ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានទទួលយកបុរសវ័យក្មេងម្នាក់ជាប្តីដោយមិនបានសែនព្រេន ឬរៀបការអ្វីទាំងអស់ នឹករំពឹងថានឹងបានរួមរស់ប្រកបដោយសុភមង្គល ដឹងអី ប៉ះចំប្តីក្មេងពូកែតែរឿងដើរផឹក និងបង្ខំរួមរ័ក លុះពេល ប្រពន្ធប្រកែកម្តងៗ ក៏ចាប់ផ្តើមរក រឿងឈ្លោះប្រកែក ប្រើហិង្សាវាយដំបណ្តាលឱ្យរងរបួសជាំសុសខ្លួន រហូតដល់ស្ត្រីចំណាស់ជាប្រពន្ធទ្រាំទ្រលែងបាន ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនប្តីកំណាច យកទៅចាត់ការតាមច្បាប់។
ប្តីកំណាចដែលធ្វើសកម្មភាពវាយដំបង្ខំប្រពន្ធរួមភេទ រហូតប្រពន្ធទ្រាំលែងបានប្តឹងកម្លាំងអាវុធហត្ថឱ្យជួយអន្តរាគមន៍នេះ ត្រូវបានកម្លាំងអាវុធហត្ថ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិថ្នល់បំបែក ឃុំគោក រមៀត ស្រុកថ្មពួក។
ជនសង្ស័យជាប្តី ដែលប្រើហិង្សាវាយដំប្រពន្ធមិនឈប់ឈរនេះ មានឈ្មោះណា ដារិទ្ធ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះលឿង លិន អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធអ្នកទាំងពីរស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា រូបគាត់និងប្តីក្មេង (ជនសង្ស័យ) បានចាប់ដៃគ្នាជាប្តីប្រពន្ធមួយរយៈមកហើយ ប៉ុន្តែការរួមរស់ហាក់មិនសូវចុះសម្រុងនឹងគ្នាសោះ ដោយសារតែប្តីក្មេង ជាមនុស្សចូលចិត្តផឹកស្រា តែងដើរផឹកស៊ីស្រវឹងអួទីនួ រាល់ថ្ងៃ លុះពេលត្រឡប់មកដល់ផ្ទះវិញ ចេះតែបង្ខំឱ្យគាត់ជាប្រពន្ធបម្រើតណ្ហាមិនស្គាល់យប់ព្រលប់ លុះពេលមិនបានដូចបំណង ក៏រករឿងឈ្លោះប្រកែក ប្រើហិង្សាវាយដំគាត់ បណ្តាលឱ្យរងរបួសជាំពេញខ្លួន។
ពាក្យបណ្តឹងខាងលើបន្តថា មួយរយៈកន្លងមកនេះ ដោយយល់ថា ចង់ទុកពេលឱ្យប្តីក្មេងនេះកែខ្លួន ទើបគាត់មិនបានប្តឹងផ្តល់អ្វីទេ ប៉ុន្តែ យូរៗទៅ ប្តីនេះកាន់តែកោងកាចខ្លាំងលើសដើម ទើបគាត់ទ្រាំទ្រលែងបាន ក៏ដាច់ចិត្តដាក់ពាក្យបណ្តឹងឱ្យកម្លាំងអាវុធហត្ថជួយអន្តរាគមន៍ តែម្តង។
ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងអាវុធហត្ថស្រុកថ្មពួក បានចុះប្រតិបត្តិការភ្លាមៗ និងបានឃាត់ខ្លួន ជនសង្ស័យជាប្តីរបស់ ស្ត្រីជនរងគ្រោះនាំយកមកសាកសួរ។
នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ តែមិនបានសែនព្រេន ឬរៀបការអ្វី ប្រពៃណីនោះទេ ពោលគឺយកគ្នាដោយចិត្តនិងចិត្ត ហើយក៏រួមរស់នឹងគ្នាតែម្តង។ អំឡុងពេលរួមរស់នឹងគ្នានេះ ពួកគេទាំង២នាក់ប្តីប្រពន្ធ តែងផឹកស៊ីជាប្រចាំ ដោយប្រពន្ធចាស់នេះ ក៏ផឹកមិនចាញ់ខ្លួនជាប្តីដែរ ទើបធ្វើឱ្យឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតដល់រូបគេជ្រុលដៃ វាយតប់ប្រពន្ធទុកជាការព្រមានខ្លះទៅ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕