំលេខ ស្រាប់តែស្អែកឡើង ស្ត្រីជាប្រពន្ធចេញទៅធ្វើការរួចក៏បាត់ខ្លួនរហូតមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យបុរសជាប្តីភ័យឆោឡោ នាំកូនប្រុសទាំង២នាក់ មកទួញសោកយំរៀបរាប់ និងស្នើឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកប្រពន្ធរបស់ខ្លួនត្រឡប់មកផ្ទះវិញ។

ហេតុការណ៍បុរសបាត់ប្រពន្ធ នាំកូនមកទួញយំប្តឹងប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បុរសអភ័ព្វដែលបាត់ប្រពន្ធមិនដឹងទៅណា មានឈ្មោះវីរៈ អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលម្តុំលូ៥ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិរមៀត ឃុំកណ្តោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួនដោយគ្មានដំណឹង មានឈ្មោះសោភា អាយុ៣៦ឆ្នាំ មានស្រុកកំណើតក្នុងភូមិ-ឃុំជាមួយគ្នា។

បុរសអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា គាត់និងប្រពន្ធបានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ប្រពៃណី តាំងពីអំឡុងឆ្នាំ២០០៦មកម៉្លេះ ហើយគិតមកដល់សព្វថ្ងៃនេះ មានរយៈពេល១២ឆ្នាំមំកហើយ និងបានរួមរស់បង្កើតកូនប្រុសចំនួន២នាក់។ តាំងពីចាប់ដៃគ្នាសាងគ្រួសារមក ប្តីប្រពន្ធរបស់គាត់កម្រកើតមានជម្លោះនឹងគ្នាធំដុំណាស់ ច្រើនណាស់ត្រឹមមាត់តូចមាត់ធំដាក់គ្នាតិចតួច រួចក៏ស្ងាត់វិញទៅ តែពេលនេះ មិនដឹងថាប្រពន្ធខឹង អន់ចិត្តរឿងអ្វី ឬក៏ត្រូវអ្នកណាបោកបញ្ឆោតបែបម៉េចក៏មិនដឹង បែរជានៅសុខៗក៏បាត់ដំណឹងសូន្យឈឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ។

បុរសបាត់ប្រពន្ធខាងលើនេះ បានបន្តថា ក្រោយពីរួមរស់នឹងគ្នានៅស្រុកកំណើត មិនមានការងារអ្វីធ្វើច្បាស់លាស់ គ្មានចំណូលទប់ទល់ជីវភាព ទើបប្តីប្រពន្ធគាត់បានសម្រេចនាំគ្នា រួមទាំងកូនប្រុស២នាក់ទៀត ឡើងមកភ្នំពេញ ដើម្បីរកការងារធ្វើ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត ដោយបានមកជួលផ្ទះគេស្នាក់នៅម្តុំលូ៥ ហើយប្រពន្ធគាត់បានចូលទៅធ្វើការងាររោងចក្រ ចំណែកគាត់បានចូលទៅជាសន្តិសុខឯកជន ប្រឹងពួតដៃគ្នារកប្រាក់ដោះស្រាយជីវភាព និងរស់នៅប្រកបដោយសុភមង្គល ត្បិតថាជីវភាពមិនធូរធារដូចគេក្តី។

បុរសបាត់ប្រពន្ធរូបនេះ បានឱ្យដឹងទៀតថា លុះមកដល់មួយរយៈចុងក្រោយនេះ ប្រពន្ធរបស់គាត់ចេះតែមានមនុសប្រុសខលទូរស័ព្ទមកជួបរហូត តែគាត់មិនដឹងថាជាអ្នកណា ហើយត្រូវជាអ្វីនឹងគ្នាទេ គ្រាន់តែដឹងថា សំឡេងក្នុងទូរស័ព្ទជាមនុស្សប្រុស ប៉ុន្តែគាត់ក៏មិនចាប់អារម្មណ៍អ្វីណាស់ណាដែរ ព្រោះប្តីប្រពន្ធគ្នាជាង១០ឆ្នាំមកហើយ រឿងអីមិនទុកចិត្តគ្នាគ្រាន់តែរឿងប៉ុណ្ណឹង។ លុះថ្ងៃមួយ គាត់ដាច់ចិត្តសួរប្រពន្ធថា នរណាទូរស័ព្ទមក ស្រាប់តែប្រពន្ធបានឆ្លើយថា គេខលត្រឡំលេខ។ ក្រោយមក ដោយមានការសង្ស័យ គាត់ក៏ដូរទូរស័ព្ទឱ្យប្រពន្ធ ស្រាប់តែមានមនុស្សប្រុសខលមករកនាងដដែល។ រហូតដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រពន្ធរបស់គាត់ក៏រៀបចំខ្លួនចេញទៅធ្វើការដូចសព្វដង ដឹងអី! ដល់ល្ងាចឡើងត្រូវត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់ប្រពន្ធមិនឃើញមកផ្ទះ ទើបគាត់បានទូរស័ព្ទទៅរកប្រពន្ធ តែខលមិនចូល រហូតដល់ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅតែទាក់ទងមិនបាន និងមិនឃើញប្រពន្ធត្រឡប់មកផ្ទះវិញទៀត ទើបគាត់ព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធ ខ្លាចមានរឿងអ្វី ឬត្រូវគេបោកបញ្ឆោត លួងលោម ទើបប្រញាប់នាំកូនមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីរៀបរាប់ដំណើររឿងប្រាប់សមត្ថកិច្ចរួច បុរសអភ័ព្វខាងលើបានផ្តល់រូបថតប្រពន្ធ១សន្លឹក ឱ្យសមត្ថកិច្ច ដើម្បីជួយស្វែងរក រួចក៏នាំកូនចាកចេញទៅវិញ ទាំងអារម្មណ៍អស់សង្ឃឹម ព្រោះមិនដឹងប្រពន្ធឃ្លាតទៅដល់ណា មានវាសនាជួបគ្នាវិញទៀតឬអត់ក៏មិនដឹង៕

RELATED ARTICLES