Thursday, May 2, 2024
Homeព័ត៌មានជាតិប្តីប្រចណ្ឌពេក ដេកយំស្រណោះខ្លួន

ប្តីប្រចណ្ឌពេក ដេកយំស្រណោះខ្លួន

សុភមង្គលគ្រួសារ កើតឡើងពីសេចក្តីស្រលាញ់ ពោលគឺប្តីស្រលាញ់ប្រពន្ធខ្លាំង ឬប្រពន្ធស្រលាញ់ប្តី ខ្លាំង ប៉ុន្តែ បើស្រលាញ់ខ្លាំងពេក វាកើតទៅជា ការប្រចណ្ឌ នាំឱ្យប្រេះស្រាំសុភមង្គលគ្រួសារ។ យ៉ាងណាមិញ នារីម្នាក់នេះ ត្អូញត្អែរថា នាង យកប្តីប៉ះប្រុសពូកែប្រចណ្ឌ រហូតដល់នាង យំស្រណោះខ្លួនរាល់យប់ ពុំដឹងជាធ្វើយ៉ាងណាឱ្យប្តីបាត់ប្រចណ្ឌ…។

នាងជួន ស្រីម៉ៅ អាយុ២២ឆ្នាំ រស់នៅភូមិមុខរាហ៍២ ឃុំ មុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបរាប់ថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះសាន ជឿន អាយុ៤៧ឆ្នាំ។ តាំងពីធំដឹងក្តីមក នាងមិនបានចូលរៀននឹងគេទេ លុះពេញក្រមុំក៏ចេញទៅស៊ីឈ្នួលកាច់ពោត ច្រូតសណ្តែក ឱ្យគេ នៅតាមជាយដែន ខ្មែរ-ថៃ រកកម្រៃជួយគ្រួសារ។ កាលនោះ នាង បានទៅដល់ចម្ការដំឡូងមួយកន្លែង នៅខេត្តប៉ៃលិន ក៏ព្យាយាម រកប្រាក់តាមកម្លាំងជាស្រី រួមជាមួយកម្មកររាប់សិបនាក់កាត់មក ពីខេត្តផ្សេងគ្នា។ នាងទៅធ្វើការបានមួយរយៈ ក៏ស្គាល់កំលោះម្នាក់ ឈ្មោះឌឿង អុល អាយុបងនាង៦ឆ្នាំ គេមកធ្វើការក្នុងចម្ការនោះ ដែរ ឱ្យតែមានពេលទំនេរ គេតែងមកអង្គុយជិតនាង ព្យាយាមសាសងអន្ទងចិត្ត ធ្វើឱ្យនាងយល់បានថា គេស្រលាញ់នាងហើយ ប៉ុន្តែ នាងត្រូវប្រយ័ត្នដែរ ក្រែងប៉ះប្រុសព្រាន បោកប្រាស់។ តាមពិត កំលោះនេះ មានចរិតស្លូតបូត សុភាពរាបសា មិនចេះស៊ីផឹកអ្វីទេ គេប្រសប់លួងលោម នាងណាស់ រហូតធ្វើឱ្យនាងយល់ថា គេមិនមែនជាប្រុសព្រាននោះទេ។

នាងជួន ស្រីម៉ៅ និងប្តី ជាមួយកូន

ស្រីម៉ៅ បន្តទៀតថា ស្គាល់ចិត្តថ្លើមគ្នារយៈពេល២ខែ នាងមិនទាន់ហ៊ានឱ្យគេប៉ះពាល់ទេ ព្រោះខ្លាច ខុសអារក្សអ្នកតានៅតំបន់ព្រៃប៉ៃលិន គ្រាន់តែប្រាប់ថា បើគេស្រលាញ់នាងស្មោះឱ្យចូលសួរដល់ម្តាយនាង ទៅ។ កំលោះនេះក៏ឆ្លើយថា បើចូលដល់ម៉ែ លុះត្រាតែមានលុយរៀបការ តែពេលនេះ គេគ្មានលុយទេ បើ នាងនៅតែបង្គាប់បែបនេះ គេអស់សង្ឃឹមហើយ។ ឮការត្អូញត្អែរបែបនេះ ធ្វើឱ្យនាងអាណិតគេធ្ងន់ទៅៗ រហូត ដល់លែងគិតពីរឿងរៀបការ ក៏សុខចិត្តបូជាព្រហ្មចារីឱ្យគេទៅ។ ភាពទុំមុនស្រគាលនេះ ក៏លេចឮទៅដល់ ម្តាយនាង ទើបគាត់បង្ខំប្រុសថ្លៃនេះ ឱ្យចូលខ្លួនរៀបការតាមប្រពៃណី ប៉ុន្តែ ដោយសារគ្មានប្រាក់ ទើបពួកនាងបានត្រឹមតែសែនព្រេនមួយព្រឹក បំពេញភ្នែកញាតិ ប៉ុណ្ណោះជាការស្រេច។

លោកឌឿង អុល

ស្រីម៉ៅ បន្តទៀតថា តាំងពីចាប់ដៃគ្នាមក នាង ស្រលាញ់ប្តីណាស់ បានទាំងផ្តល់កំណើតកូនប្រុសមួយ ឱ្យប្តីនេះពទៀតផង ជាមួយនឹងមុខរបរធ្វើស្រែចម្ការ និងស៊ីឈ្នួលជួលព័ទ្ធគេ។ ប្តីនាងតែងចេញទៅធ្វើការ តាំងពីព្រលឹមទល់ព្រលប់ ទើបចូលផ្ទះ ស្រាប់តែ បែកគំនិតចេះស៊ីផឹកមិត្តភក្តិបនភឿន តែងបង្ករឿង ជាមួយនាងមិនឈប់ឈរ។ គេចោទនាងថា ធ្វើតែខ្លួន ផាត់ក្រែមថែមម្សៅបង្អួតប្រុសៗ ហើយថា នាងមាន សហាយ លុះនាងតបតវិញ ក៏ផ្ទុះជម្លោះ រកសុភមង្គល មិនឃើញ។ ភាពល្អូកល្អិនដែលធ្លាប់តែមានមកពីមុន ក៏រលាយបាត់អស់រលីង ទើបនាងដឹងខ្លួនថា យកប្តី ខុសអស់ ថ្ងៃណាក៏នាងយំស្រណោះខ្លួនដែរ។

នាងជួន ស្រីម៉ៅ និងកូន

ដោយឡែក លោកឌឿង អុល អាយុ២៨ឆ្នាំ ជាប្តីបានឱ្យដឹងថា រូបលោកជាកូនកសិករនៅចុងកាត់ មាត់ញក មិនបានរៀនសូត្រអ្វីទេ ពេលធំពេញកំលោះ ដឹងតែដើរស៊ីឈ្នួលជួលព័ទ្ធគេគ្រប់ច្រកល្ហក។ មុន ដំបូង លោកមិនចេះស្រលាញ់ស្រីណាទេ ទោះជាមាន ក្រមុំៗក្នុងភូមិឱ្យដៃក៏ដោយចុះ លុះចេញទៅរកស៊ី ដកដំឡូងឱ្យគេនៅខេត្តប៉ៃលិន ក៏បានជួបនាងស្រីម៉ៅ ក៏បាក់ចិត្តស្រលាញ់នាងស្ទើរបាត់មុខមិនបាន។ តាំងពី នាងបានកូន១មក លោកមើលទៅនាងចេះតែស្អាតទៅៗ ទើបមិនចង់ឱ្យនាងដើរលេងផ្ទះគេ ប៉ុន្តែដោយសារ នាងរឹងចចេសពេក ក៏ទាស់គ្នាជាហូរហែ។ ពេលលោក ខឹងនាងម្តងៗ គឺមិនខ្ចីពាល់ជាដាច់ខាត ធ្វើឱ្យនាងអាក់អន់ចិត្តថា ប្តីមិនស្រលាញ់ ទើបនាងបង្អត់លោកវិញ ស្មើទៅស្មើមកតែពីរឿងយប់ព្រលប់ហ្នឹង។ លុះដល់ នាងមិនឱ្យប្តីប៉ះពាល់អ៊ីចឹង លោកមិនដឹងធ្វើម៉េចក៏ ចោទនាងថា ទុកអាម្តុំហ្នឹងឱ្យសហាយ ដែលតាមពិត លោកថាឱ្យតែរួចពីមាត់ប៉ុណ្ណោះ ដើម្បីកេងចំណេញ មកវិញ។ ទោះយ៉ាងណា លោកនឹងព្យាយាមកែខ្លួន ឈប់ពោលពាក្យមិនគប្បីដាក់នាងទៀតហើយ ប៉ុន្តែ ត្រូវប្រពន្ធចេះកែខ្លួនដែរ ឱ្យស្មើភាពគ្នា។

លោកយាយហែម ង៉ា

អ្នកស្រីសាន់ ជឿន អាយុ៤៧ឆ្នាំ និងលោកយាយហែម ង៉ា អាយុ៨៣ឆ្នាំ ជាម្តាយ និងជាជីដូន ខាងស្រី បានឱ្យដឹងស្របគ្នាថា តាមពិត ពួកគេលួច ស្រលាញ់គ្នាទុំមុនស្រគាលនៅចម្ការដំឡូង ធ្វើឱ្យ ពួកគាត់ភ័យខ្លាចខុសច្បាប់ ក៏ហៅមកសែនព្រេនឱ្យ ទៅ។ ពួកគេធ្លាប់ស្បថសច្ចា ស្លាប់រស់ជាមួយគ្នា មិន អាចបំបែកបានឡើយ ទោះជាខាងប្រុសក្រីក្រយ៉ាងណា ក៏កាត់ទឹកមិនដាច់ កាត់សាច់មិនបាន។ ទីបំផុត លុះបង្កើតបានកូន១ ថ្ងៃណាក៏ឮតែឈ្លោះគ្នាតែពីរឿង យប់ព្រលប់ រំខានដល់ចាស់ទុំ។ ពួកគាត់តែងតែអប់រំ ណែនាំកូនចៅឱ្យចេះយោគយល់គ្នា ប៉ុន្តែ អាប្រុស បែកគំនិតចេះផឹកស៊ី លុះប្រពន្ធមិនឱ្យលូកលាន់ ក៏ ចេះប្រចណ្ឌ ទើបរកសុខមិនឃើញនឹងគេ។

អ្នកស្រីសាន់ ជឿន

គួរបញ្ជាក់ថា សុភមង្គលប្តីប្រពន្ធថ្មីថ្មោង បើ ខ្វះការយោគយល់គ្នា ច្បាស់ជាប្រេះស្រាំមិនខាន ដែលអ្វីផ្តើមចេញពីប្តីមកពីផឹកវិញ តណ្ហាឡើងដល់ ចំណុះ ក៏សុំប្រពន្ធរួមភេទ។ លុះប្រពន្ធស្អុយស្រាពេក មិនព្រមឱ្យ ធ្វើឱ្យភាគីប្តីខឹងសម្បា ចោទប្រពន្ធថា មានសហាយស្មន់ បានជាមិនព្រមរួមមេត្រីជាមួយ ប្តី។ ឯប្រពន្ធមិនចេះពិចារណាថាប្តីប្រចណ្ឌ ក៏មាន ទំនាស់សតិអារម្មណ៍ បែកបាក់សាមគ្គីគ្នា បើរកដើម ភ្លើង គឺមកពីសុរានេះឯង។ ហេតុនេះគ្រួសារខាងលើ បើចង់ស្តារសុភមង្គលមកវិញ លុះត្រាតែប្តីកាត់ បន្ថយការស៊ីផឹក ទើបប្រពន្ធព្រមរួមមេត្រី នាំភាពត្រជាក់ត្រជំមកវិញ តែបើប្តីលះបង់រឿងស៊ីផឹក មិនបាន ចៀសលែងលះគ្នាមិនរួចទេទៅអនាគត”…៕

RELATED ARTICLES