Tuesday, April 30, 2024
Homeសង្គម និងជីវិតជាង១លានរៀល!!! មិនមានលុយគ្រប់ ហៅម៉ែឲ្យជួយ ព្រោះនាំគ្នាខារ៉ាអូខេផឹកស្រា៤៤ដប

ជាង១លានរៀល!!! មិនមានលុយគ្រប់ ហៅម៉ែឲ្យជួយ ព្រោះនាំគ្នាខារ៉ាអូខេផឹកស្រា៤៤ដប

ខេត្តតាកែវ ៖ យុវជនមួយក្រុមមានគ្នា៧នាក់ បាននាំគ្នាចូលហាងខារ៉ាអូខេផឹកស៊ីរាំច្រៀង ស្តាប់ភ្លេងគេងកើយភ្លៅ ឱបស្រីយ៉ាងសប្បាយ លុះក្រោយពីផឹកស្រវឹង ហៅបុគ្គលិកគិតលុយ ស្រាប់តែអស់ស្រាសាច់ដុំដបធំរហូតដល់ទៅ៤៤ដប បូករួមនឹងសាច់ក្លែមផង អស់ជាង១លានរៀល ធ្វើឱ្យស្វាងស្រាគ្រប់គ្នា ព្រោះអត់មានលុយគ្រប់ ក៏ទាក់ទងហៅម៉ែឪឱ្យមកជួយ បង្កឧមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចហាងខារ៉ាអូខេ យីហោ នាគរាំត្រីរាំ គីម លីន នៅចំណុចរ៉ារថភ្លើង តាមបណ្តោយផ្លូវខេត្ត លេខ២២ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់។

ក្រុមយុវជនដែលចូលផឹកស៊ីច្រៀងរាំសប្បាយក្នុងខារ៉ាអូខេ ចុងក្រោយទឹកភ្នែកហៅម៉ែមកជួយនេះ បានរៀបរាប់ប្រាប់ទាំងសុំមិន បញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកគេមានគ្នា៧នាក់ បានចូលទៅផឹកស៊ី រាំច្រៀងនៅក្នុងហាងខារ៉ាអូខេ យីហោ “នាគរាំត្រីរាំ គីម លីន”។ ដោយសារតែពួកគេមិនសូវសម្បូរធនធាន ទើបមិនហ៊ានហៅស្រាបៀរមកផឹកទេ ខ្លាចអស់លុយច្រើន ទើបនាំគ្នាហៅស្រាសាច់ដុំដបធំមកផឹក អស់ចំនួនជាង១០ដប ដោយគិតថាផឹកស្រាឆាប់ស្រវឹងហើយអស់លុយតិច។ ដឹងអី ក្រោយពីផឹកស៊ីចប់ ចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ហៅបុគ្គលិកហាងឱ្យគិតលុយ ស្រាប់តែពេលគេយកបុងមកហុចឱ្យមើល ក៏ឃើញថា អស់ជាង១លានរៀលឯណោះ ដំបូងឡើយ នឹកស្មានថាស្រវឹងពេក ព្រិលភ្នែកមើលមិនច្បាស់លើសសូន្យមួយ ស្រាប់តែពិនិត្យឱ្យច្បាស់លាស់ និងសួរទៅអ្នកគិតលុយទៅ ទើបដឹងថា ថ្លៃផឹកស៊ីរបស់ពួកគេទាំង៧នាក់ អស់រហូតដល់ទៅ១លាន៤សែនរៀលឯណោះ ពោលគឺជាង៣៥០ដុល្លារ ទើបធ្វើឱ្យពួកគេទាំង៧នាក់ ចាប់ផ្តើមស្វាងស្រា ភ្លឺភ្នែកចែសគ្រប់គ្នា។

ក្រុមយុវជនខាងលើបន្តថា នៅពេលសួរនាំថាហេតុអ្វីអស់ថ្លៃបែបនេះ ស្រាប់តែម្ចាស់ហាងខារ៉ាអូខេខាងលើ បានចូលមករ៉ាយរ៉ាប់ប្រាប់ថា ពួកគេ៧នាក់ បានផឹកស្រាសាច់ដុំអស់ចំនួន៤៤ដបធំ និងគិតទាំងគ្រឿងក្លែមទៀត សរុបទៅអស់១លាន៤សែនរៀល។ ភ្លាមនោះ ពួកគេបានលាន់មាត់ថា លោកព្រះ អ្នកណាផឹកស្រាអស់ច្រើនដបដល់ថ្នាក់ហ្នឹង ដែលតាមពិតពួកគេផឹកអស់ប្រមាណ១០ដបប៉ុណ្ណោះ ព្រោះពួកគេបានផឹកស៊ី មកពីក្រៅខ្លះហើយ ហើយបើគិតថា ៧នាក់ផឹកអស់ស្រា៤៤ដបធំ មានន័យថា ក្នុងម្នាក់ត្រូវផឹកអស់ដល់ទៅ៦ដប តើមិនរលួយថ្លើម ឬធ្លាយក្រពះ ងាប់អស់ទេអី?

ក្រុមយុវជនខាងលើ បានបញ្ជាក់ថា យ៉ាងណាក៏ពួកគេមិនអាចប្រកែកឈ្នះដែរ ព្រោះខាងម្ចាស់ហាង បានយកសម្បកដបស្រាមក ចាក់គរពីមុខឱ្យពួកគេមើល ដែលក្នុងនោះដបខ្លះស្ទើរនឹងច្រែះចាប់ ឬកាន់ស្លែអស់ទៅហើយ។ ទីបំផុត ពួកគេគ្មានលុយគ្រប់នោះទេ ព្រោះគិតថា មិនហ៊ានផឹកស្រាបៀរអស់លុយច្រើន ដឹងអីហៅស្រាមកផឹកបែរជាអស់លើសដើម។ បន្ទាប់មក នៅពេលដឹងថាពួកគេមិនមានលុយគ្រប់ ទើបម្ចាស់ហាងតម្រូវឱ្យពួកខ្លួនទុកម៉ូតូនៅក្នុងហាងហើយឱ្យទៅផ្ទះយកលុយពីឪពុកម្តាយមកសងទើបឱ្យយកម៉ូតូទៅផ្ទះវិញ។ លុះព្រឹកឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកខ្លួនបាននាំឪពុកម្តាយមកជួបម្ចាស់ហាង ដើម្បីដោះស្រាយគ្នា ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងសម្តែងការហួសចិត្តចំពោះម្ចាស់ហាងដែលរកស៊ីកេងបន្លំភ្ញៀវ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ មហាជនបានកើតមានចម្ងល់ថា តើពិតទេ យុវជន៧នាក់ ផឹកស្រាសាច់ដុំដបធំ អស់ដល់ទៅ៤៤ដប ត្រឹមពេលប៉ុន្មានម៉ោង បើពិតគឺអាចបំបែកកំណត់ត្រាពិភពលោកជាក់ជាមិនខាន ឬមួយជាល្បិចថៅកែហាង ដែលឆ្លៀតពេលឃើញភ្ញៀវស្រវឹង កាប់ សាច់ធ្វើស៊ី កោរមិនដាក់ទឹក? ហើយករណីបែបនេះមិនមែនជាលើកទី១ទេ សម្រាប់ហាងខារ៉ាអូខេមួយនេះ គឺមានភ្ញៀវធ្លាប់រអ៊ូរទាំច្រើនដងណាស់មកហើយ ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់ហាង ឬតំណាងខាងខារ៉ាអូខេ យីហោ “នាគរាំត្រីរាំ គីម លីន” បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES