Thursday, January 16, 2025
Homeសង្គម និងជីវិតក្មេងស្ទាវ២នាក់ ក្លែងខ្លួនជាសង្ឃ សម្ងំជក់ថ្នាំញៀន

ក្មេងស្ទាវ២នាក់ ក្លែងខ្លួនជាសង្ឃ សម្ងំជក់ថ្នាំញៀន

ខេត្តកំពត ៖ យុវជនឈាមរាវ២នាក់ មិនដឹងជាទៅទិញស្បង់ចីវរ ឬដើរលួចស្បង់ចីវរពីព្រះសង្ឃនៅក្នុងវត្តណាមិនដឹង ស្រាប់តែយកមក គ្រង (ស្លៀក) រួចកោរសក់ បន្លំខ្លួនធ្វើជាសង្ឃ ហើយនាំគ្នាទៅសម្ងំជក់ថ្នាំញៀន រហូតមានអ្នកភូមិប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះក្របួចជាប់ កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ។

ជនសង្ស័យទាំង២នាក់ ដែលស្លៀកស្បង់បន្លំធ្វើព្រះសង្ឃ រួចបែរទៅសម្ងំជក់ថ្នាំញៀននេះ រួមមាន ទី១-ឈ្មោះកែវ រ៉ាវុធ អាយុ២០ឆ្នាំ មានលំនៅក្នុងភូមិអូរម្កាក់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ និងទី២-ឈ្មោះម៉ន ស៊ើង អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា ប្រទះឃើញនេន២អង្គ កំពុងសម្ងំប្រើប្រាស់ថ្នាំញៀននៅចំណុចកើតហេតុខាងលើ។ ភ្លាមនេះ កម្លាំងសមត្ថកិច្ចជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអង្គរ ជ័យ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួននេនទាំង២នាំយកមកសាកសួរ។

ក្រោយសួរនាំទើបអ្នកទាំងពីរ បានឆ្លើយសារភាពថា តាមពិតពួកគេទាំង២នាក់ មិនមែនជាសង្ឃនោះទេ ដោយគ្រាន់តែយកស្បង់ចីវរមកគ្រង រួចនាំគ្នាសម្ងំជក់គ្រឿងញៀនប៉ុណ្ណោះ ហើយក៏ត្រូវសមត្ថកិច្ចចុះមកចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES