Thursday, January 16, 2025
Homeព័ត៌មានជាតិប្រពន្ធសម្ងំសោយសុខជាមួយប្តីគេ ប្តីដេកឱបកូន ស្តាយសាច់សខ្ចី

ប្រពន្ធសម្ងំសោយសុខជាមួយប្តីគេ ប្តីដេកឱបកូន ស្តាយសាច់សខ្ចី

ភ្នំពេញ ៖ បុរសម្នាក់នេះ បានរួមរស់ជាមួយនឹងប្រពន្ធវ័យក្មេងអស់រយៈពេលជិត១០ឆ្នាំយ៉ាងមានសេចក្តីសុខ ស្រាប់តែប្រពន្ធក្មេងបែកគំនិត ក៏វេចបង្វេចចុះចោលប្តីទៅតាមប្រុសថ្មីបាត់ និងថែមទាំងបន្សល់ទុកកូន២នាក់ឱ្យប្តីមើលថែចិញ្ចឹមទាំងលំបាកវេទនា ធ្វើឱ្យបុរសជាប្តីដេក ឈឺចិត្តស្អិតទ្រូង ស្តាយស្រណោះតែសាច់សខ្ចី ដែលធ្លាប់បីបមថ្នាក់ថ្នមរាល់យប់ មិនគួរណាបានធ្លាក់ទៅដល់ដៃប្រុសថ្មីសោះ។

បុរសប្រពន្ធក្មេងរត់ចោល បន្សល់ទុកកូន២នាក់ឱ្យចិញ្ចឹមនេះ មានឈ្មោះជា កូ អាយុ៥៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកស្ត្រីជាប្រពន្ធដែលដាច់ចិត្តចុះចោលប្តីនិងកូន២នាក់ ដោយគ្មានអាល័យ មានឈ្មោះហុន ស្រីឡែន អាយុជាង២៥ឆ្នាំ សព្វថ្ងៃមិនដឹងជាសម្ងំរស់នៅសោយសុខជាមួយប្រុសស្នេហ៍ជាប្តីគេ នៅឯណាទេ។

បុរសអភ័ព្វស្នេហ៍ដែលត្រូវប្រពន្ធរត់ចោលទៅរកប្រុសថ្មីបាត់ បានរៀបរាប់ប្រាប់ថា គាត់គឺជាកូនកំព្រា ត្រូវឪពុកម្តាយស្លាប់ចោលអស់ រស់នៅតែ២នាក់ប្អូនស្រី លុះក្រោយមកប្អូនស្រីពេញវ័យក្រមុំ មានប្តីសីរួច ក៏បែកផ្ទះចេញទៅរស់នៅជាមួយប្តីបាត់ទៅ ទុកឱ្យគាត់រស់នៅតែលតោលម្នាក់ឯង កំព្រារងាឯកា។ ក្រោយមក ក៏មានចាស់ទុំក្នុងភូមិ ពិសេសស្ត្រីម្នាក់ជាម្តាយមីងរបស់នាងហុន ស្រីឡែន បានណែនាំផ្គូរផ្គងក្មួយស្រីរបស់គាត់ មកឱ្យគាត់ធ្វើជាប្រពន្ធ ទីបំផុតពួកគាត់ទាំង២នាក់ បានបាក់ចិត្តលង់ស្រលាញ់គ្នារៀងខ្លួន រហូតឈានដល់ការរៀបការរួមរស់នឹងគ្នាជា ប្តីប្រពន្ធរហូតមក។ ត្បិតថា ជីវភាពគាត់មិនសូវជាធូរធារដូចគេ ប៉ុន្តែគាត់ក៏មានដីធ្លី ផ្ទះសំប្បែង ស្រែចម្ការសមល្មមអាចប្រកបរបរចិញ្ចឹមជីវិត បានដោយមិនចាំបាច់ចេញទៅធ្វើការ ស៊ីឈ្នួលគេនៅស្រុកឆ្ងាយឡើយ។

បុរសអភ័ព្វខាងលើ បន្តថា ក្រោយពីរួមរស់នឹងគ្នា អស់រយៈពេលជិត១០ឆ្នាំរួចមក ប្រពន្ធគាត់ក៏បង្កើតកូនប្រុសបាន២នាក់ជាចំណងនិស្ស័យ ហើយប្តីប្រពន្ធគាត់រស់នៅស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ តស៊ូផ្តាច់ប្តូរស៊ីអត់ស៊ីឃ្លានជាមួយគ្នារហូតមក ដោយមិនធ្លាប់មានគំនិតបែក បែរដាក់គ្នាឡើយ ចំណែកគាត់ពិតជាស្រលាញ់ប្រពន្ធនេះណាស់ ព្រោះនាងក្រៅពីមានវ័យក្មេងហើយ នៅមានសាច់សខ្ចី ធ្វើឱ្យគាត់ជាប្តីគ្រឺតខ្នាញ់រាល់ថ្ងៃ។ លុះចូលមកដល់អំឡុងឆ្នាំ២០១៥ ស្រាប់តែម្តាយមីងរបស់ប្រពន្ធ ដែលដើមឡើងចាក់ចេកចាក់ស្ករ ធ្វើជាមេអណ្តើកឱ្យពួកគាត់ទាំង២នាក់បានគ្នាជាប្តីប្រពន្ធ បែរជាប្រកាន់ខឹងនឹងគាត់ពីរឿងអ្វីមិនដឹង ក៏កើតមានចិត្តស្អប់ចងគំនុំ ហើយមួយថ្ងៃៗ ចេះតែចាក់ដោតប្រពន្ធរបស់គាត់ ថាគាត់មិនល្អអ៊ីចេះ១ អ៊ីចេះ២ តែដំបូងឡើយប្រពន្ធរបស់គាត់ មិនស្តាប់តាមសម្តីម្តាយមីងនោះឡើយ ប៉ុន្តែមិនខុសពីទឹកស្រក់លើថ្មនោះទេ មួយថ្ងៃស្រក់តែ១តក់ៗ រឿងអីយូរទៅថ្មីមិនសឹក មិនក្រហូង។ ចំណែកប្រពន្ធគាត់ ក៏លង់ជឿសម្តីម្តាយមីងនោះ ចាប់ផ្តើមផ្លាស់ប្តូរចរិតដាក់ប្តី លែងឱ្យប៉ះសូម្បីចុងដៃ មុខមិនឱ្យក្រោយមិនបែរ ធ្វើឱ្យសម្ព័ន្ធភាពប្តីប្រពន្ធគាត់ចាប់ផ្តើមប្រេះឆា មើលមុខគ្នាលែងចំ ហើយទោះជាគាត់ជាប្តី ប្រឹងធ្វើល្អ អង្វរលន់តួប្រពន្ធយ៉ាងណា ក៏ប្រពន្ធមិនត្រូវចិត្តសោះ។

បុរសអភ័ព្វប្រពន្ធរត់ចោលរូបនេះ បានឱ្យដឹងទៀតថា ទីបំផុត នៅថ្ងៃមួយ ក្នុងអំឡុងឆ្នាំ២០១៥នោះ ប្រពន្ធរបស់គាត់ក៏ដាច់ចិត្តវេចបង្វេចចុះចោលផ្ទះ ដោយបោះបង់ចោលគាត់ជាប្តី រួមនឹងកូនប្រុសទាំង២នាក់ដោយគ្មានស្តាយស្រណោះសូម្បីប៉ុនចុងក្រចក គ្រារួមស្នេហ៍ជិត១០ ឆ្នាំក្លាយជាអាសារបង់អស់ រហូតដល់នាងចាកចេញពីគាត់ដោយគ្មានពាក្យលាមួយម៉ាត់។ គាត់ដឹងថា ប្រពន្ធនេះ បានចុះចោលគាត់ទៅតាមប្រុសថ្មីម្នាក់ ដែលតាមពិតគេនោះ គឺជាមនុស្សប្រុសមានប្រពន្ធកូនរួចទៅហើយ តែមិនដឹងជាយ៉ាងម៉េច ធ្វើឱ្យប្រពន្ធគាត់ងុបងល់បែបនេះ។ ចំណែកគាត់ ក៏តូចចិត្តដែរ ព្រោះគ្មានប្រុសឯណាសប្បាយចិត្តពេលប្រពន្ធរត់ចោលទេ ប៉ុន្តែអ្វីដែលគាត់នឹកស្តាយបំផុត រហូតដល់ដេកឈឺចិត្តស្អិតទ្រូងនោះ គឺសាច់សខ្ចីរបស់ប្រពន្ធ ដែលគាត់ធ្លាប់ថ្នាក់ថ្នម ស្ទាបអង្អែលរាល់ថ្ងៃ មិនគួរណាធ្លាក់ទៅដល់ដៃប្រុសផ្សេងបែបនេះសោះ។

បុរសអភ័ព្វខាងលើ បានបញ្ជាក់ថា ពេលនេះគាត់ប្រឹងទាំងត្រដាបត្រដួស ដើម្បីតែកូន២នាក់ប៉ុណ្ណោះ និងសច្ចាក្នុងចិត្តថា នឹងប្រឹងបីបាច់ ចិញ្ចឹមកូន ឱ្យក្លាយជាមនុស្សល្អ មានចំណេះវិជ្ជា មានការងារធ្វើល្អ អាចចិញ្ចឹមជីវិតខ្លួនឯង ឱ្យរស់នៅក្នុងអនាគតភ្លឺស្វាង។ ចំណែកប្រពន្ធក្មេង សាច់ខ្ចីនោះ ចង់ទៅដល់ណា ក៏គាត់លែងខ្វល់ដែរ ព្រោះគាត់ចាប់ផ្តើមធ្វើចិត្តទទួលយកការពិតបានហើយ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីនាងហុន ស្រីឡែន ជាភរិយាលោកជា កូ បាននៅឡើយទេ ដោយមិន ដឹង ថានាងចេញទៅរស់នៅឯណា។ យ៉ាងណាយើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES