Friday, January 31, 2025
Homeសន្ដិសុខសង្គមសាហាវណាស់! គប់គ្រាប់បែកចូលតូបចាប់ហួយទាំងកណ្តាលយប់

សាហាវណាស់! គប់គ្រាប់បែកចូលតូបចាប់ហួយទាំងកណ្តាលយប់

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគប់គ្រាប់បែកច្នៃ ចូលក្នុងតូបលក់ចាប់ហួយមួយកន្លែង បណ្តាលឱ្យស្ត្រីជាម្ចាស់តូបចាប់ហួយ រងរបួស កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។

ជនសង្ស័យដៃដល់ ដែលធ្វើសកម្មភាពគប់គ្រាប់បែកចូលតូបលក់ចាប់ហួយ ប៉ងផ្តាច់ជីវិតមនុស្ស និងត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាននេះ មានឈ្មោះវ៉ាន់ តឿ អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះជួន ឈុន អាយុ៤៨ឆ្នាំ មុខរបរលក់ចាប់ហួយ រងរបួសស្រាលត្រង់កជើង ភ្លៅ និងផ្ទៃមុខ។ រីឯបុរសជាប្តីឈ្មោះឌី ភិច អាយុ៥៥ឆ្នាំ មុខរបរលក់ឥវ៉ាន់ចាបហួយជាមួយគ្នា មិនមានរងរបួសអ្វីទេ។ ក្រុមគ្រួសារស្ត្រីរងគ្រោះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ក្រោយកើតមានករណីឃាតកម្មតែមិនបានសម្រេច (គប់គ្រាប់បែកឆ្នៃ) កាលពី យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញផែនព្រហ្មទណ្ឌ ចុះធ្វើការ ស៊ើបអង្កេតស្រាវជ្រាវករណីខាងលើនេះ រហូតដល់កំណត់បានថា នេះជាករណីគំនុំ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ាន់ តឿ បានកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

ប្រភពដដែលបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានចុះឆែកឆេរផ្ទះជនសង្ស័យ និងបានរកឃើញគ្រាប់បែកដៃលាក់ទុកចំនួន១គ្រាប់ កាំភ្លើងកែឆ្នៃចំនួន១ដើម និងរំសេវពណ៌ខ្មៅសម្រាប់ ឆ្នៃគ្រាប់១ដប M150 ទម្ងន់ ១០ក្រាមចំនួន១។

គួររំលឹកថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីប៉ុនប៉ងឃាតកម្មមួយបានកើតឡើង នៅចំណុចតូបលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដោយប្តីប្រពន្ធអ្នកលក់ចាប់ហួយ២នាក់ កំពុងដេកលង់លក់ក្នុងតូបលក់ចាប់ហួយរបស់ខ្លួន ស្រាប់តែពាក់កណ្តាលយប់ ក៏មានជនសង្ស័យមិនស្គាល់មុខ បានធ្វើសកម្មភាពគប់គ្រាប់បែក១គ្រាប់ ចូលក្នុងតូបលក់ចាប់ហួយ បណ្តាលឱ្យផ្ទុះលាន់ឡើងកក្រើក និងបង្កឱ្យស្ត្រីជាម្ចាស់តូបរងរបួស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលមនុស្សម្នាកំពុងដេកលង់លក់ ចំណែកស្ត្រីរងគ្រោះនិងប្តី កំពុងដេកនៅក្នុងតូបលក់ចាប់ហួយរបស់ខ្លួន ស្រាប់តែលេចមុខជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានយកគ្រាប់បែកមកគប់ចូលតូបលក់ចាប់ហួយរបស់ស្ត្រីរងគ្រោះ បណ្តាលឱ្យផ្ទុះយ៉ាងកក្រើក និងបង្កឱ្យស្ត្រីរងគ្រោះជាម្ចាស់តូបចាប់ហួយ រងរបួសត្រង់កជើង ភ្លៅ និងផ្ទៃមុខ ចំណែកបុរសជាប្តី មិនទទួលរងរបួសអ្វីទេ ចំណែកឥវ៉ាន់ចាប់ហួយនៅក្នុងតូប បានទទួលរងការខូចខាតស្ទើរទាំងស្រុង។ ចំណែកជនសង្ស័យមិនស្គាល់មុខ បានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។ ប៉ុន្តែទីបំផុត ឈាមស្រែកស្បែកហើយ ជនសង្ស័យដែលប៉ុនប៉ងគប់គ្រាប់បែកចូលផ្ទះសម្លាប់មនុស្សខាងលើ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីព្យាយាមរត់គេច អស់រយៈពេលជិត១០ថ្ងៃ ហើយពេលនេះ កំពុងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES