Thursday, January 16, 2025
Homeសង្គម និងជីវិតគូស្នេហ៍៥ឆ្នាំ ផ្ទុះជម្លោះ ប្រុសវ៉ៃស្រី១កែងបែកច្រមុះ

គូស្នេហ៍៥ឆ្នាំ ផ្ទុះជម្លោះ ប្រុសវ៉ៃស្រី១កែងបែកច្រមុះ

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង១គូ ជិះម៉ូតូដឹកគ្នាតាមផ្លូវសុខៗ ក៏កើតមានជំលោះតឹងសរសៃក រហូតដល់ ខាងប្រុសខឹងពេក គ្រវាស១កែង ចំក្តោងច្រមុះខាងស្រីដែលកំពុងអង្គុយពីក្រោយ បណ្តាលឱ្យបែកឈាមហូរពេញផ្ទៃមុខ ជាហេតុធ្វើឱ្យខាងស្រី កើតទុក្ខមិនសុខចិត្តលោតចុះពីលើ ម៉ូតូយំរៀបរាប់ថា មិនគួរណាស្នេហា៥ឆ្នាំ ត្រូវមកប្រេះស្រាំ និងត្រូវខាងប្រុសវ៉ៃ១កែងបែកច្រមុះបែបនេះសោះ។

ហេតុការណ៍គូសង្សារផ្ទុះជំលោះ រហូតខាងប្រុសជ្រុលដៃវ៉ៃស្រី១កែងបែកច្រមុះនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ត្រង់ចំណុចក្បែរម៉ាតតេលា ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញគូសង្សារវ័យក្មេង១គូ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ ធ្វើដំណើរឌុបគ្នាតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ខាងលើ អ្នកទាំង២ ក៏កើតមានទំនាស់តឹងសរសៃកដាក់គ្នា តែគ្មានអ្នកណាដឹងថា ពួកគេឈ្លោះគ្នាពីរឿងអ្វីទេ។ បន្ទាប់មកខាងបុរសដែលជាប្រុស ស្នេហ៍បានវាសកែងដៃមកខាងក្រោយ ត្រូវចំច្រមុះស្រីស្នេហ៍ ដែលអង្គុយពីក្រោយ បណ្តាលឱ្យហូរឈាមពេញមុខ រួចបុរសជាសង្សារបានជិះម៉ូតូ គេចបាត់ទៅ។

ប្រភពដដែលបន្តថា លុះពេលជិះម៉ូតូទៅចោលសង្សារមួយសន្ទុះ ទើបគេឃើញបុរសខាងលើ ជិះម៉ូតូត្រឡប់មកវិញ ហៅនារីរងគ្រោះ ឱ្យឡើងជិះម៉ូតូជាមួយ ព្រោះខ្លាចគេថតរូបយកទៅបង្ហោះហ្វេសប៊ុក តែខាងស្រីមិនព្រមទៅ ទើបខាងប្រុសជិះម៉ូតូចេញបាត់ទៅ។

តាមសម្តីនារីរងគ្រោះ មានវ័យ២០ឆ្នាំ បានរៀបរាប់ទាំងសុំមិនបញ្ចោញឈ្មោះថា នាងមានស្រុកកំណើតនៅខេត្តតាកែវ ចំណែកយុវជន ដែលបានប្រើអំពើហិង្សា វ៉ៃនាង១កែង បែកច្រមុះនេះ គឺជាសង្សាររបស់នាង ដែលតាមពិតទៅពួកគេបានស្រលាញ់គ្នាអស់រយៈពេល៥ឆ្នាំមកហើយ តែមិនទាន់បានរៀបការនឹងគ្នានៅឡើយ។

នារីរងគ្រោះ បានបន្តថា នៅមុនពេលកើតហេតុ រូបនាងបានមកញាំបាយនៅផ្ទះម្តាយមីងនៅម្តុំក្បែរវត្តស្ទឹងមានជ័យ លុះពេលញ៉ាំបាយ រួចក៏ខលហៅប្រុសស្នេហ៍ឱ្យមកទទួល លុះពេលកំពុងជិះម៉ូតូជាមួយគ្នាលើដងផ្លូវ ពួកនាងទាំង២ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា (តែមិនបញ្ជាក់ថារឿងអ្វីឱ្យពិតប្រាកដទេ) បន្ទាប់មកស្រាប់តែខាងប្រុសបានគ្រវាសកែងដៃ មកក្រោយ បណ្តាលឱ្យចំក្តោងច្រមុះរបស់នាង បែកហូរឈាមបែបនេះតែម្តង។

នារីរងគ្រោះបន្តថា ក្រោយពីធ្វើឱ្យនាងមានរបួសហើយ ប្រុសស្នេហ៍នោះបានឈប់ម៉ូតូ រួចជួយមើលរបួសនាង និងបានហៅនាងឱ្យឡើងម៉ូតូត្រឡប់ទៅផ្ទះវិញដែរ តែនាងខឹងប្រុសស្នេហ៍ពេក ទើបមិនព្រមឡើងម៉ូតូជាមួយ ធ្វើឱ្យប្រុសស្នេហ៍ខឹងផង ណាមួយខ្លាចគេថតរូបបង្ហោះហ្វេសប៊ុកខ្មាសគេផង ទើបបើកម៉ូតូចេញទៅចោលនាងបាត់ ទុកឱ្យនាងនៅតែម្នាក់ឯង និងខលហៅម្តាយមីងមកទទួលនាំទៅពេទ្យ។

ក្រោយកើតហេតុ គេឃើញស្ត្រីជាម្តាយមីងរបស់នារីរងគ្រោះ បានមកដល់ រួចដឹកក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលបាត់ទៅ៕

RELATED ARTICLES